ក្រសួងបរិស្ថាន​ រៀបចំ​«​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០»

04-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ចន្ទ​ ៨​កើត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២១៩​ បាន​រៀបចំ​បើក​«​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០»​ នៅ​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ ក្រសួងបរិស្ថាន​ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ក្រសួងបរិស្ថាន​ ថ្នាក់ដឹកនាំ​ តំណាង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ដៃគូ​អភិវឌ្ឍន៍​ តំណាង​វិស័យ​ឯកជន​ ភ្ញៀវ​កិ​តិ្ត​យស​ជាតិ​ អន្តរជាតិ​ទាំងអស់​ ជា​ច្រើន​នាក់​។​

​ឯកឧត្តម​ ផៃ​ ប៊ុ​ន​ឈឿ​ន​ រដ្ឋលេខាធិការ​ប្រចាំការ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​នេះ​ គឺជា​វេទិកា​ដ៏​វិសេសវិសាល​មួយ​សម្រាប់​យើង​ទាំងអស់​គ្នា​ ពិនិត្យ​និង​វាយតម្លៃ​លើ​សមិទ្ធផល​នានា​ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក​ និង​ចូលរួម​ពិភាក្សា​ ផ្លាស់​ប្តូរ​យោបល់​ និង​ចែករំលែក​បទ​ពិសោធន៍​ល្អ​ ដើម្បី​រិះរក​ដំណោះស្រាយ​សម​ស្រប​ចំពោះ​បញ្ហា​ប្រឈម​នានា​ និង​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​សម្រាប់​ការ​អនុវត្ត​បន្ត​ សំដៅ​លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​ ក្នុង​ឧត្តម​ប្រយោជន៍​ជាតិ​មាតុភូមិ​ និង​ប្រជាជន​កម្ពុជា​គ្រប់​រូប​ និង​គ្រប់​ជំនាន់​។​

​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ សាយ​ សំ​អាល់​ មាន​ប្រសាសន៍​ថា​ តាម​រយៈ​សន្និបាត​នេះ​ យើង​ទាំងអស់​គ្នា​នឹង​មានឱកាស​ពេញលេញ​ ក្នុង​ការ​ចូលរួម​ចែករំលែក​ចំណេះដឹង​ និង​បទ​ពិសោធ​ ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ ដែល​ជា​កិច្ចការ​ចម្បង​របស់​យើង​ទាំងអស់​គ្នា​ ក្នុង​ការ​ចូលរួម​ និង​រិះរក​ដំណោះស្រាយ​សម​ស្រប​ចំពោះ​បញ្ហា​នានា​ ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​ ជាមួយ​គ្នា​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ លើកទឹកចិត្ត​ឱ្យ​អង្គសន្និបាត​ទាំងមូល​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​កំណត់​បញ្ហា​អាទិភាព​ និង​វិធានការ​ដោះស្រាយ​ ឱ្យ​បាន​ផុសផុល​ និង​ស៊ីជម្រៅ​ ក្នុង​លក្ខណៈ​ស្ថាបនា​ ជុំវិញ​ប្រធានបទ​នានា​ដែល​បាន​រៀបចំ​ជូន​ ដើម្បី​ឱ្យ​អនុសាសន៍​ និង​ទិស​ដៅ​ការងារ​ដែល​ដាក់​ចេញ​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​សេដ្ឋកិច្ច​ សង្គម​នៅ​កម្ពុជា​ផង​ និង​កាតព្វកិច្ច​របស់​កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ​នានា​ដែល​ពាក់ព័ន្ធ​ផង​។​

​ ឯកឧត្តម​ សាយ​ សំ​អាល់​ បញ្ជាក់​ដែរ​ថា​ ក្រសួងបរិស្ថាន​ និង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ ប្រែក្លាយ​អនុសាសន៍​ ដែល​កើត​ចេញពី​សន្និបាត​នេះ​ ទៅ​ជា​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ ផែនការ​សកម្មភាព​ គម្រោង​ និង​វិធានការ​ជាក់ស្តែង​នានា​ សំដៅ​ធានា​បាន​នូវ​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​ការ​អភិរក្ស​ជីវៈចម្រុះ​ ព្រមទាំង​ការ​អភិវឌ្ឍ​និង​ការ​រស់នៅ​ដោយ​ចីរភាព​ សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប​ និង​គ្រប់​ជំនាន់​។​

​សូម​បញ្ជាក់​ថា​ «​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០»​ របស់​ក្រសួងបរិស្ថាន​ ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​០៤​ ដល់​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដោយ​មាន​បទ​បង្ហាញ​ កិច្ច​ពិភាក្សា​ ផ្លាស់​ប្តូរ​យោបល់​ជា​ច្រើន​ លម្អិត​អំពី​បញ្ហា​ប្រឈម​ មេរៀន​ បទ​ពិសោធន៍​ សំណូមពរ​ និង​អនុសាសន៍​ផ្សេងៗ​ របស់​អគ្គនាយកដ្ឋាន​ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ និង​អង្គភាព​ក្រោម​ឱវាទ​ក្រសួងបរិស្ថាន​ ៕


ចំនួនអ្នកទស្សនា

    20551647

  • ថ្ងៃនេះ8231
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87311
  • ខែនេះ109191
  • ឆ្នាំនេះ109191
  • សរុប20551647