តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាល ខេត្តតាកែវ នៅរសៀលព្រឹកថ្ងៃអង្គារ ៩កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ កងកំលាំងនគរបាលខេត្ត នៅស្នងការដ្ឋាននគរ បាលខេត្ត ដែលពិធីនេះក៏មានការអញ្ជើញដោយ លោក ខាន់ សុខា អភិបាលរងខេត្ត ឯកឧត្តម ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលជាមួយកំលាំងនគរបាលខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានប្រសាសន៍អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នាប្តេជ្ញាថែរក្សាសន្តិភាពដែលកំពុង តែមានដូចសព្វថ្ងៃនេះ ឲ្យបានជាដាច់ខាត ហើយការពារ រាជរដ្ឋាភិបាល ដែលកើត ចេញពីការបោះឆ្នោតស្របច្បាប់ និងប្រឆាំងរាល់ ការប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល ឬក្រុមដែលចង់បង្កអស្ថេរភាពសង្គម ដោយមិនអោយក្រុមនេះ ធ្វើអ្វីបានជាដាច់ខាត ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរក្សានូវសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា អាជ្ញាធរបានត្រៀមកម្លាំងសម្រាប់ការពារ សុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវ ជាពិសេស នៅថ្ងៃទី០៩ វិច្ឆិកា ២០១៩ ដែលរដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីបុណ្យ ឯករាជ្យជាតិ នៅទីតាំងវិមានឯករាជ្យ និងពិធីហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់មូលដ្ឋានភូមិ ឃុំ ស្រុក ក្រុង។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលជាមួយកងកំលាំងនៃស្នងការនគរបាលខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បាននាំយកមកនូវ ទឹកក្រូច ១០០កេស ទឹកបរិសុទ្ធ ១០០កេស និងថវិកា ១០,០០០,០០០ រៀល ផងដែរ ៕