ភ្នំពេញ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណជន និងបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមឱ្យបានល្អប្រសើរនៅក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យបងប្អូនធ្វើការលក់ដូរ ការទិញ និងប្រើប្រាស់នូវសំលៀកបំពាក់មានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋាន កងកម្លាំងប្រដាប់អាវុធ ដែលមានអក្សរPOLICE PM ARMY ជាដើម និងវិទ្យុទាក់ទង ឬឧបករណ៍ផ្សេងៗដោយគ្មានការអនុញ្ញាត ធ្វើឱ្យមហាជនមានការភ័ន្តច្រឡំថាជាកម្លាំងសមត្ថកិច្ច ហើយអាចបន្លំខ្លួនប្រព្រឹត្តបទល្មើសផ្សេងៗបង្កចលាចលក្នុងសង្គម។
ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយពិនិត្យតាមដានការលក់ ដូរ ការប្រើប្រាស់សំលៀកបំពាក់ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ និងការប្រើប្រាស់វិទ្យុទាក់ទងដែលមិនប្រក្រតី។ ប្រសិនបើពិនិត្យឃើញថាមានសកម្មភាពនេះកើតឡើង ត្រូវចាត់វិធានការអប់រំណែនាំឱ្យបញ្ឈប់ការលក់ដូរ ការទិញ និងការប្រើប្រាស់ជាបន្ទាន់។ ក្នុងករណីទង្វើនេះបង្កជាបទល្មើសជាក់ស្តែង ត្រូវឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