អង្គការ​ APIWSA​ សហការ​ជាមួយ​សាលាខេត្ត​ព្រះ​សីហ​នុ​ កាកបាទក្រហមកម្ពុជា​ ខេ​ម​សេ​ហ្វ​ វិទ្យុ​FM១០២​ និង​ដៃគូ​នានា​ បាន​រៀបចំ​កម្មវិធី​បើក​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​ និង​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

05-November-2019 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ កាលពី​ថ្ងៃ​ទី​០២​ ខែ​វិ​ច្ឆ​កា​ ឆ្នាំ​២០១៩​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​របស់​អង្គការ​ APIWSA​ កិច្ចសហការ​របស់​សាលាខេត្ត​ព្រះ​សីហ​នុ​ កាកបាទក្រហមកម្ពុជា​ ខេ​ម​សេ​ហ្វ​ វិទ្យុ​FM១០២​ និង​ដៃគូ​នានា​ បាន​រៀបចំ​កម្មវិធី​បើក​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​ និង​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ផ្តោត​លើ​ផល​ប៉ះពាល់​នៃ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ នៅ​ខេត្ត​ព្រះ​សីហ​នុ​។​ កម្មវិធី​រៀបចំ​ឡើង​ក្នុង​គោលបំណង​៖​ លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​តាម​រយៈ​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​ ផ្តោត​លើ​ហានិភ័យ​នៃ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ កំឡុង​ពេល​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​ ឆ្នាំ​២០១៩​។​

​គណៈអធិបតី​ ចូលរួម​បើក​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​នា​ថ្ងៃនេះ​ រួម​មាន​៖​ ​ឯកឧត្តម​ ម៉ាង​ ស៊ី​ណេ​ត​ អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ឧត្តមសេនីយ៍ទោ​ ហេង​ ផានិត​ តំណាង​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ ​ឧត្តមសេនីយ៍ត្រី​ អ៊ី​ សុខា​ ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​ចរាចរណ៍​ កញ្ញា​ អ៊ុ​ច​ ធា​រី​ តំណាង​របស់​ APIWSA​ លោក​ខឹ​ម​ សុផល​ ប្រធាន​គំរោង​សុវត្ថិភាព​ចរាចរណ៍​ កាកបាទក្រហមកម្ពុជា​ និង​ជា​ ឧត្ត​ម្ភ​​ទីប្រឹក្សាបច្ចេកទេស​អង្គការ​ CaMSafe​ ព្រមទាំង​មន្ត្រី​ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត​ជា​ច្រើន​រូប​ទៀត​។​ យុទ្ធនាការ​នេះ​ក៏​ទទួល​បានការ​ចូលរួម​ពី​ តំណាង​នៃ​មន្ទីរ​ពាក់ព័ន្ធ​ លោកគ្រូ​អ្នកគ្រូ​ សិស្សានុសិស្ស​ យុវជន​កាកបាទក្រហមកម្ពុជា​ ទីប្រឹក្សា​យុវជន​ អ្នក​ស្ម័គ្រចិត្ត​ មន្ត្រី​កាកបាទក្រហម​សាខា​ និង​អនុ​សាខា​ វិស័យ​ឯកជន​ ព្រមទាំង​អ​ជ្ញា​ធរ​មូលដ្ឋាន​ និង​ប្រជាពលរដ្ឋ​ យ៉ាងច្រើន​កុះករ​សរុប​ប្រមាណ​ ១៣៤០​នាក់​។​

​ក្រោយ​បញ្ចប់​កម្មវិធី​បើក​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ ក្រុម​យុវជន​កាកបាទក្រហមកម្ពុជា​ និង​ដៃគូ​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​កម្មវិធី​ទាំងអស់​ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ តាម​រយៈ​ការ​ចែក​ប័ណ្ណប្រកាស​ និង​បិទ​ស្ទីក​ឃ័​រយាន​យន្ត​ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ផ្សារ​ ចំណតរថយន្ត​ឈ្នួល​ និង​ម៉ូតូ​កង់​បី​ ភោជនីយដ្ឋាន​តាម​ដងផ្លូវ​សំខាន់ៗ​ ព្រម​ជាមួយ​ការ​ដាក់​រៀបចំ​នូវ​គោលដៅ​របស់​នគរបាល​ចរាចរណ៍​ ដើម្បី​ផ្សព្វផ្សាយ​ខ្លឹមសារ​អប់រំ​ផ្សព្វផ្សាយ​នេះ​ផង​ដែរ​។​ យុទ្ធនាការ​ក៏​មាន​ចង​បដា​ដែល​មាន​ខ្លឹមសារ​ “​ពិសា​គ្រឿង​ស្រវឹង​ កុំ​បើកបរ​”​ ការ​រំលឹក​តាម​ឧ​ឃោស​ន​ស័ព្ទ​នូវ​សារ​អប់​រំជា​ច្រើន​ដែល​ក្នុង​នោះ​មាន​រំលេច​នូវ​ផលវិបាក​ស្ដី​ពី​ការ​បើកបរ​ក្រោយ​ពេល​ទទួលទាន​គ្រឿង​ស្រវឹង​ បូក​រួម​ទាំង​ការ​ចែក​ប័ណ្ណប្រកាស​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​បានដឹង​ពី​ឥរិយា​បទ​ខុសឆ្គង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ដំណើរ​ និង​ចៀសវាង​ការ​ប្រព្រឹត្តិ​កំហុស​ទាំងនោះ​។​

