ឯកឧត្ដម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ មកពីធនាគារអភិវឌ្ឍន៍ចិន(CDB)

25-October-2019 | ដោយ ពលមនសិការ

ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីធនាគារអភិវឌ្ឍន៍ចិន ដឹកនាំដោយលោក Mei Shiwen នាយកចាត់ការទូទៅរបស់ CDB សាខាខេត្តក្វាងស៊ី។

ជាកិច្ចចាប់ផ្តើម លោក Mei Shiwen បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីសមិទ្ធផលសម្រេចបាន គួរឱ្យសម្គាល់នៅក្នុងកិច្ចសហប្រតិបត្តិការរយៈពេលកន្លងមក រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍ចិន (CDB) ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមាន ការរីកចម្រើន។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍ចិន(CDB) ដែល បានផ្តល់ហិរញ្ញប្បទានដល់គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ និងគម្រោងដទៃទៀតនៅកម្ពុជាឱ្យដំណើរការបានដោយរលូន។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យធនាគារCDB ពិនិត្យមើលកិច្ចសហប្រតិបត្តិការ បន្ថែមទៀតលើគម្រោងវិនិយោគចិននៅកម្ពុជាដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ការអភិវឌ្ឍកំពង់ផែ ការដឹកជញ្ជូនផ្លូវដែក និងប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង ជាពិសេសការដឹកជញ្ជូនតាមផ្លូវទឹក។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យធនាគារCDB ពិនិត្យលទ្ធភាពផ្តល់ការគំាទ្រផ្នែក ហិរញ្ញវត្ថុលើយុទ្ធនាការផ្សព្វផ្សាយសាធារណៈអំពីគ្រោះថ្នាក់ចរាចរណ៍ ការផ្សព្វផ្សាយតាមទូរទស្សន៍ពី ផលលំបាកនិងការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ យុទ្ធនាការចែកមួកសុវត្ថិភាពចរាចរណ៍ និងយុទ្ធនាការផ្សេងៗថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។

សូមជម្រាបជូនថា៖ ធនាគារអភិវឌ្ឍន៍ចិន (CDB) ជាធនាគារឯកជនរបស់រដ្ឋក្រោមការដឹកនាំផ្ទាល់ពី ក្រុមប្រឹក្សារដ្ឋចិន បច្ចុប្បន្នធនាគារCDB បានផ្តល់ហិរញ្ញប្បទានដល់គម្រោងធំៗចំនួនពីរនៅកម្ពុជាគឺ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងព្រលានយន្តហោះសៀមរាបថ្មី លើសពីនេះទៀត CDB ចាប់អារម្មណ៍ក្នុងការវិនិយោគលើអាកាសយានដ្ឋានភ្នំពេញថ្មី និងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែក្រុងព្រះសីហនុផងដែរ៕

 

 

ចំនួនអ្នកទស្សនា

    20550537

  • ថ្ងៃនេះ7121
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86201
  • ខែនេះ108081
  • ឆ្នាំនេះ108081
  • សរុប20550537