ប្រធានាធិបតី​សាធារណរដ្ឋ​ ហុង​ គ្រី​ សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​អភិវឌ្ឍ​និង​អរិយធម៌​ដ៏​រុងរឿង​របស់​កម្ពុជា​

28-October-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ក្នុង​ឱកាស​ជួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​ យា​ណូ​ស​ អា​ឌ័​រ​ (Janos​ Ader)​ ប្រធានាធិបតី​សាធារណរដ្ឋ​ហុង​គ្រី​ បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​បាន​លើក​ឡើង​ថា​ ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ប្រកបដោយ​វិបុលភាព​ ដោយ​មាន​អគារ​ខ្ពស់ៗ​ នា​ពេល​បច្ចុប្បន្ន​នេះ​ ជា​សញ្ញា​បង្ហាញ​ពី​អនាគត​ដ៏​ល្អ​របស់​កម្ពុជា​។​ ប្រទេស​ហុង​គ្រី​ សូម​ចូលរួម​អបអរសាទរ​ជាមួយ​វឌ្ឍនភាព​កម្ពុជា​។​ ជាមួយ​គ្នា​ ឯកឧត្តម​ប្រធានាធិបតី​បាន​ជម្រាប​ សម្តេច​ប្រធានរដ្ឋសភា​ថា​ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ អរិយធម៌​ដ៏​រុងរឿង​ និង​យូរលុង​មក​ហើយ​ ប្រាសាទ​អង្គរ​ ជា​អច្ឆរិយ​ដ៏​ល្អ​ឯក​មួយ​ ដែល​ពលរដ្ឋ​ហុង​គ្រី​ចង់​មក​ទស្សនា​ រួម​ទាំង​ខ្លួន​ឯកឧត្តម​ផង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ ឯកឧត្តម​ យា​ណូ​ស​ អា​ឌ័​រ​ ដែល​បាន​អញ្ជើញ​ មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​បាន​គូសបញ្ជាក់​ថា​ វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ប្រធានាធិបតី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​នៅ​ពេល​នេះ​ មាន​អត្ថន័យ​ជា​ ប្រវត្តិសាស្ត្រ​ និង​បាន​ផ្តល់​កិត្តិយស​យ៉ាង​ធំធេង​ដល់​ប្រជាជាតិ​កម្ពុជា​។​ រដ្ឋសភា​កម្ពុជា​ វាយតំលៃ​ខ្ពស់​ និង​ពេញចិត្ត​ ចំពោះ​វឌ្ឍនភាព​ នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ រវាង​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំង​ពីរ​ រួម​ទាំង​សមិទ្ធិ​ផល​នានា​ ដែល​ប្រមុខ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំង​ពីរ​ខិតខំ​រួម​គ្នា​សម្រេច​បាន​មកនេះ​។​

​សម្តេច​ប្រធានរដ្ឋសភា​ បាន​រម្លឹក​ថា​ ហុង​គ្រី​ គឺជា​មិត្ត​ចាស់​របស់​កម្ពុជា​ ដែល​ធ្លាប់​មានគុណ​បំណាច់​ដ៏​ធំ​ចំពោះ​កម្ពុជា​ កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​ បន្ទាប់​ពី​កម្ពុជា​ទើបបាន​រំដោះ​ពី​របប​ ប៉ុ​ល​ ពត​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ហុង​គ្រី​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ ក្នុង​ការ​ស្វែងរក​សន្តិភាព​ ជូន​កម្ពុជា​ ក្នុង​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ទៀត​ផង​៕


ចំនួនអ្នកទស្សនា

    20550407

  • ថ្ងៃនេះ6991
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86071
  • ខែនេះ107951
  • ឆ្នាំនេះ107951
  • សរុប20550407