មណ្ឌលគិរី៖ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានចូលទៅ កម្សាន្តនៅរមណីយដ្ឋានសមុទ្រឈើ បានសម្ដែងការមិនពេញចិត្តចំពោះអ្នកវិនិយោគនៅទីនោះ ព្រោះតែយកលុយថ្លៃ សូម្បីក្មេងមិនទាន់ចេះដើរក៏តម្រូវឲ្យបង់លុយ២ពាន់រៀល ដើម្បីបានចូលទៅកន្លែងថតរូបអនុស្សាវរីយ៍ ដែលមានការរៀបចំតុបតែងខ្លះៗពីអ្នកវិនិយោគនៅទីនោះ ហើយនៅសមុទ្រឈើនេះដែរ មិនមែនបង់លុយ២ពាន់រៀល ក្នុងម្នាក់បានថតរូបដោយសេរីនោះទេ គឺថតបានតែក្នុងទីតាំងអនុស្សាវរីយ៍១កន្លែងប៉ុណ្ណោះ ប្រសិនចង់ថតនៅទីតាំងផ្សេង ទៀតក្នុងបរិវេណរមណីយដ្ឋានសមុទ្រឈើ តម្រូវឲ្យបង់លុយ២ពាន់រៀលបន្ថែមទៀតក្នុងម្នាក់ មិនយោគយល់ក្មេងចាស់ នោះទេ។
ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានចូលទៅ កម្សាន្តនៅរមណីយដ្ឋានសមុទ្រឈើ បានស្នើសូមឱ្យលោក ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរី មេត្តាជួយយកចិត្តទុកដាក់មើលបញ្ហាការយកលុយថ្លៃ ដើម្បីទៅថតរូបអនុស្សាវរីយ៍ នៅរមណីយដ្ឋានសមុទ្រឈើនេះផង។
គេសង្កេតឃើញថា សម្រាប់ខេត្តមណ្ឌលគិរីរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកក្នុងឆ្នាំនេះ ពុំសូវជាអំណោយផលល្អទេចំពោះដំណើរកម្សាន្តរបស់អ្នកទេសចរ ព្រោះតែគិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១១ វិច្ឆិកា ពោលគឺថ្ងៃទី១ និងថ្ងៃទី២ នៃព្រះរាជបុណ្យអុំទូកខេត្តមណ្ឌលគិរីបានរងនូវភ្លៀងធ្លាក់ជោគជាំ ដែលធ្វើឲ្យអ្នកទេសចរពិបាកដើរលេងកម្សាន្ត ប៉ុន្តែទោះជាយ៉ាងនេះក្ដីតាមការស្រង់ស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្ត ចំនួនអ្នកទេសចរជាតិមានកើនឡើងដូចរៀងរាល់ឆ្នាំ មិនមានអ្វីប្រែប្រួលនោះទេ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងថា ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ភ្ញៀវទេសចរបានចូលមកកម្សាន្តនៅខេត្តមណ្ឌលគិរីជាធម្មតា និងមានការរក្សាសន្តិសុខយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរខេត្ត។ ហើយទោះជាមានភ្លៀងច្រើនក្ដី ប៉ុន្តែភ្ញៀវទេសចរនៅបន្តដំណើរកម្សាន្តទៅគោលដៅទេសចរណ៍នានាជាធម្មតា ដូចជារមណីយដ្ឋានទឹកជ្រោះប៊ូស្រា រមណីយដ្ឋានអូរផ្លាយ ភ្នំដោះក្រមុំ រមណីយដ្ឋានដំណាក់ស្ដេច និងតាមតំបន់ដែលមានទេសភាពស្រស់ស្អាតជាច្រើនទៀត។
លោក ងិន សុវិមាន បានឲ្យដឹងទៀតថា ស្ថិតក្នុងរង្វង់សីតុណ្ហភាព១៩អង្សាក្នុងខេត្តមណ្ឌលគិរី នៃព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវទេសចរជិត ២ម៉ឺន ៥ពាន់នាក់ ចូលមកកម្សាន្ត មានការកើនឡើង ៣.២១% ក្នុងនោះទេសចរជាតិ មានចំនួន ជាង ២ម៉ឺន ២ពាន់នាក់ កើនឡើង ៣.៤៩% ចំណែកទេសចរអន្តរជាតិមានការថយ ១២%។
សូមបញ្ជាក់ដែរថា គ្រប់គោលដៅទេសចរណ៍នានា គឺមានការរៀបចំសេវាកម្មសោភណ្ឌភាពយ៉ាងល្អប្រសើរជូន ភ្ញៀវទេសចរ ខណៈដែលមន្ទីរទេសចរណ៍ខេត្តក៏កំពុងរកដៃគូអភិវឌ្ឍន៍កែលំអររមណីយដ្ឋានធម្មជាតិជាច្រើនទៀតក្នុង ខេត្តមណ្ឌលគិរី ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង ៕