ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យ លោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសកាណាដាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះជោគជ័យនៃការបំពេញបេសកកម្មការទូតរបស់លោកជំទាវ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំផ្ទាល់ខ្លួនរបស់លោកជំទាវ ក្នុងការរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសបញ្ជាក់តាមរយៈកំណើនយ៉ាងលឿននៃទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា។ ឯកឧត្តម បានថ្លែងអំណរគុណ តាមរយៈលោកជំទាវ ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានផ្តល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យកំចាត់មីន អប់រំ បេសកកម្មថែរក្សាសន្តិភាព និងការប្រែប្រួលអាកាសធាតុ។ ក្នុងក្របខណ្ឌអាស៊ាន ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាគាំទ្រឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា ។
ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ការបំពេញបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។ ចំពោះ FTA អាស៊ាន-កាណាដា លោកជំទាវ បានសង្ឈឹមថា កិច្ចព្រមព្រៀងនេះនឹងមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ដោយឡែក ចំពោះពាណិជ្ជកម្មទ្វេភាគីវិញ លោកជំទាវ បានកត់សម្គាល់ថា ក្រោយពេលប្រទេសកាណាដាបានបើកឲ្យដំណើរការិយាល័យស្ថានទូតកាណាដានៅទីក្រុងភ្នំពេញ នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងរហូតដល់៨០០%។ ចំពោះប្រព័ន្ធអនុគ្រោះពន្ធ (GSP) វិញ លោកជំទាវ បានសង្កត់ធ្ងន់ថា កាណាដាផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍ ក្នុងគោលដៅសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ។ ក្នុងពេលនោះដែរ លោកជំទាវ ក៏បានលើកឡើងថា កាណាដាបានបង្កើតមូលនិធិសម្រាប់ការបញ្ជូនកងកម្លាំងស្ត្រីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយតាមរយៈមូលនិធិនេះ លោកជំទាវសង្ឃឹមថា កម្ពុជា នឹងទទួលបានមូលនិធិបន្ថែមសម្រាប់ការបញ្ជូនកងកម្លាំងមួកខៀវស្ត្រីកម្ពុជា។ លោកជំទាវ ក៏បានរំលឹកអំពីប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងនៅក្នុងឱកាសបញ្ជូនកងកម្លាំងមួកខៀវស្ត្រីកម្ពុជា នៅពេលកន្លងថា សូមឲ្យចៀសឆ្ងាយអំពីការរំលោភបំពានផ្លូវភេទ ក្នុងចំណោមកងកម្លាំងមួកខៀវទាំងអស់ ហើយដែលនៅពេលនោះ សូម្បីអង្គការសហប្រជាជាតិ ក៏មិនទាន់បានគិតដល់បញ្ហានេះនៅឡើយ។
ពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់កងកម្លាំងមួកខៀវរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងក្តីរីករាយ ដែលកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវស្ត្រីកម្ពុជា នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ដែលមានចំនួនសរុបជាង៣០០ នាក់ ឬប្រហែល៥% នៃកងកម្លាំងមួកខៀវសរុបរបស់កម្ពុជា។
ឯកឧត្តម ក៏បានជម្រាបជូនលោកជំទាវទូតថា ឯកឧត្តម តែងតែស្នើឲ្យកងកម្លាំងមួកខៀវកម្ពុជាទាំងអស់អនុវត្តឲ្យបានម៉ឺងម៉ាត់បីចំណុចដូចតទៅ ៖ ១) បំពេញការងារដោយវិជ្ជាជីវៈ ២) គោរពវិន័យ និង ៣) គោរពច្បាប់របស់ប្រទេសដែលខ្លួនទៅបំពេញបេសកកម្ម និងជួយយកអាសាប្រជាជនក្នុងតំបន់បេសកកម្មរបស់ខ្លួន។
ក្រៅពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ដោយត្រង់ទៅត្រង់មកលើបញ្ហាជាច្រើនផ្សេងទៀត រួមទាំងបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម ៕