ព្រះវិហារ៖ ករណីចោរលួចរថយន្ត Lexus RX300 កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៤នឹង១០នាទីទាបភ្លឺ ត្រង់ចំណុចផ្ទះជនរងគ្រោះឈ្មោះ រស់ សៀកណៃ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២០នឹង២០នាទីយប់ ដោយបានអនុវត្តតាមការណែនាំចង្អុលបង្ហាញ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងមានការឯកភាពពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុក ត្បែងមានជ័យ បានស្រាវជ្រាវរកឃើញរថយន្ត ដែលបាត់ខាងលើនៅចំណុចអូរផ្ដាច់ស្នេហ៍ខាងក្រោមចម្ងាយប្រហែល៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ក្នុងការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ដែលពាក់ព័ន្ធឈ្មោះ ផន សុភ័ក្រ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រួមទាំងវត្ថុតាង រថយន្ត ០១គ្រឿង ម៉ាកLexus RX300 ពណ៌ស ស៊េរី ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ2AU-0708 ដែលមិនមែនជាស្លាកលេខរបស់រថយន្តខាងលើទេចំពោះស្លាកលេខដែលពិតប្រាកដ ភ្នំពេញ 2BG-4959 បានដោះទុកក្នុងរថយន្ត ម្ស៉ៅក្រាមពណ៌សថ្លាចំនួន០២កូនកញ្ចប់តូច, ទូរស័ព្ទ ដៃ០១គ្រឿង,ម៉ាកNokiaចុចពិល ពណ៌ខ្មៅ លេខៈ08829 25 621។
ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីនៅម៉ោង០៩នឹង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់ ៕