ប្រកាស​តែងតាំង​លោក​ ឆាយ​ លា​ភា​ ជា​ប្រធាន​មន្ទីរ​ថ្មី​នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្ត​កំ​ពង​ឆ្នាំង​ ជំនួស​លោក​ កែវ​ ពៅ​ ដែល​ត្រូវ​ចូល​និវត្តន៍​

04-November-2019 | ដោយ ពលមនសិការ

​កំពង់ឆ្នាំង​៖​ នៅ​ថ្ងៃ​ចន្ទ​ ៨​កើត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​សាលាខេត្ត​កំពង់ឆ្នាំង​ ឯកឧត្ដម​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សុពលភាព​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​ថ្មី​ នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្តកំពង់ឆ្នាំង​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​ ឯកឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្ដម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ សរុប​ទាំងអស់​ចំនួន​២៥១​នាក់​។​

​ការ​តែងតាំង​លោក​ ឆាយ​ លា​ភា​ ជា​ប្រធាន​មន្ទីរ​ថ្មី​នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ជំនួស​ប្រធាន​មន្ទីរ​ចាស់​ គឺ​ លោក​ កែវ​ ពៅ​ ដែល​លោក​ត្រូវ​ចូល​និវត្តន៍​។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​ជា​ការ​លើកកម្ពស់​វប្បធម៌​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ ផ្ដល់​ឱកាស​សិក្សា​រៀនសូត្រ​ ក្រេប​យក​បទ​ពិសោធន៍​ថ្មី​បន្ថែម​ដើម្បី​ពង្រីក​សមត្ថភាព​របស់​ខ្លួន​ឱ្យ​បាន​ទូលំទូលាយ​។​ល​។​

​ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ បាន​កោតសរសើរ​ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ កែវ​ ពៅ​ ប្រធាន​មន្ទីរ​ចាស់​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​លើ​វិស័យ​សាធារណការ​ និង​ដឹក​ជញ្ជូន​ក្នុង​ខេត្ត​នេះ​ ឱ្យ​មានការ​រីក​ចម្រើន​ ព្រមទាំង​បាន​រឹតចំណង​សាមគ្គីភាព​ដ៏​ជិត​ស្និទ្ធ​រវាង​មន្ត្រី​និង​ថ្នាក់ដឹកនាំ​ ទំនាក់ទំនង​ល្អ​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ ជា​ពិសេស​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​រដ្ឋបាល​ខេត្ត​ សំដៅ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ និង​លើកកម្ពស់​គុណភាព​សេវា​សាធារណៈ​។​

​ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ផ្ដាំផ្ញើ​ លោក​ ឆាយ​ លា​ភា​ ដែល​ជា​ប្រធាន​មន្ទីរ​ថ្មី​ឱ្យ​ខិតខំ​បំពេញការងារ​ឱ្យ​អស់ពី​កម្លាំងកាយ​ កម្លាំងចិត្ត​ និង​ពេលវេលា​ ដើម្បី​បន្ត​ដឹកនាំ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ឱ្យ​មានការ​រីក​ចម្រើន​ទាំង​វិស័យ​សាធារណការ​ និង​វិស័យ​ដឹក​ជញ្ជូន​ ព្រមទាំង​បន្ត​ និង​រក្សា​នូវ​វប្បធម៌​សហការ​ ចែករំលែក​ រួមសុខ​រួមទុក្ខ​ ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ ជា​ពិសេស​ត្រូវ​ចង​ចាំ​ និង​អនុវត្ត​ឱ្យ​បាន​ដាច់ខាត​នូវ​គោលការណ៍​ទាំង​១១​ចំណុច​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​។​

​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ បាន​ផ្ដល់​មួក​សុវត្ថិភាព​ចំនួន​ ១០០​មួក​ និង​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ថ្មី​ឱ្យ​កៀរគរ​រក​មួក​សុវត្ថិភាព​បន្ថែម​ទៀត​ តាម​រយៈ​ការ​ជំរុញ​ការ​ចូលរួម​ពី​វិស័យ​ឯកជន​ ដើម្បី​រៀបចំ​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ សំដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​នៅ​អត្រា​ទាប​បំផុត​។​

​ជា​ការ​ឆ្លើយ​តប​ លោក​ ឆាយ​ លា​ភា​ បាន​ប្ដេជ្ញា​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ និង​សេវា​សាធារណៈ​ក្នុង​ខេត្ត​នេះ​ឱ្យ​រីក​ចម្រើន​ថែម​ទៀត​ ដោយ​ប្រើ​ឱ្យ​អស់ពី​កម្លាំងកាយ​ ចិត្ត​ និង​ពេលវេលា​ ប្រើ​គ្រប់​មធ្យោបាយ​ និង​នីតិវិធី​ បន្ត​កិច្ចសហការ​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​យ៉ាង​ស្អិតរ​មួ​ត​ ក្នុង​គោលបំណង​តែ​មួយ​គត់​គឺ​ការ​អភិវឌ្ឍ​ ត្រងត្រាប់​និង​អនុវត្ត​នូវ​រាល់​ភារកិច្ច​ដែល​រដ្ឋបាល​ខេត្ត​ ក៏​ដូច​ជា​ក្រសួង​ដាក់​ជូន​ អនុវត្ត​នូវ​រាល់​បទបញ្ញត្តិ​ដែល​ក្រសួង​ដាក់​ជូន​ ជា​ពិសេស​គោលការណ៍​ទាំង​១១​ចំណុច​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​៕​

 

ចំនួនអ្នកទស្សនា

    20551767

  • ថ្ងៃនេះ8351
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87431
  • ខែនេះ109311
  • ឆ្នាំនេះ109311
  • សរុប20551767