សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញ​ជា​អធិបតី​ សិក្ខាសាលា​ស្ដី​ពី​ កិច្ច​សន្ទនា​អន្តរ​ជំនឿ​សាសនា​ ដើម្បី​សុខដុម​នី​យ​កម្ម​សាសនា​នៅ​កម្ពុជា​ លើក​ទី​៨

15-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ៤​រោច​ ខែ​ក​ក្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ជា​អធិបតី​ សិក្ខាសាលា​ស្ដី​ពី​ កិច្ច​សន្ទនា​អន្តរ​ជំនឿ​សាសនា​ ដើម្បី​សុខដុម​នី​យ​កម្ម​សាសនា​នៅ​កម្ពុជា​ លើក​ទី​៨​ ក្រោម​ប្រធានបទ​«​កិច្ច​ជំរុញ​ការ​អនុវត្ត​សេចក្ដី​ប្រកាស​រួម​លើក​ទី​៧​ ស្ដី​ពី​សាសនិក​គ្មាន​គ្រឿងញៀន​ និង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​»​។​

​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​សាលសន្និសីទ​ចតុមុខ​រាជធានី​ភ្នំពេញ​ ដោយ​មានការ​យាង​និមន្ត​ និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្ដេចព្រះ​អគ្គ​មហាសង្ឃរាជ​ទាំង​ពីរ​គណៈ​ សម្ដេចព្រះ​សង្ឃនាយក​ ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​នៃ​ក្រសួង​ធម្មការ​ និង​សាសនា​ តំណាង​សាសនា​នា​នៅ​កម្ពុជា​ និង​តំណាង​អង្គការ​ជាតិ​ អន្តរជាតិ​ពាក់ព័ន្ធ​ជា​ច្រើន​អង្គ​នាក់​។​

​ជា​កិច្ច​ចាប់ផ្ដើម​អង្គពិធី​បាន​ស្ដាប់​ស​ន្ទ​រក​ថា​ស្វាគមន៍​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ហឹ​ម​ ឆែម​ រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា​ ដែល​បើ​តាម​របាយការណ៍​ សិក្ខាសាលា​នៅ​ថ្ងៃនេះ​មានការ​យាង​និមន្ត​ និង​អញ្ជើញ​ចូលរួម​ពី​អង្គ​សិក្ខាសាលា​សរុប​ជាង​៩០០​អង្គ​នាក់​ និង​បាន​គូសបញ្ជាក់​ថា​សិក្ខាសាលា​នៅ​ថ្ងៃនេះ​គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្រប់​សាសនា​ទាំងអស់​ពិតជា​មាន​ឆន្ទៈ​ និង​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​បន្ទាប់​មក​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​សិក្ខាសាលា​ ដោយ​ជា​កិច្ច​ចាប់ផ្ដើម​ សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ បាន​សម្ដែង​សេចក្ដី​រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​បើក​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ​ និង​បាន​ថ្លែងអំណរគុណ​ ព្រមទាំង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​ចំពោះ​ព្រះរាជ​វត្តមាន​ ព្រះ​វត្តមាន​ និង​វត្តមាន​អង្គ​សិក្ខាសាលា​ទាំងអស់​ដែល​បាន​យាង​និមន្ត​ និង​អញ្ជើញ​ចូលរួម​។​

​សម្ដេច​បាន​ថ្លែង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ធម្មការ​ និង​សាសនា​ ស្ថាប័ន​ពាក់ព័ន្ធ​ ព្រមទាំង​ថ្នាក់ដឹកនាំ​និកាយ​សាសនា​ផ្សេងៗ​នៅ​កម្ពុជា​ ព្រមទាំង​សាលា​រាជធានី​ភ្នំពេញ​ ដែល​បាន​សហការ​គ្នា​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ ដែល​ជា​ការ​ផ្ដល់​កិត្ត​យស​ និង​លើកកម្ពស់​កិត្យានុភាព​នៃ​សុខដុម​នី​យ​កម្ម​សាសនា​នៅ​កម្ពុជា​ និង​ជា​ការ​បង្ហាញ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​សេរីភាព​នៃ​ជំនឿ​សាសនា​នៅ​កម្ពុជា​នៅ​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​ថា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បើក​ទូលាយ​នូវ​សិទ្ធិ​សេរីភាព​ខាង​សាសនា​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ដោយ​បាន​ដាក់​បញ្ចូល​វិស័យ​សាសនា​ ទៅ​ក្នុង​បាវចនា​ជាតិ​ គឺ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ពឹង​អាស្រ័យ​គ្នា​ទៅ​វិញ​ ដើម្បី​សុខ​សន្តិភាព​ក្នុង​សង្គម​ ជាក់ស្ដែង​វិស័យ​សាសនា​បាន​ចូលរួម​អប់រំ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ​។​

