កណ្ដាល៖ ស្ដ្រីម្នាក់ស្លាប់យ៉ាងអណោចអធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងរថយន្ដ នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ស្ដ្រីរងគ្រោះស្លាប់ឈ្មោះ ជាវ ដានី ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូម៉ាក HONDA CUB ធុនសេ50 ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ 1CP-6762 មានអ្នករួមដំណើរម្នាក់ឈ្មោះ សុខ នីតា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ត្រូវជាកូន (របួសធ្ងន់)។ ចំណែកភាគីខាងរថយន្ដម៉ាក HYUNDAI ពណ៌ស-ខៀវ ប្រភេទដឹកទំនិញ ធុនធំ ពាក់ស្លាកលេខភ្នំពេញ 3E-9716 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល)។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញស្ដ្រីរងគ្រោះជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ លុះបើកមកដល់ចំណុចកើហេតុ ស្ដ្រីរងគ្រោះជាអ្នកបើកបរម៉ូតូ បានបើកម៉ូតូចូលក្នុងគន្លងផ្លូវម្ខាងទៀត ខណៈនោះក៏មានរថយន្ដមួយគ្រឿងបើកក្នុងទិសដៅផ្ទុយគ្នា បានបុកម៉ូតូស្ដ្រីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យស្ដ្រីរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីម្នាក់ទៀតជាអ្នករួមដំណើរទទួលរងរបួសធ្ងន់ ។ ចំណែកអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ដោយឡែករថយន្ដនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្រុក បានមកធ្វើការពិនិត្យវាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ រីឯសាកសពស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកម៉ូតូ ធ្វេសប្រហែស មិនប្រយ័ត្ន ចូលមកចំណែកផ្លូវ នៃយានយន្តមកពីទិសដៅផ្ទុយគ្នា ៕