បន្ទាយមានជ័យ៖ ឪពុកនៅពេលឃើញកូនប្រុសឈ្លោះគ្នាចូលទៅហាមត្រូវបានជនបង្កកាប់ត្រូវជាច្រើនកាំបិត បណ្តាលឱ្យរបួសធ្ងន់ ដែលកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី។
ជនរងគ្រោះមានឈ្មោះ ហាយ ហ៊ា ភេទប្រុស អាយុ៥៥ឆ្នាំរស់នៅភូមិកើតហេតុ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមង្គលបូរី។
តាមសាច់ញាតិជនរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុ មានជនបង្កមួយក្រុមបានឈ្លោះប្រកែកជាមួយកូនប្រុសរបស់ខ្លួនហើយជនរងគ្រោះជាឪពុកបានចូលទៅហាមឃាត់មិនឱ្យឈ្លោះប្រកែកគ្នា ស្រាប់តែជនបង្កប្រមាណ៣ទៅ៤នាក់ មានកាំបិតស្ទើរគ្រប់ដៃបានស្ទុះទៅកាប់កូន ហើយជនរងគ្រោះបានស្ទុះយកខ្លួនទៅពាំងកូនប្រុសត្រូវជនបង្កកាប់ត្រូវជាច្រើនកាំបិតបណ្តាលឱ្យរបួសធ្ងន់ហើយជនបង្កបានរត់គេចខ្លួនអស់។
សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា៖ជនរងគ្រោះដែលត្រូវជនបង្កដោយក្រុមក្មេងស្ទាវកាប់ត្រូវជនបង្កកាប់ត្រូវថ្ពាល់ខាងឆ្វេង ស្មាខាងស្តាំ កែងដៃខាងឆ្វេង កំភួនដៃ កងដៃខាងស្តាំ របួសធ្ងន់ហើយត្រូវបានសាចញាតិសង្គ្រោះបន្ទាន់បញ្ជូនទៅមន្ទីរពេទ្យមិត្តភាព.កម្ពុជាជប៉ុនមង្គលបូរី។
សមត្ថកិច្ចបានបញ្ជាក់ថា៖ចំពោះជនបង្ក៣ទៅ៤នាក់ដែលកាប់ជនរងគ្រោះបណ្តាលឱ្យរបួសធ្ងន់ ដែលគេចខ្លួនសមត្ថកិច្ចបានស្គាល់មុខហើយកំពុងស្រាវជ្រាវនិងចាប់ខ្លួនឱ្យបានដើម្បីចាត់ការតាមច្បាប់៕