កំពង់ធំ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញត្រួតពិនិត្យសកម្មភាព ហ្វឹកហាត់លំហាត់របៀបវិន័យក្នុងកងជួររបស់កងកម្លាំងនគរបាលជាតិនៅទីប្រមូលផ្ដុំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ ដោយមានការអញ្ជើញចូលរួម លោក លោកស្រីស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ និងមន្ត្រីននគរបាលចំណុះអោយការិយាល័យជំនាញចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានមតិលើកឡើង ដល់បងប្អូនកងកម្លាំងក្នុងកងជួរដែលបានប្រមូលផ្ដុំប្រជួរ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ គឺដើម្បីរង់ចាំអនុវត្ត ច្បាប់ បទបញ្ជា របស់ថ្នាក់ដឹកនាំ ក្នុងកិច្ចអន្តរាគមន៍ ការពារគោលដៅ ចំនុចខ្ពស់ ជាពិសេសកិច្ចអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា នាគ្រាប្រជាជន ណាមួយរងគ្រោះ ក្នុងស្ថានភាពលំបាក។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បន្តមានមតិ ក្រោយពីការហ្វឹកហាត់លំហាត់របៀប វិន័យក្នុងកងជួរ មួយរយៈកន្លងមកនេះ លោកស្នងការនគរបាលខេត្ត បានសង្កេតឃើញថា កងកម្លាំងមានអង្គឯកភាព វិន័យក្នុងកងជួរ មានលក្ខណៈល្អប្រសើរឡើង។ ទោះបីជាបងប្អូនមានការហត់នឿយបន្តបន្តួចក្នុងការហ្វឹកហាត់យ៉ាងណាក្ដី ក៍ប៉ុន្តែការនឿយហត់នេះគឺសំដៅទៅរកភាព អង់អាច ក្លាហាន មុតម៉ាំ ក្នុងបំពេញភារកិច្ចជាប្រចាំថ្ងៃប្រកបដោយវិន័យ សេចក្តីថ្លៃថ្នូរ សក្ដិសមជាកងកម្លាំងប្រដាប់អាវុធដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ បន្តពង្រឹង និងអនុវត្តច្បាប់ គោលការណ៍ បទបញ្ជារបស់ថ្នាក់ដឹកនាំដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីថែរក្សាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងចូលរួមអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សំដៅថែរក្សាបានភាព សុខក្សេមក្សាន្ត និងការអភិវឌ្ឍរបស់សង្គមជាតិ ៕