ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ អញ្ជើញសាកសួរសុខទុក្ខនិងនាំយកថវិកា៤លានរៀល និងសម្ភារៈមួយចំនួនទៀតឧបត្ថម្ភដល់គ្រួសារនគរបាល២គ្រួសារ ដែលរងគ្រោះថ្នាក់ចរាចរណ៍ក្រោយពីបំពេញភារកិច្ចការងារការពារសន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូកខណៈធ្វើដំណើរត្រឡ់បទៅផ្ទះវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍ និងមន្ត្រីនគរបាល១នាក់ទៀត ឈឺសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល។
ក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ចូលរួមសោកស្តាយដែលមានមន្ត្រីនគរបាលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រោយបំពេញភារកិច្ច ការងារការពារសន្តិសុខ សម្រាប់ឱ្យប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក និងក៏បានជូនពរឱ្យមន្ត្រីនគរបាលជួបគ្រោះថ្នាក់ចរាចរណ៍និងដេកសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រឆាប់ជាសះស្បើយដើម្បីបន្តចូលរួមបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ និងសង្គម។
ឯកឧត្តមក៏បានមានប្រសាសន៍ទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំដែលមានការទទួលខុសត្រូវ និងផ្សារភ្ជាប់ទឹកចិត្តមនោសញ្ចាតនាលោកតែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខដល់មន្ត្រីក្រោមឱវាទជានិច្ច ដើម្បីជួយសម្រួលដោះស្រាយការលំបាកនៅក្នុងជីវភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យដែលកំពុងមើលថែទាំនិងព្យាបាលជំងឺមន្ត្រីនគរបាលទាំង២រូប ជួយធ្វើយ៉ាងណាខិតខំសង្គ្រោះនិងព្យាបាលពួកគាត់ឱ្យអស់លទ្ធភាព និងមានសុវត្ថិភាព។
សូមបញ្ជាក់ថា មន្ត្រីនគរបាលដែលជួបគ្រោះថ្នាក់ចរាចរណ៍ ជាមន្ត្រីនគរបាលបំរើការងារនៃការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងមន្ត្រីម្នាក់ទៀតបំរើការងារនៅផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននិងការងារយេនឌ័រ ៕