ឯកឧត្តម​ សាយ​ សំ​អាល់​៖​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ មាន​ឥទ្ធិពល​ទៅ​លើ​កិច្ច​គាំពារ​ បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​ការ​អភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា​

04-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ក្នុង​ពិធី​បើក​«​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០»​ របស់​ក្រសួងបរិស្ថាន​ រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​លើក​ឡើង​ បាន​លើក​ឡើង​បរិការណ៍​សេដ្ឋកិច្ច​ សង្គម​ ដែល​មាន​ឥទ្ធិពល​ទៅ​លើ​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​ការ​អភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា​។​

​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា​ទី​១-​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ នឹង​មិន​អាច​ទទួល​បាន​ជោគជ័យ​ឡើយ​ ប្រសិនបើ​ពុំ​មាន​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​កំណើនសេដ្ឋកិច្ច​រឹង​មាំ​។​ ដូច្នេះ​ អាទិភាព​សម្រាប់​យើង​ គឺ​ត្រូវធ្វើ​យ៉ាងណា​បន្ត​រក្សា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ​ ស្ថិរភាព​នយោបាយ​ និង​អធិបតេយ្យ​ជាតិ​ ព្រមទាំង​ការ​ពង្រឹង​នីតិរដ្ឋ​ លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ និង​កំណើនសេដ្ឋកិច្ច​ខ្ពស់​ ជា​មធ្យម​ក្នុង​រង្វង់​៧%​ ទើប​យើង​អាច​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ កាត់​បន្ថយ​ភាព​ក្រីក្រ​ បង្កើត​ការងារ​ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​បន្ថែម​ទៀត​ និង​ធានា​មិន​ឱ្យ​ភាព​ក្រីក្រ​ត្រឡប់​មក​វិញ​បាន​។​ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ គោលដៅ​ទាំងនេះ​នឹង​អាច​សម្រេច​បាន​យ៉ាង​ប្រត្យក្ស​ អាស្រ័យ​ដោយ​យើង​មាន​មាគ៌ា​នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​អគ្គ​មគ្គុទេសក៍​ដ៏​ឆ្នើម​ ប្រកបដោយ​គតិបណ្ឌិត​។​

​ជាក់ស្តែង​ ក្នុង​អាណត្តិ​នេះ​ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​«​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤»​ ដែល​ឈរ​លើ​សមិទ្ធិ​ផល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដ៏​ជោគជ័យ​ទាំង​ ៣​ដំណាក់កាល​កន្លង​មក​ ក៏​ដូច​ជា​គោលនយោបាយ​នានា​ ជា​ពិសេស​ គោលនយោបាយ​ ឈ្នះ​-​ឈ្នះ​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ជា​បន្តបន្ទាប់​ ដែល​ជា​ការ​បុក​គ្រឹះ​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដូច​សព្វ​ថ្ងៃនេះ​។​

​ពិសេស​ជាង​នេះ​ទៀត​ ឯកឧត្តម​ រដ្ឋមន្ត្រី​ បាន​ចាត់​ទុក​ថា​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នេះ​ បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​បន្ន​ ព្រមទាំង​ការ​ធានា​ចីរភាព​បរិស្ថាន​ និង​ការ​រៀបចំ​ខ្លួន​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​

​ទី​២-​ការងារ​បរិស្ថាន​អាច​សម្រេច​ជោគជ័យ​ទៅ​បាន​ លុះត្រាតែ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ទាំង​ក្នុង​វិស័យ​សាធារណៈ​ វិស័យ​ឯកជន​ គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ​ និង​សង្គម​ស៊ី​វិល​ ទាំង​កម្រិត​ជាតិ​ និង​អន្តរជាតិ​។​ នៅ​ត្រង់​ ចំណុច​នេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់​ថា​ ទោះបី​ក្រសួងបរិស្ថាន​ និង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ត្រូវការ​ការ​គាំទ្រ​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ពី​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ក៏​ដោយ​ ក៏​យើង​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ «​ភាព​ជា​ម្ចាស់​»​ និង​«​អធិបតេយ្យភាព​ជាតិ​»​ ដើម្បី​ធានា​ឱ្យ​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ស្ថិត​ក្នុង​ឧត្តម​ប្រយោជន៍​របស់​ជាតិ​និង​ប្រជាជន​កម្ពុជា​ជា​និច្ច​។​

​ទី​៣-​ភាព​ជោគជ័យ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ គឺ​អាស្រ័យ​ជា​ចាំបាច់​លើ​កត្តា​ធនធានមនុស្ស​ ហិរញ្ញវត្ថុ​ បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រ​ ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​គាំទ្រ​ និង​វិនិយោគ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​។​ ពាក់ព័ន្ធ​នឹង​ចំណុច​ទី​៣​នេះ​ ឯកឧត្តម​ សាយ​ សំ​អាល់​ បាន​អំពាវនាវ​ដល់​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ព្រមទាំង​វិស័យ​ឯកជន​ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ សូម​មេត្តា​បន្ត​ការ​ចូលរួម​និង​គាំទ្រ​ដល់​ក្រសួងបរិស្ថាន​បន្ថែម​ទៀត​ ដើម្បី​យើង​មាន​លទ្ធភាព​គ្រប់គ្រាន់​ ទាំង​ធនធានមនុស្ស​ ហិរញ្ញវត្ថុ​ បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​ និង​មធ្យោបាយ​ សម្ភារ​ សម្រាប់​ការ​បំពេញបេសកកម្ម​ក្នុង​វិស័យ​នេះ​ ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ៕


ចំនួនអ្នកទស្សនា

    20553277

  • ថ្ងៃនេះ9861
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88941
  • ខែនេះ110821
  • ឆ្នាំនេះ110821
  • សរុប20553277