​រៀង​រាល់​ឆ្នាំ​ប្រជាពលរដ្ឋ​តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្រួសារ​ ទៅ​កាន់​រមណីយដ្ឋាន​នានា​ ឬ​ទៅ​ចូលរួម​ការ​ប្រារ​ព្វ​ ព្រះរាជ​ពិធីបុណ្យ​ អកអំបុក​ សំពះ​ព្រះ​ខែ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ យោង​តាម​រយៈ​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​បង្ហាញ​ថា​ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ ចំនួន​អ្នក​បាត់បង់​ជីវិត​ កើនឡើង​ក្នុងអំឡុងពេល​ពិធីបុណ្យ​ជាតិ​នេះ​ដោយហេតុ​រួម​ផ្សំ​ច្រើន​យ៉ាង​ ក្នុង​នោះ​រួម​មាន​៖​ ការ​បើកបរ​លើស​ល្បឿន​កំណត់​ មិន​គោរព​សិទ្ធិ​ មិន​ប្រកាន់​ស្តាំ​ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ មិន​ពាក់មួក​សុវត្ថិភាព​ ។​ល​។​ ជាក់ស្តែង​ប្រសិនបើ​អ្នកបើកបរ​គាត់​ស្រវឹង​ហើយ​ ទៅ​កាន់​បញ្ជា​ដៃចង្កូត​នៅ​លើ​ដងផ្លូវ​សាធារណ​ នោះ​សោកនាដកម្ម​អាច​នឹង​ត្រូវ​កើតឡើង​ក្នុង​សភាព​ធ្ងន់ធ្ងរ​ដោយ​ស្មាន​ពុំ​ដល់​។​ អាស្រ័យ​ ហេតុនេះ​ សាលាខេត្ត​ព្រះ​សីហ​នុ​ កាកបាទក្រហមកម្ពុជា​ ក្រោម​ការ​ចូលរួម​សហការ​ពី​ដៃគូ​ពាក់ព័ន្ធ​នានា​ បាន​រៀបចំ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​នេះ​ឡើង​ដើម្បី​ក្រើនរំលឹក​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឱ្យ​បាន​យល់​ដឹង​ និង​ការពារ​ខ្លួន​ឱ្យ​ជា​ផុត​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​។​

​តាម​របាយការណ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​បង្ហាញ​ថា​ ក្នុង​រយៈពេល​ ត្រីមាស​ទី​៣​ឆ្នាំ​២០១៩​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ៩៨៨​លើក​ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​៤៨៨​នាក់​ និង​របួស​ចំនួន​១,៤៩៤​នាក់​ ដែល​ក្នុង​នោះ​ខេត្ត​ព្រះ​សីហ​នុ​ស្លាប់​ចំនួន​៣៧​នាក់​។​ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ គឺ​នៅ​តែ​បណ្តាល​មក​អំពី​បើកបរ​ល្មើស​ល្បឿន​កំណត់​ ៣៣%,​ ការ​មិន​គោរព​សិទ្ធ​អ​ទិ​ភាព​ ២៧%,​ ការ​មិន​ប្រកាន់​ស្តាំ​ ១៣%,​ ការ​វ៉ា​ជែង​ ១០%,​ ការ​បត់​ ៩%,​ ស្រវឹង​ ៤%,​ កត្តា​យានយន្ត​ ៣%​ និង​ងងុយ​១%​។​ ប្រៀបធៀប​ឆមាស​ទី​៣​ ឆ្នាំ​២០១៨​ គ្រោះថ្នាក់​ចរាចរណ៍​កើន​ចំនួន​ ២៣៨​លើក​ (៩៨៨/៧៥០​លើក​)​ ស្មើ​៣២%​ ស្លាប់​កើនឡើង​ចំនួន​ ១០៥​នាក់​ (៤៨៨/៣៨៣​នាក់​)​ ស្មើ​២៧%​ និង​របួស​កើន​ ៤៤៦​នាក់​ (១,៤៩៤/​ ១,០២៨)​ ស្មើ​៤៥%​។​ ពោល​គឺ​ចំនួន​នេះ​ គឺ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ ហើយ​អ្នក​ស្លាប់​នាំមុខ​ភាគច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ខេត្តកំពង់ស្ពឺ​ និង​ខេត្ត​ព្រះ​សីហ​នុ​។​ ​សាលាខេត្ត​ព្រះ​សីហ​នុ​ APIWSA​ ព្រមទាំង​ដៃគូ​ដែល​បាន​ចូលរួម​ទាំងអស់​ រំពឹង​ថា​ផល​ដែល​ទទួល​បាន​ពី​ការងារ​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​នេះ​នឹង​អាច​ចូលរួម​ទប់ស្កាត់​ឲ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​ និង​របួស​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​កំឡុង​ពេល​បុណ្យ​ទាន​ធំៗ​ឲ្យ​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ​៕


ចំនួនអ្នកទស្សនា

    20551797

  • ថ្ងៃនេះ8381
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87461
  • ខែនេះ109341
  • ឆ្នាំនេះ109341
  • សរុប20551797