កម្លាំងប្រដាប់អាវុធ៣ប្រភេទ ឈរជើងក្នុងខេត្តបន្ទាយមានជ័យចាប់ហ្វឹកហាត់រួមគ្នា

06-November-2019 | ដោយ ពលមនសិការ

បន្ទាយមានជ័យ៖ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទដែលឈរជើងនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យបានហ្វឹកហាត់ទ្រង់ទ្រាយធំរួមគ្នាដើរជាក្បួនគ្រប់គោលដៅនៃកម្លាំងប្រដាប់អាវុធនីមួយៗចូលសាលាខេត្តដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្តិភាព។ ពិធីហ្វឹកហ្វឺនរួមគ្នានេះធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ដោយចាប់ផ្តើមចល័តទ័ពតាំងពីម៉ោង៥ព្រឹកសំដៅចូលជុំនៅសាលាខេត្តបន្ទាយមានជ័យ។

 យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជម្រាបជូនដំណឹងដល់ឯកឧត្តមលោកជំទាវលោកលោកស្រីម្ចាស់រោងចក្រសហគ្រាសនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យឲ្យបានជ្រាបថានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង៧និង០០នាទី និងមានការហ្វឹកហ្វឺនរួមគ្នារវាងកងកម្លាំងឈរជើងនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានកម្លាំងទីបញ្ជាការយុទ្ធភូមិភាគទិសទីមួយបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តនិងមានការចល័តក្បួនចេញពីទីបញ្ជាការដ្ឋាន យុទ្ធភូមិភាគទីមួយបន្ទាយមានជ័យ ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត មកជួបជុំក្នុងបរិវេណសាលាខេត្តនឹងបន្តចល័តជុំវិញខេត្តដើម្បីបង្កើនការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព។ ដូច្នេះ សូមសាធារណជននិងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាននិងកុំមានការព្រួយបារម្ភ។

សូមបញ្ជក់ថាកាលព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩កម្លាំងទាំងបីប្រភេទខាងលើហ្វឹកហាត់រួមគ្នា ម្តងរួចមកហើយដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពនៅក្នុងខេត្ត និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ពីក្រុមចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលកំពុងមានបំណងយាយីសន្តិភាពរបស់ជាតិខ្មែរ។ កងកម្លាំងទាំងនោះត្រូវបានបំពាក់អាវុធយុទ្ធភ័ណ្ឌ សម្ភារៈប្រយុទ្ធ រថពាសដែក រថយន្តតូចធំជាដើម។ នឹងមានការហ្វឹកហាត់បាញ់គ្រាប់ពិតពីអាវុធតូចធំ។

ការហ្វឹកហាត់បង្ហាញពីកងកម្លាំងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនាឱកាសនេះស្របពេលដែលកម្លាំងទាំងបីប្រភេទបានដាក់ពង្រាយនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃយ៉ាងម៉ឺងម៉ាត់ដើម្បីត្រៀមទប់ស្កាត់និងការញុះញង់របស់ក្រុមឧទ្ទាមខុសច្បាប់ដែលដឹកនាំដោយទណ្ឌិតសមរង្ស៊ីដែលបម្រុងចូលមកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ធ្វើការបះបោរផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ជាមួយគ្នានោះកងកម្លាំងប្រដាប់អាវុធរបស់ថៃក៏បានសហការជាមួយកម្លាំងរបស់កម្ពុជាបានបិទរូបថតទណ្ឌិតសម រង្ស៊ីនិងបក្ខពួកក្រុមឧទ្ទាមក្រៅច្បាប់ទាំងអស់ដើម្បីហាមឃាត់មិនឱ្យចូលមកកម្ពុជាផងដែរ ៕

 

ចំនួនអ្នកទស្សនា

    20551987

  • ថ្ងៃនេះ8571
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87651
  • ខែនេះ109531
  • ឆ្នាំនេះ109531
  • សរុប20551987