កណ្ដាល៖ នគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលអំពៅព្រៃ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជើងព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ដ្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួន២នាក់ ទី១.ឈ្មោះ ធី រតនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង និងទី២.ឈ្មោះ ធី សុភក្រ អាយុ១៦ឆ្នាំ មានទីលំនៅភូមិជើងព្រៃទី១ ឃុំ អំពៅព្រៃ ស្រុកកណ្ដាលស្ទឹង។
ចំណែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៨កញ្ចប់ (ធំ១៧កញ្ចប់ និងតូច១កញ្ចប់) ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
ប្រភពដដែលបន្ដថា មុនធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹង បានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ/ឃុំកើតហេតុ។ ភ្លាមនោះ កម្លាំងនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលអំពៅព្រៃ ចុះធ្វើការបង្ក្រាប រួចឆែកឆេរបានរកឃើញថ្នាំញៀនចំនួន១៨កញ្ចប់ រួមទាំងវត្ថុតាងដូចបានរៀបរាប់ខាងលើ ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