ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ទទួល​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​អង់គ្លេស​ លោក​ជំទាវ​ Tina​ Redshaw

05-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ទទួល​ជួប​សំណេះសំណាល​ពិភាក្សា​ការងារ​ជាមួយនឹង​ លោក​ជំទាវ​ Tina​ Redshaw​ ឯកអគ្គរាជទូត​ នៃ​ប្រទេស​អង់គ្លេស​ និង​មន្ត្រី​អង់គ្លេស​មួយ​ចំនួន​របស់​ស្ថានទូត​ ដែល​ចង់​ស្វែង​យល់​ដឹង​អំពី​ស្ថានភាព​អនុវត្ត​ច្បាប់​ និង​ការ​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​ ដោយ​កងកម្លាំង​នគរ​ជាតិ​កម្ពុជា​។​ ការ​ជួប​សំណេះសំណាល​នេះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ នៃ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ និង​អង្គភាព​ ដែល​បាន​និង​កំពុង​បំពេញភារកិច្ច​បង្ក្រាប​អំពើ​បទល្មើស​ឆ្លង​ដែន​ជា​ប្រចាំ​រៀងរាល់ថ្ងៃ​។​

​ជា​កិច្ច​ចាប់ផ្តើម​ លោក​ជំទាវ​ Tina​ Redshaw​ បាន​ថ្លែងអំណរគុណ​ចំពោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​អាជ្ញាធរ​កម្ពុជា​ ក្នុង​នោះ​រួម​មានការ​ចូលរួម​ពី​កងកម្លាំង​នគរបាល​ ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​ ក្នុង​ការ​ជួយ​រក​សាកសព​ស្ត្រីជាតិ​អង់គ្លេស​អាយុ​២១​ឆ្នាំ​កញ្ញា​ Amelia​ Bambridge​ ដែល​ បាន​បាត់បង់​ជីវិត​ដោយ​ការ​លង់ទឹក​។​ លោក​ជំទាវ​ឯកអគ្គរាជទូត​ និង​ក្រុម​មន្ត្រី​ជំនាញ​អង់គ្លេស​ បាន​ស្នើ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​នេ​ត​ សា​វឿ​ន​ ជួយ​ផ្តល់​បទ​ពិសោធន៍​ខ្លះ​ពាក់ព័ន្ធ​ករណី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ជា​ពិសេស​បញ្ហា​គ្រឿងញៀន​,​ បញ្ហា​អំពើ​រត់ពន្ធ​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ និង​បទល្មើស​បច្ចេកវិទ្យា​ផង​ដែរ​។​

​ក្នុង​ប្រសាសន៍​ឆ្លើយ​តប​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ ចំពោះ​ការ​បាត់​បង់ជីវិត​ស្ត្រី​ទេសចរណ៍​ជាតិ​អង់គ្លេស​ និង​បាន​ថ្លែង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព​។​ ក្នុង​ប្រសាសន៍​ពាក់ព័ន្ធ​បទ​ពិសោធន៍​បង្ក្រាប​អំពើ​ល្មើស​ឆ្លង​ដែន​ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​លើក​ជុំវិញ​កង្វល់​ពិភពលោក​នូវ​បញ្ហា​ភេរវកម្ម​ ដែល​កម្ពុជា​មិន​ទាន់​មាន​ករណី​នេះ​កើតឡើង​នៅឡើយ​ទេ​ ប៉ុន្តែ​កម្ពុជា​បាន​ស្ថិត​ក្នុង​ការ​តាមដាន​ជា​និច្ច​ជាមួយ​កង្វល់​ភេរវកម្ម​របស់​ពិភពលោក​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ បាន​បញ្ជាក់​ប្រាប់​ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​អង់គ្លេស​ ជុំវិញ​កិច្ច​សហប្រតិបត្តិការ​រវាង​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា​ជាមួយនឹង​ក្រុមប្រឆាំង​ឧក្រិដ្ឋកម្ម​ជាតិ​អង់គ្លេស​ NCA​ National​ Crime​ Agency,​ បទ​ពិសោធន៍​ នៃ​ការ​បង្ក្រាប​គ្រឿងញៀន​រួម​ទាំង​ការ​បញ្ជាក់​នូវ​ប្រភព​នាំ​ចូល​ និង​លំហូរ​ឆ្លងកាត់​ប្រទេស​កម្ពុជា​ ទៅ​កាន់​ប្រទេស​ ទី​៣​ថែម​ទៀត​ ដោយ​កម្ពុជា​មិនមែន​ជា​ប្រទេស​ផលិត​គ្រឿងញៀន​ទេ​ ប៉ុន្តែ​ជា​ប្រទេស​ដែល​រង​គ្រោះ​នៃ​ ការ​ប្រើប្រាស់​គ្រឿងញៀន​។​ ដោយឡែក​បទ​ពិសោធន៍​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​ និង​បញ្ហា​បទល្មើស​ឧក្រិដ្ឋ​បច្ចេកវិទ្យា​ ដែល​កម្ពុជា​ និង​ពិភពលោក​កំពុង​ប្រឈម​នា​បច្ចុប្បន្ន​នេះ​ផង​ដែរ​។​

​លោក​ជំទាវ​Tina​ Redshaw​ បាន​ថ្លែងអំណរគុណ​ចំពោះ​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ​ ដែល​បាន​ឆ្លៀត​ឳ​កាស​ឲ្យ​លោក​ជំទាវ​ និង​មន្ត្រី​ជំនាញ​ស្ថានទូត​ចូល​ជួប​សំណេះសំណាល​ និង​ពិភាក្សា​ស្វែង​យល់​ពី​បទ​ពិសោធន៍​បង្ក្រាប​ករណី​ឧក្រិដ្ឋ​ឆ្លង​ដែន​របស់​កម្ពុជា​ និង​លោក​ជំទាវ​បាន​ថ្លែង​បើកចំហរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់​ស្ថានទូត​អង់គ្លេស​ជាមួយនឹង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​កិច្ចសហការ​ផ្តល់​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ជួយ​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​នេះ​៕

 

ចំនួនអ្នកទស្សនា

    20551467

  • ថ្ងៃនេះ8051
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87131
  • ខែនេះ109011
  • ឆ្នាំនេះ109011
  • សរុប20551467