សៀមរាប៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប មានប្រកួតប្រណាំងទូក(ង) ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងវត្តមានចូលរួមរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ព្រះវិហារ ខេត្តកំពង់ធំ និង ខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក អង្គការសង្គមស៊ីវិល ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។
តាមសេចក្តីរាយការណ៍របស់អនុគណៈកម្មការបច្ចេកទេស បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ ការប្រណាំងទូក(ង) មានទូកចូលរួមចំនួន ៣៣ទូក មានទូកនារី ០៥ទូក ដែលមានចំណុះ ២២នាក់ ហើយ មានកីឡាករ កីឡាការី សរុប ១ពាន់៥២៨នាក់ នារី ១១០នាក់ និងកីឡាករ កីឡាការីបម្រុង សរុបចំនួន១៨៦នាក់ អ្នកដឹកនាំ ៦២នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ដើម្បីសម្រាប់ប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ។
ក្នុងពិធីប្រណាំងទូក(ង)នេះ ក៏មានការចូលរួមប្រកួតប្រណាំង នូវក្រឡោ ចំនួន៦គូរ និងទូកខ្នាតតូច ២គូរ ដែលជាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរយើងនៅខេត្តសៀមរាប។
មានប្រសាសន៍បើកការប្រកួតប្រណាំងទូក(ង)នាឱកាសនោះ ឯកឧត្តមបណ្ឌិត ទៀ សីហា ក៏បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃ១៤-១៥កើត ខែកត្តិក នៅខេត្តប្រវត្តិសាស្ត្រមួយនេះ តែងប្រារព្វធ្វើទៅតាមប្រពៃណីខ្មែរ ហើយប្រព្រឹត្តទៅក្នុងលក្ខខណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមល្អប្រសើរ ដែលកត្តាចំបងនេះ បាននិងកំពុងមានឥទ្ធិពលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកទស្សនាកំសាន្តខេត្តសៀមរាបកាន់តែច្រើនឡើងៗ។
លើសពីនេះទៀត ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាការឧទ្ទិសដល់អតីតកាលនៃអធិរាជអាណាចក្រខ្មែរ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រជំនាន់នោះ ដែលព្រះអង្គទ្រង់បានដឹកនាំកងទ័ពជើងទឹកដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និងពោរពេញដោយសមត្ថភាពប្រយុទ្ធ បានរំដោះជាតិមាតុភូមិ ចេញផុតពីការឈ្លានពានរបស់បច្ចាមិត្ត ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ និង កសាងសង្គមជាតិឲ្យរីកចម្រើនថ្កុំថ្កើងរហូតដល់ក្លាយជាអារ្យប្រទេសដ៏កំពូលនាសម័យនោះ ។
ឯកឧត្តម ទៀ សីហា បានបន្តទៀតថា ម្យ៉ាងវិញទៀត យើងទាំងអស់គ្នាប្រាកដជាយល់ដឹងហើយថា ព្រះរាជពិធីបុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំ ពាក់ព័ន្ធនឹងជំនឿយ៉ាងជ្រាលជ្រៅក្នុងមនោសញ្ចេតនារបស់យើង ដែលបុព្វបុរស ខែ្មរបានប្រារព្វធ្វើតាំងពីយូរយារណាស់មកហើយ ដើម្បីជាការរំលឹកដឹងគុណដល់ ព្រះគង្គារ ដែលហូរនាំដីល្បាប់ដ៏មានជីជាតិសម្រាប់បង្កបង្កើនផល នៃប្រជាកសិករយើង ហើយក៏ជារំលឹកដឹងគុណដល់ព្រះបរមគ្រូដែលយកកំណើតជាសត្វទន្សាយព្រះពោធិសត្វ ហើយឧទ្ទិសថ្វាយខ្លួន ដើម្បីសម្រេចនូវព្រះសម្មាសម្ពោធិញ្ញាណ។
ជាមួយគ្នានេះដែរ ព្រះរាជពិធីបុណ្យបណ្តែត ប្រទីប គឺជាការឧទ្ទិស ដល់អារុក្ខ អារក្ស អ្នកតា បារមីថែរក្សាទឹកដី ដើម្បីសុំសេចក្តីសុខក្សេមក្សាន្តដល់កូនចៅ ដែលរស់នៅឲ្យទទួលបានសុខសុភមង្គលចំរើនរុងរឿង និងដើម្បីព្យាករណ៍អាកាសធាតុសម្រាប់បង្កបង្កើនផលនៅឆ្នាំបន្ទាប់ផងដែរ។
ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យនេះ គឺជាតម្លៃនៃទស្សនវិជ្ជារបស់បុព្វបុរសខ្មែរដែលមានគតិបណ្ឌិត ក្នុងការសំយោគចូលគ្នារវាងជំនឿសាសនា និងទំលៀមទំលាប់បង្កើតបានជាពិធីបុណ្យមួយប្រកបដោយសភាពរស់រវើក ទន់ភ្លន់ និង មានលក្ខណៈសកលភាពឲ្យទៅជា អត្តសញ្ញាណជាព្រលឹងជាតិក្នុងស្មារតី នៃការរួបរួមសាមគ្គី កិច្ចសហប្រតិបត្តិការ និងការយោគយល់អាធ្យាស្រ័យគ្នា ដើម្បីឧត្តមប្រយោជន៍ជាតិ។ ស្ថិតលើហេតុផលទាំងអស់នេះសក្ខីភាពបញ្ជាក់ឲ្យឃើញថា បុព្វបុរសខ្មែរបានបង្កើតពូជពង្សជាតិសាសន៍ខ្មែរយើង ដែលជានិច្ចកាលមានសីលធម៌ មានអរិយធម៌ និងអត្តសញ្ញាណខ្ពង់ខ្ពស់ឧត្តុង្គឧត្តម ល្បីល្បាញតាំងពីដើមរៀងមក។ ក្នុងន័យនេះយើងក៏មានមោទនភាព ដោយមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ នៃទីក្រុងប្រវត្តិសាស្ត្រសៀមរាប ដែលជាទីក្រុងមានការទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត។
ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើ ដល់ជនរួមជាតិទាំងអស់ ដែលចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក សូមចូលរួមថែរក្សានូវអនាម័យ បរិស្ថាន ក្នុងការលើកស្ទួយវប្បធម៌ សោភ័ណ្ឌភាពក្រុងប្រវត្តិសាស្ត្រអង្គរ ព្រមទាំងរក្សាការពារនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន សំខាន់កុមារតូចៗ នៅក្នុងពិធីបុណ្យនេះផងដែរ ៕