​សម្ដេច​បាន​គូសបញ្ជាក់​ថា​ រាជរដ្ឋាភិបាល​តែង​ជំរុញ​លើកទឹកចិត្ត​គ្រប់​សាសនា​ក្នុង​ការ​បដិបត្តិ​ទៅ​តាម​គន្លង​សាសនា​នីមួយៗ​ ដើម្បី​បង្កើន​ការ​ចូលរួម​កសាង​អំពើ​ល្អ​ វា​ចាក​អំពើ​ហិង្សា​ ការ​រើសអើង​ ការ​បែងចែក​ជំនឿ​សាសនា​ សំដៅ​ទប់ស្កាត់​ការ​យក​សាសនា​ ធ្វើ​ជា​ឧបករណ៍​ ឬ​ធ្វើ​អាជីវកម្ម​ដែល​អាច​បង្ក​ជា​វិបត្តិ​ ឬ​ភាព​ចលាចល​ក្នុង​សង្គម​កម្ពុជា​ និង​បាន​ជំរុញ​ប្រែក្លាយ​សក្ដានុពល​សាសនា​នីមួយៗ​ឲ្យ​ទៅ​ជា​កម្លាំង​ច​លករ​ក្នុង​ការ​ជំរុញ​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ ព្រមទាំង​ពង្រឹង​សុខ​សន្តិភាព​ ថែទាំ​ប្រពៃណី​ជាតិ​ និង​លើកកម្ពស់​តម្លៃ​សីលធម៌​ក្នុង​សង្គម​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​គូសបញ្ជាក់​ថា​ការ​ចូលរួម​នៅ​ថ្ងៃនេះ​ គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​ចូលរួម​របស់​គ្រប់​សាសនា​នៅ​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ និង​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ ទៅ​តាម​ស្មារតី​នៃ​សេចក្ដី​ប្រកាស​រួម​ស្ដី​ពី​«​សាសនិក​គ្មាន​គ្រឿងញៀន​ និង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​»​ ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា​អង្គ​សិក្ខាសាលា​នៅ​ថ្ងៃនេះ​ នឹង​ផ្ដោត​ការ​ពិភាក្សា​ផ្លាស់​ប្ដូរ​ទស្សនៈ​ មតិយោបល់​ និង​ចែករំលែក​បទ​ពិសោធន៍​ល្អៗ​អំពី​កិច្ច​ជំរុញ​ការ​អនុវត្ត​សេចក្ដី​ប្រកាស​រួម​ និង​អាច​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ ឬ​យន្តការ​គន្លឹះ​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​អនុវត្ត​ឲ្យ​សម​ស្រប​ និង​ទទួល​បាន​លទ្ធផល​ ទៅ​តាម​ការ​វិវត្តន៍​របស់​សង្គម​ ដើម្បី​រួមចំណែក​លើក​ស្ទួយ​យ​សុខដុម​នី​យ​កម្ម​សាសនា​ផង​ និង​ចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ផង​។​

​សម្ដេច​ក៏​បាន​រំលឹក​ឡើង​វិញ​នូវ​ការ​អំពាវនាវ​របស់​សម្ដេច​តេ​ជោ​ទៅ​កាន់​គ្រប់​សាសនា​នៅ​កម្ពុជា​ ក្នុង​ការ​ចូលរួម​រក្សា​សន្តិភាព​ សន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ ចូលរួម​អនុវត្ត​គោលនយោបាយ​ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ ចូលរួម​ធ្វើ​យុទ្ធនាការ​បំបាត់​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿងញៀន​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ បន្ត​សុខដុម​នី​យ​កម្ម​ក្នុង​សាសនា​នីមួយៗ​ និង​យកចិត្តទុកដាក់​លើ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ដើម្បី​ធានា​ឲ្យ​សាសនា​រឹង​ម៉ាំ​ និង​រីក​ចម្រើន​បន្ត​ទៀត​។​

