ភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណើរដោយថ្នាក់ដឹកនាំ អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា សិស្ស ចូលជាអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវតារាងបាល់បោះ នៅវិទ្យាល័យ ឥន្ទ្រទេវី។
លោកនាក់ សុទ្ធា នាយកវិទ្យាល័យឥន្ទ្រទេវី បានមានប្រសាសន៍ ស្វាគមន៍និងរបាយការណ៍បង្ហាញពីទឹកចិត្តសប្បាយរីករាយជាមួយនឹងការអភិវឌ្ឍរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ ទីតាំងលេងកីឡា របស់សាលាដែលកើតចេញពីការចូលរួមពីសំណាក់សប្បុររសជន។
ក្នុងឱកាសនោះ ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានមានប្រសាសន៍ថាថ្ងៃនេះយើងបានមកជួបជុំគ្នា ដើម្បីបើកទំព័រឆ្នាំសិក្សាថ្មី២០១៩-២០២០ ចូលរួមទាំងអស់គ្នាសំដៅធ្វើឱ្យសម្រេចដោយជោគជ័យនៅក្នុងវិស័យអប់រំ ជាគោលដៅផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងចំពោះបុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល ជាសក្កានុពលក្នុងការទាក់ទាញការវិនិយោគ និងធុរកិច្ចបន្ថែមទៀត ពោលគឺការអប់រំល្អនឹងនាំឱ្យមានការផ្គត់ផ្គង់ធនធានមនុស្ស កម្លាំងពលកម្មដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងទីផ្សារការងារ និងតម្រូវការអភិវឌ្ឍសង្គមជាតិយើង។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យចងចាំច្បាស់ថា គ្រឿងញៀន គឺជាអាវុធដ៏មុតស្រួចដែលអាចសម្លាប់យើង និងបំផ្លាញអនាគតរបស់យើងក្នុងពេលដ៏ខ្លី ប្រសិនជាយើងមានការពាក់ព័ន្ធនឹងវា!ក្មួយៗត្រូវតែស្វែងយល់រឿងនេះឱ្យបានច្បាស់ ហើយរកវិធីគ្រប់បែបយ៉ាង និងការគាំទ្រផ្សេងៗ ពីមិត្តភក្តិ ឬមាតាបិតា អាណាព្យាបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចផ្សេងៗទៀត បើមានការអូសទាញ ឬការបង្ខិតបង្ខំរបស់មិត្តភក្តិមិនល្អ រកវិធី និងចូលរួមក្នុងសកម្មភាពនានា ដើម្បីបង្កា ទប់ស្កាត់ការប្រើប្រាស់ ក៏ដូចជាការជួញដូរគ្រឿងញៀនទាំងជុំវិញសាលា ក៏ដូចជានៅក្នុងមូលដ្ឋានដែលខ្លួនរស់ផងដែរ។
ជាមួយនឹងភាពសប្បាយរីករាយ ក្មួយស្រី បូរ៉ា យ៉ានុត តំណាងសិស្សនុសិស្សបានប្តេជ្ញាចិត្ត ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ ខិតខំរៀនសូត្រ និងចូលរួមសកម្មភាពសង្គមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសាលា ជាសាលាបែតងគ្មានគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍។ ជាកិច្ចតបស្នងចំពោះ គុណូបការ លោកគ្រូអ្នកគ្រូ មានចែកអំណោយដល់លោកគ្រូ អ្នកគ្រូ ចូលនិវត្តន៍ផងដែរ ៕