នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ផ្ញើ​សារ​ថ្វាយព្រះពរ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​

28-October-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ តាំង​នាម​នគរបាល​ជាតិ​ទូ​ទាំង​ប្រទេស​ និង​ក្នុង​នាម​ទូលព្រះបង្គំ​ផ្ទាល់​សូម​ចូលរួម​អបអរសាទរ​ទិវា​ដ៏​មហា​នក្ខត្តឫក្ស​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ឱកាស​ ប្រារព្ធ​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​គម្រប់​ខួប​១៥​ឆ្នាំ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អង្គារ​ ០២​កើត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​។​

​អំឡុង​ពេល​១៥​ឆ្នាំ​ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ​ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ បាន​បំពេញ​ព្រះរាជកិច្ច​តាម​ព្រះរាជ​លំ​អាន​នៃ​ព្រះរាជ​បូជនីយកិច្ច​របស់​ ព្រះ​បរម​រតន​កោដ្ឋ​ ដោយ​ព្រះ​អង្គ​បាន​បំពេញ​ព្រះរាជ​តួនាទី​ប្រកបដោយ​បញ្ញាញាណ​ និង​ទសពិធរាជធម៌​ លះបង់​ព្រះ​កាយពល​ មិន​គិត​ពី​ការ​លំបាក​នឿយហត់​ដើម្បី​ភាព​ថ្កុំថ្កើង​រុងរឿង​របស់​ប្រទេស​ជាតិ​ និង​ការ​លើកកម្ពស់​កិត្យានុភាព​ជាតិ​ ឲ្យ​មានឈ្មោះ​ល្បី​រន្ទឺ​នៅ​លើ​ឆាក​អន្តរជាតិ​។​

​ក្រោម​ម្លប់​បារមី​ដ៏​ត្រជាក់ត្រជុំ​នៃ​អង្គ​ព្រះមហាក្សត្រ​ ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ប្រជារាស្ត្រ​ខ្មែរ​មានភ័ព្វ​សំណាង​រស់នៅ​ប្រកបដោយ​មោទនភាព​ មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ មាន​ជីវភាព​សម្បូរ​សប្បាយ​។​​ ​ជា​ថ្មី​ម្តងទៀត​ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់​គ្នា​សូម​សម្តែង​នូវ​កតញ្ញូតាធម៌​ថ្វាយ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​។​

​សូម​ព្រះ​អង្គ​ទ្រង់មាន​ព្រះ​កាយពល​មាំមួន​ ព្រះរាជ​សុខភាព​ល្អ​បរិបូ​ណ៍​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះ​វស្សា​ដើម្បី​គង់​ប្រថាប់​លើ​ព្រះ​បរម​រាជសម្បត្តិ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​រូប​ជា​យូរអង្វែង​តរៀង​ទៅ​។ ​សូម​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ព្រះ​មេត្តាប្រោស​ទទួល​នូវ​ការ​ក្រាប​បង្គំ​ទូល​ថ្វាយ​ដោយ​គារវភក្តី​ដ៏​ខ្ពង់ខ្ពស់​បំផុត​អំពី​ទូលព្រះបង្គំ​យើងខ្ញុំ​ ៕


ចំនួនអ្នកទស្សនា

    20550797

  • ថ្ងៃនេះ7381
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86461
  • ខែនេះ108341
  • ឆ្នាំនេះ108341
  • សរុប20550797