កម្លាំង​នគរបាល​ចាប់​ជនសង្ស័យ​ម្នាក់​ រំដោះ​ជន​រង​គ្រោះ​២​នាក់​ករណី​ប្លន់​ប្រដាប់​អាវុធ​ បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​

14-November-2019 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ ករណី​ប្លន់​ប្រដាប់​អាវុធ​ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ និង​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​កម្លាំង​នគរបាល​បើក​ប្រតិបត្តិការ​បង្ក្រាប​បាន​ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ និង​រំដោះ​ជន​រង​គ្រោះ​បាន​២​នាក់​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ផែន​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ទទួល​ព័ត៌មាន​ពី​ជនជាតិ​ចិន​ម្នាក់​ តាម​រយៈ​ទូរស័ព្ទ​ថា​ មាន​ករណី​ប៉ុនប៉ង​មនុស្សឃាត​ របស់​ក្រុម​ប្លន់​ប្រដាប់​អាវុធ​ និង​ចាប់ជំរិត​ទារប្រាក់​ (​រវាង​ជនជាតិ​ចិន​ និង​ជនជាតិ​ចិន​)​ នៅ​ចំណុច​កាស៊ីណូ​ និង​សណ្ឋាគារ​ណា​ន​ហៃ​ ជាន់​ទី​៣១​ បន្ទប់​លេខ​៣១១៨​ ស្ថិត​ក្នុងភូមិ​១​ សង្កាត់​៣​ ក្រុងព្រះសីហនុ​។​

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ សង្កាត់​លេខ​៣​ ក្រោម​ការ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​។​ ពេល​ចុះ​ទៅ​ដល់​សមត្ថកិច្ច​ បាន​ជួយ​រំដោះ​ជន​រង​គ្រោះ​ជនជាតិ​ចិន​២​នាក់​ (​ប្រុស​ម្នាក់​ ស្រី​ម្នាក់​)​ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​ ខណៈ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​។​

​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​២​នាក់​ រួម​មាន​ទី​១៖​ ឈ្មោះ​ Liu​ JunWei​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​រកស៊ី​ មាន​ទីលំនៅ​ភូមិ​១​ សង្កាត់​៣​ ក្រុងព្រះសីហនុ​ កាន់​លិខិតឆ្លងដែន​លេខ​ E51434407​ រង​របួស​ស្នាម​ត្រង់​ច្រមុះ​,​ កែងដៃ​ និង​ដងខ្លួន​ជា​ច្រើន​កន្លែង​ និង​ទី​២៖​ឈ្មោះ​ Chen​ DAFen​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ទេសចរ​ណ៌​ មាន​ទីលំនៅ​ភូមិ​១​ សង្កាត់​៣​ ក្រុងព្រះសីហនុ​ កាន់​លិខិតឆ្លងដែន​លេខ​ EF1467859​ រង​របួស​ស្នាម​ កែងជើង​ និង​ដងខ្លួន​ជា​ច្រើន​កន្លែង​។​

​ដោយឡែក​ ជនសង្ស័យ​២​នាក់​ រួម​មាន​ ទី​១-​ឈ្មោះ​ Li​ HongLiang​ អាយុ​៤៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​១​ សង្កាត់​៣​ ក្រុងព្រះសីហនុ​ និង​ទី​២-​ឈ្មោះ​ហៅ​ក្រៅ​ Xiao​ Chou​ អាយុ​ជាង​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ ភូមិ​១​ សង្កាត់​៣​ ក្រុងព្រះសីហនុ​ (​រត់គេច​ខ្លួន​)​។​

​ក្នុង​ប្រតិបត្តិការ​នេះ​ ក្រៅពី​សម្ភារ​ពាក់ព័ន្ធ​បទល្មើស​ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​ កាំភ្លើង​១​ដើម​ ម៉ាក​ BERETTA​ ពណ៌​ខ្មៅ​ បង់​២​ មាន​២៥​គ្រាប់​,​ ហិប​ដែក​មាន​ស្រោប​ក្រណាត់​ពណ៌​ត្នោត​ ធំ​១​ ក្នុង​នោះ​មាន​វា​ល្លី​ ពណ៌​ខ្មៅ​១​ សម្រាប់​ចាប់ជំរិត​មនុស្ស​,​ មេសោរ​តូច​ ចំនួន​២​ សម្រាប់​ចាក់​ហិប​ដែក​ចាប់ជំរិត​មនុស្ស​ និង​សំបក​កា​ទុះ​កាំភ្លើង​១​គ្រឿង​ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ កំពុងធ្វើការ​សួរនាំ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ចាត់ការ​បន្ដ​តាម​នីតិវិធី​៕


ចំនួនអ្នកទស្សនា

    20550837

  • ថ្ងៃនេះ7421
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86501
  • ខែនេះ108381
  • ឆ្នាំនេះ108381
  • សរុប20550837