សកម្មជន​១​រូប​ ក្នុង​ចលនា​ឧទ្ទាម​ខុសច្បាប់​របស់​ សម​ សេរី​ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

31-October-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​រសៀល​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​១​រូប​ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ចូលរួម​ក្នុង​ចលនា​ឧទ្ទាម​ខុសច្បាប់​ដឹកនាំ​ដោយ​ឈ្មោះ​ សម​ សេរី​ ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឹង​ម៉ាត់​ របស់​លោកនាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​យកចិត្តទុកដាក់​ស្រាវជ្រាវ​ករណី​ខាងលើ​ រហូត​ឈាន​ដល់​ការ​បង្ក្រាប​បាន​ជាក់ស្តែង​។​

​ជនសង្ស័យ​ ឈ្មោះ​ធុ​យ​ វី​ ហៅ​ ធុ​យ​ ឬ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ទទឹង​ ឃុំ​ភ្នំ​តូច​ ​ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ ត្រូវ​កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​កាលពី​ម្សិលមិញ​ វេលា​ម៉ោង​១១​នឹង​៣០​ ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៩​ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ​ ធុ​យ​ វី​ ឬ​ ធុ​យ​ ឬ​ទ្ធី​ នេះ​ បាន​ចាកចេញ​ទៅ​ប្រទេស​ថៃ​ ដោយ​មានការ​ផ្តួចផ្តើម​ពី​ឈ្មោះ​សម​ សេរី​ ជា​មេ​ចលនា​ រណសិរ្ស​រំដោះជាតិ​ខ្មែរ​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​និរទេស​ជាតិខ្មែរ​ខុសច្បាប់​ ហើយ​ឈ្មោះ​ ធុ​យ​ វី​ ធ្លាប់​ត្រូវ​បាន​តែងតាំង​ ជា​អ្នកនាំពាក្យ​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក្នុង​រដ្ឋាភិបាល​និរទេស​ខុសច្បាប់​របស់​ សម​ សេរី​ ផង​ដែរ​។​ ​នៅ​ក្នុង​ឆ្នាំ​២០១៩​ ឈ្មោះ​ធុ​យ​ វី​ ត្រូវ​បាន​ សម​ សេរី​ តែងតាំង​ទៅ​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​សាសនា​ វិញ​។​

​ឈ្មោះ​ ធុ​យ​ វី​ បាន​បញ្ជាក់​ថា​ រូបគេ​ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​រួមគំនិត​ក្បត់​ជាមួយ​ ក្រុម​ឧទ្ទាម​ សម​ សេរី​ និង​ក្រុម​ អតីត​CNRP​ ពិតប្រាកដ​មែន​ ក្នុង​នោះ​រូបគេ​បាន​ចូលរួម​ក្នុង​ការ​ប្រជុំ​ទទួល​ផែនការ​នានា​,​ រៀបចំ​ឯកសារ​និង​សៀវភៅ​ដែល​មាន​ខ្លឹមសារ​ញុះញង់​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ និង​បាន​ផ្សព្វផ្សាយ​ខ្លឹមសារ​ នយោបាយ​ និង​ ស្ថានភាព​នៅ​ក្នុងស្រុក​ខ្មែរ​ ដោយ​ផ្តោត​លើ​ ការ​រិះគន់​វាយប្រហារ​ដល់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ តាម​រយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​នៅ​ប្រទេស​ថៃ​ ឈ្មោះ​ ធុ​យ​ វី​ និង​សកម្មជន​នៃ​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ចំនួន​ ៦៦​នាក់​ រួម​និង​សកម្មជន​អតីត​ CNRP​ ប្រមាណ​៥០០​នាក់​ មាន​ទាំង​មេដឹកនាំ​អតីត​ CNRP​ ប្រ​​ចាំ​នៅ​ខេត្ត​សមុទ្រ​ប្រា​កាន​ប្រទេស​ថៃ​បាន​ជួបជុំ​គ្នា​ដើម្បី​រៀបចំ​ផែនការ​ និង​ចាត់តាំង​ធ្វើ​សក​មម្ម​ភាព​ ដោយ​រួម​ទាំង​ការ​ប្រមូល​មូលនិធិ​រួម​គ្នា​ជួយ​ដល់​ការ​ធ្វើ​ដំណើរ​វិល​ចូល​ស្រុក​របស់​ សម​ រ​ង្ស៊ី​ នៅ​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដើម្បី​អនុវត្ត​ផែនការ​ធ្វើ​រដ្ឋប្រហារ​។​ ឈ្មោះ​ ធុ​យ​ វី​ បាន​ឆ្លើយ​បន្ថែម​ថា​ ចំពោះ​គូកន​និង​បក្ខពួក​របស់​ខ្លួន​ គឺ​នៅ​ប្រទេស​ថៃ​ទាំងអស់​ មិន​មាននៅ​កម្ពុជា​នោះ​ទេ​ ហើយ​រូបគេ​តែង​លួច​ចេញចូល​មក​ប្រទេស​កម្ពុជា​ តាម​ស្ថានភាព​ជាក់ស្តែង​ដែល​អាច​ចូល​បាន​ នៅ​ពេល​ដែល​មាន​កិច្ចការ​ត្រូវធ្វើ​ ដើម្បី​យក​ទៅ​រាយ​ការ​ឱ្យ​ សម​ សេរី​ មុន​ពេល​បង្ហោះ​តាម​បណ្តាញ​សង្គម​៕


ចំនួនអ្នកទស្សនា

    20550797

  • ថ្ងៃនេះ7381
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86461
  • ខែនេះ108341
  • ឆ្នាំនេះ108341
  • សរុប20550797