ភ្នំពេញ៖ កម្ពុជាបានជាប់ឆ្នោតជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ហើយបានបំពេញតួនាទីចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលបានដឹកនាំកិច្ចប្រជុំពេញអង្គនៃមហាសន្និបាត អ.ស.ប. ដូចខាងក្រោម៖
- នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៧៣ ក្រោមប្រធានបទ “Making the United Nations Relevant to All People” ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរាជ/រដ្ឋាភិបាលនៃរដ្ឋសមាជិក។ នេះជាតួនាទីប្រកបដោយមោទនភាពជាតិ និងជាប្រវត្តិសាស្ត្ររបស់កម្ពុជា។
- នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី៣៤ នៃមហាសន្និបាតអ.ស.ប. ដែលបានអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចចិត្តស្ដីពី របាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ។ រដ្ឋសមាជិកបានបញ្ជាក់ជាថ្មីនូវការគាំទ្រតួនាទីដ៏សំខាន់នៃទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ ក្នុងការអភិវឌ្ឍលើកកម្ពស់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងបំណងសន្តិភាព ការផ្ទេរបច្ចេកវិទ្យាដល់ ប្រទេសកំពុងអភិវឌ្ឍន៍ និងធានានូវសុវត្ថិភាពសន្តិសុខថាមពលនុយក្លេអ៊ែរ។
- នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ កម្ពុជាបានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី៤៤ នៃមហាសន្និបាតអ.ស.ប. ដែលបានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន០២៖
• សេចក្ដីសម្រេចចិត្តស្តីពីការកំណត់យកថ្ងៃទី២៤ ខែមករា ជាទិវាអន្តរជាតិនៃការអប់រំ និងតម្រូវឱ្យរដ្ឋសមាជិក អង្គការក្រោមប្រព័ន្ធអ.ស.ប. ទាំងអស់ និងសង្គមស៊ីវិលប្រារព្ធទិវានេះ ជារៀងរាល់ឆ្នាំ។
• សេចក្ដីសម្រេចចិត្តស្តីពីកីឡាជាកាតាលីករនៃការអភិវឌ្ឍដោយចីរភាព ដែលបានបញ្ជាក់អំពីសារៈសំខាន់ នៃការអនុវត្តអនុសញ្ញាពាក់ព័ន្ធដូចជា អនុសញ្ញាស្ដីពីសិទ្ធិកុមារ អនុសញ្ញាស្ដីពីសិទ្ធិជនពិការ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ការរើសអើងគ្រប់ទំរង់ប្រឆាំងនឹងស្ត្រី និងអនុសញ្ញាអន្តរជាតិស្តីពីការប្រឆាំងនឹងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ក្នុងកីឡា។
- នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ កម្ពុជាបានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី៧១ នៃមហាសន្និបាត អ.ស.ប. ស្តីពីការលុបបំបាត់ការរើសអើងពូជសាសន៍ ការប្រកាន់ពូជសាសន៍ ការស្អប់ជនបរទេស និងការមិនអត់ឱនឱ្យគ្នា នៅក្នុងទិវានៃការលុបបំបាត់ការរើសអើងពូជសាសន៍។ រដ្ឋសមាជិកបានអំពាវនាវឱ្យអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់ការរើសអើងពូជសាសន៍គ្រប់រូបភាពឱ្យបានខ្ជាប់ខ្ជួន ជំរុញការចូលរួមប្រយុទ្ធ ប្រឆាំងនឹងការរើសអើងទាំងកំរិតជាតិ និងកំរិតអន្តរជាតិ។
- នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ កម្ពុជាបានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី៧៩ នៃមហាសន្និបាតអ.ស.ប. ដែលបានពិភាក្សាអំពីវប្បធម៌សន្តិភាព ក្នុងទិវានៃពហុភាគីនិយម និងការទូត ដើម្បីសន្តិភាព។ រដ្ឋសមាជិកបានអំពាវនាវឱ្យពង្រឹងអភិក្រមពហុភាគីនិយមឱ្យមានប្រសិទ្ធិភាព និងការគោរពគោលការណ៍នៃធម្មនុញអ.ស.ប.ឱ្យបានពេញលេញ ជាពិសេសការគោរពសមភាព នៃរដ្ឋអធិបតេយ្យ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិក និងការហាមឃាត់មិនឱ្យប្រើកំលាំងយោធាដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សា សន្តិសុខអ.ស.ប.។
- នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ កម្ពុជាបានដឹកនាំកិច្ចពិភាក្សាក្រៅផ្លូវការអំពីទីផ្សារវត្ថុធាតុដើម។ រដ្ឋសមាជិកបានជម្រុញឱ្យមានការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដើម្បីធានាដល់ទីផ្សារវត្ថុធាតុដើមឱ្យមានភាពទៀងទាត់ និងស្មើភាពត្រឹមត្រូវ និងបានអំពាវនាវឱ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិគាំទ្រដល់បណ្តាប្រទេស នានា ក្នុងដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចដោយបរិយាប័ន្ន និងមានលក្ខណៈសំបូរបែប។
- នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ កម្ពុជាបានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី៨៥ នៃមហាសន្និបាតអ.ស.ប. ដែលបានពិភាក្សាអំពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការរវាងអ.ស.ប. និងមូលនិធិអន្តរជាតិសម្រាប់អភិរក្សសមុទ្រអេរ៉ាល់។ កិច្ចប្រជុំបានអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចចិត្ត ចំនួន០២ ដូចខាងក្រោម៖
• សេចក្ដីសម្រេចចិត្តស្តីពីការកំណត់យកថ្ងៃទី២២ ខែសីហា ជាទិវាអន្តរជាតិឧទ្ទិសដល់ជនរងគ្រោះ ដោយសារអំពើហឹង្សាពាក់ព័ន្ធនឹងជំនឿសាសនា និងស្នើឱ្យរដ្ឋសមាជិក អង្គការតំបន់និងអន្តរជាតិ សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលប្រារព្ធទិវានេះ។
• សេចក្ដីសម្រេចចិត្តស្ដីពីកិច្ចសហប្រតិបត្តិការរវាងអ.ស.ប. និងមូលនិធិអន្តរជាតិសម្រាប់អភិរក្សសមុទ្រអេរ៉ាល់ ដែលជម្រុញការអនុវត្តកម្មវិធីការពារបរិស្ថានតំបន់ និងក្នុងតំបន់អាស៊ី កណ្ដាលដោយមានការចូលរួមពីភ្នាក់ងារជំនាញអ.ស.ប.៕