កណ្ដាល៖ យ៉ាងហោចណាស់ មនុស្សម្នាក់រងរបួសធ្ងន់ រីឯមនុស្ស២នាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដ និងម៉ូតូបុកគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ទី១-ឈ្មោះ ស៊ុយ សុវណ្ណរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ (រងរបួសស្រាល) ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GV- 9613 ទី២-ឈ្មោះជា ឡៃសៀង ភេទស្រី អាយុ១៩ឆ្នាំ (រូមដំណើររងរបួសធ្ងន់) និងទី៣-ឈ្មោះ ឈាន ឆេងហួ ភេទប្រុស អាយុ១៩ឆ្នាំ (ជាអ្នករួមដំណើររបួសស្រាល)។ ជនរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិអូពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែករថយន្ដម៉ាកTADANO ប្រភេទស្ទួច ធុនធំ ពណ៌លឿង គ្មានស្លាកលេខ បើកបរដោយឈ្មោះ ណន ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិអណ្ដូងប្រាំង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដស្ទូចខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ខណៈនោះក៏មានម៉ូតូហុងដាមួយគ្រឿងជិះគ្នា៣នាក់ ក៏ឈប់មិនទាន់ បានបុករថយន្ដពេញមួយទំហឹងបណ្ដាលឲ្យនារីម្នាក់ឈ្មោះ ជា ឡៃសៀង ជាអ្នករួមដំណើរ ទទួលរងរបួសធ្ងន់ រីឯ២នាក់ទៀតរងរបួសស្រាល។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ដោយឡែករថយន្ដនឹងម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ បានពិនិត្យវាស់វែង រួចកសាងសំណុំរឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្ត បើកបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន រីឯម៉ូតូបើកបរដោយល្បឿនលឿន ៕