កណ្ដាល៖ នគរបាលក្រុងតាខ្មៅ អនុវត្ដដីការបស់សាលាដំបូងខេត្ដកណ្ដាល ឃាត់ខ្លួនជនត្រូវចោទម្នាក់ ពីបទ រំលោភសេពសន្ថវៈ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
មន្ដ្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនត្រូវចោទដែលចាប់ខ្លួនបានឈ្មោះ ផល សុភណ្ឌ័ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជននេះ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៧៤ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១០ ចុះហត្ថលេខាដោយលោក ស៊ិន វិរៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ ដែលប្រព្រឹត្ដិកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០០៩ ស្ថិតក្នុងភូមិលេខ៤ ឃុំស្វាយរំស្រុកស្អាង ខេត្តកណ្តាល។
ប្រភពដដែលបន្ដថា បន្ទាប់ពីជនត្រូវចោទខាងលើ ធ្វើសកម្មភាពរំលោភសេពសន្ថវៈ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០០៩ រួចមក ជននេះ បានរត់គេចខ្លួនពីមូលដ្ឋាន ដោយពុំដឹងថាទៅណានោះទេ ទើបចៅក្រមបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចមូលដ្ឋានធ្វើការស្រាវជ្រាវ ដើម្បីចាត់ការតាមច្បាប់ ។ លុះ១០ឆ្នាំក្រោយមក ជនត្រូវចោទរូបនេះ ត្រឡប់មករស់នៅផ្ទះរបស់ខ្លួន បានជិតមួយឆ្នាំ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដឹងថាជនត្រូវចោទកំពុងរស់នៅក្នុងផ្ទះរបស់ខ្លួន ភ្លាមនោះ ក៏សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយរលំ ធ្វើការចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ក្រោយពីខ្លួនបានធ្វើសកម្មភាពរំលោភសេពសន្ថវៈរួច ខ្លួនបានរត់ទៅរស់នៅនិងធ្វើការប្រទេសថៃ អស់រយៈពេលជិត១០ឆ្នាំ ទើបតែត្រឡប់មកផ្ទះវិញជិត១ឆ្នាំ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