ឯកឧត្ដម យ៉ាណូស អាឌ័រ ប្រធានាធិបតីនៃប្រទេសហុងគ្រី និងភរិយា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា

25-October-2019 | ដោយ ពលមនសិការ

ភ្នំពេញ៖ តាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម យ៉ាណូស អាឌ័រ ប្រធានាធិបតីនៃប្រទេសហុងគ្រី និងភរិយា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៧-៣០ ខែតុលា ឆ្នាំ២០១៩។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដមប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

ឯកឧត្ដមប្រធានាធិបតី នឹងទទួលការចូលជួបសម្ដែងការគួរសមដាច់ដោយឡែកពីគ្នាដោយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមប្រធានាធិបតី នឹងមានជំនួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងជំនួបនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម នឹងត្រូវបានលើកយកមកពិភាក្សា។

ក្រៅពីនេះ ឯកឧត្ដមប្រធានាធិបតី និងភរិយា នឹងអញ្ជើញទៅទស្សនាប្រាសាទនានានៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួន នៅក្នុងខេត្តសៀមរាប។

ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់ឯកឧត្ដមប្រធានាធិបតី នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាពនិងជម្រៅនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕

 

ចំនួនអ្នកទស្សនា

    21031497

  • ថ្ងៃនេះ3301
  • ម្សិលមិញ3661
  • សប្តាហ៍នេះ3301
  • ខែនេះ112141
  • ឆ្នាំនេះ589041
  • សរុប21031497