សម្ដេច​បាន​គូសបញ្ជាក់​បន្ថែម​ថា​ការ​ពង្រឹង​សន្តិភាព​ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ គឺជា​កត្តា​គ្រឹះ​ដែល​មិន​អាច​ខ្វះ​បាន​ ហើយ​សម្ដេច​ពិតជា​រីករាយ​បំផុត​នៅ​ពេល​បានឃើញ​ពលរដ្ឋ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​។​ ជាក់ស្ដែង​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​ទូទៅ​ រាប់​ទាំង​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​មួយ​ចំនួន​ផង​ បាន​បង្ហាញ​ការ​បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ផែនការ​វិល​ចូល​ស្រុក​ថ្ងៃ​៩​វិច្ឆិកា​របស់​មេដឹកនាំ​ក្រុម​ឧទ្ទាម​ដើម្បី​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ ដែល​ជា​ការ​ប៉ុនប៉ង​បំផ្លាញ​សេចក្ដីសុខ​របស់​ប្រជាពលរដ្ឋ​ និង​សន្តិភាព​របស់​ប្រទេស​ជាតិ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ប្រកាស​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ទាំងអស់​ កម្លាំង​សមត្ថកិច្ច​ និង​អាជ្ញាធរ​ដែនដី​ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ផែនការ​បំផ្លាញ​សុខ​សន្តិភាព​នោះ​ដោយ​ជោគជ័យ​ បើ​ទោះបីជា​ការ​ប្រកាស​ពី​ផែនការ​នោះ​ និង​ការ​ចាត់វិធានការ​ណ៍​នានា​របស់​អាជ្ញាធរ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​មាន​ក្ដី​ព្រួយបារម្ភ​នៅ​ថ្ងៃ​ដំបូង​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ប៉ុន្តែ​ទីបំផុត​នៅ​ថ្ងៃ​បន្តបន្ទាប់​ពលរដ្ឋ​មាន​ភាព​កក់ក្ដៅ​ និង​បាន​អញ្ជើញ​មក​ចូលរួម​កំសាន្ត​សប្បាយ​យ៉ាងច្រើន​កុះករ​។​ សម្ដេច​ក៏​បាន​ថ្លែង​ការ​សូម​អភ័យទោស​ប្រជា​ពល​រក​ខ្មែរ​នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃ​ចំពោះ​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​កើត​ចេញពី​វិធាន​ការណ៍​រឹត​បន្តឹង​សន្តិសុខ​។​

​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ បន្ថែម​ពីលើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​អំពី​ការ​បង្កើន​កា​រប​ង្រា​ប​គ្រឿងញៀន​នៅ​តំបន់​ជនបទ​ ពីព្រោះ​ពេល​នេះ​គ្រឿងញៀន​ដែល​ត្រូវ​បាន​បង្ក្រាប​យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ​នោះ​ កំពុង​សាយភាយ​ទៅ​តំបន់​ស្រុកស្រែ​ចំការ​ ដែល​វា​នឹង​បំផ្លាញ​ធនធានមនុស្ស​ និង​សេចក្ដីសុខ​ សុវត្ថិភាព​នៅ​តាម​មូលដ្ឋាន​ ប្រសិនបើ​អាជ្ញាធរ​មិន​អាច​បង្ក្រាប​ទប់ស្កាត់​បាន​។​

​សម្ដេច​បាន​ថ្លែង​អំពាវនាវ​ប្រជាពលរដ្ឋ​ និង​ថ្នាក់ដឹកនាំ​សាសនា​ទាំងអស់​ បង្កើន​ការ​ចូលរួម​អប់រំ​ផ្សព្វផ្សាយ​ និង​អនុវត្ត​ ទិស​ស្លោក​៣​កុំ​ ១​រាយការណ៍​ គឺ​កុំ​ពាក់ព័ន្ធ​ កុំ​អន្តរាគមន៍​ កុំ​លើកលែង​ និង​ត្រូវ​រាយការណ៍​អំពី​បទល្មើស​គ្រឿងញៀន​ ហើយ​បញ្ហា​ចរាចរណ៍​ក៏​ដូច​គ្នា​ដែរ​ ដោយ​សម្ដេច​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ផ្ដល់​អាទិភាព​ដល់​ការ​អនុវត្ត​ច្បាប់​ និង​បាន​អំពាវនាវ​ព្រះសង្ឃ​ និង​ថ្នាក់ដឹកនាំ​សាសនា​ទាំងអស់​ចូលរួម​បញ្ជ្រាប​បញ្ហា​ទាំងនេះ​នៅ​ពេល​សម្ដែង​ព្រះធម៌​ ឬ​នៅ​ក្នុង​កម្មវិធី​សនា​នានា​ ៕


ចំនួនអ្នកទស្សនា

    20547717

  • ថ្ងៃនេះ4301
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83381
  • ខែនេះ105261
  • ឆ្នាំនេះ105261
  • សរុប20547717