សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៤​ខ្សែ​ ក្នុង​ក្រុងព្រះសីហនុ​

16-November-2019 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ៥​រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន​ ៣៤​ ខ្សែ​ នៅ​ក្នុង​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​។​

​តាម​របាយការណ៍​របស់​ ឯកឧត្តម​ គួ​ច​ ចំរើន​ អភិបាលខេត្ត​ព្រះ​សីហ​នុ​ បានអោយ​ដឹង​ថា​ ផ្លូវ​ចំនួន​ ៣៤​ខ្សែ​ ដែល​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​នេះ​ គឺ​មាន​ប្រវែង​សរុប​ជាង​ ៨៤​គីឡូម៉ែត្រ​ មាន​រង្វង់​មូល​ចំនួន​៣​ និង​ស្ពាន​ចំនួន​៦​ប្រវែង​ ២៥២​ម៉ែត្រ​។​ ផ្លូវ​នេះ​ គឺជា​ផ្លូវ​ក្នុង​ក្រុង​បែប​ប្រណីត​ ដែល​នឹង​បាន​បម្រើ​លើ​វិស័យ​ដឹក​ជញ្ជូន​ ការ​ធ្វើ​ដំណើរ​ និង​វិស័យ​ទេសចរណ៍​ ដ៏​សំខាន់​នៅ​ក្នុង​ក្រុងព្រះសីហនុ​នេះ​ ជា​ពិសេស​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ​ អោយទៅ​ជាទី​ក្រុង​ទំនើប​ដែល​មាន​សោ​ភ័​ណ្ឌ​ភាព​ បរិស្ថាន​ល្អ​ សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ភ្ញៀវ​ទេសចរណ៍​ និង​អ្នក​វិនិយោគ​ ជា​ពិសេស​ធានា​បាន​គុណភាព​ខ្ពស់​ រឹង​មាំ​ និង​ប្រើប្រាស់​បាន​យូរអង្វែង​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ បាន​បង្ហាញ​នូវ​ក្តី​សប្បាយ​រីករាយ​ដែល​បាន​អញ្ជើញ​បើក​ការ​ដ្ឋា​សាងសង់​ផ្លូវ​ផ្លូវ​ចំនួន​៣៤​ខ្សែ​ ក្នុង​ក្រុងព្រះសីហនុ​ នៅ​ថ្ងៃនេះ​។​

​នៅ​ព្រឹក​នេះ​ផង​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​រំលឹក​ពី​សោកនាដកម្ម​នៃ​ខេត្ត​ព្រះ​សីហ​នុ​ដែល​ទទួល​រង​ការ​បាក់​ធ្លាក់​រលំ​អគារ​កម្ពស់​៧​ជាន់​កន្លង​ទៅ​ក្នុង​ឆ្នាំ​២០១៩​ ថ្មីៗ​នេះ​ ដែល​បាន​ធ្វើ​អោយ​ពលរដ្ឋ​ស្លាប់​ និង​រង​របួស​មួយ​ចំនួន​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ក្នុង​សោកនាដកម្ម​នោះ​ ដែល​ពេល​នោះ​ សម្តេច​តេ​ជោ​បាន​អញ្ជើញ​មក​ជួយ​សង្គ្រោះ​ដល់​ជន​គ្រោះ​ចំនួន​ ២​ នាក់​ចុង​ក្រោយ​ដែល​ជាប់​នៅ​បាត​ក្រោម​គំនរ​អគារ​បាក់​នោះ​ផង​ដែរ​។​

​ទាក់ទង​នឹង​ការ​កសាង​ផ្លូវ​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ ដោយសារ​តែ​បច្ចុប្បន្ន​នេះ​ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុងព្រះសីហនុ​ គឺ​មិន​អាច​ប្រើប្រាស់​បន្ត​ទៀត​បាន​ ដូច្នេះ​ហើយ​ទើប​យើង​ត្រូវ​ចាប់ផ្តើម​កសាង​ឡើង​វិញ​ទាំងអស់​ ដើម្បី​បំពេញតម្រូវការ​ចាំបាច់​របស់​ក្រុង​ដែល​កំពុង​មាន​សក្តានុពល​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ នេះ​ជា​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ «​យក​ស្លឹក​ត្នោត​ ខ្ចប់​ស្ករត្នោត​»​ ដោយ​ប្រើប្រាស់​ថវិការ​របស់​រដ្ឋ​តាម​មរយៈ​ក្រសួង​សេដ្ឋ​កិ​ច្ឋ​ និង​ហិរញ្ញវត្ថុ​ រួម​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ និង​ថវិកា​របស់​ខេត្ត​ព្រះ​សីហ​នុ​ផ្ទាល់​។​ ប៉ុន្តែ​ប្រសិនបើ​ខេត្ត​មិន​អាច​មាន​ល​ទ្ឋ​ភាព​រក​ទុន​បាន​គ្រប់​ទេ​នោះ​ គឺ​រាជរដ្ឋាភិបាល​នឹង​ទម្លាក់​ថវិកា​ទាំងអស់​តែ​ម្តង​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ ការ​សាងសង់​ផ្លូវ​នេះ​ គឺ​មាន​ក្រុមហ៊ុន​ចំនួន​៨​ ទទួល​ធ្វើ​ ដោយ​ត្រូវ​ចំណាយ​ទុន​ប្រមាណ​ $២៩៤​លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​ផ្លូវ​នេះ​គឺជា​ផ្លូវ​ដ៏​ប្រណិត​ ដោយ​ចែក​ចេញ​ជា​៣​ប្រភេទ​ គឺ​១)​ប្រភេទ​មហាវិថី​ ,​ ២)​វិ​ថី​ និង​ ៣)​អនុ​វិ​ថី​។​ ចំពោះ​មហាវិថី​មាន​ចំនួន​៣​ខ្សែ​ គឺ​មាន​ទទឹង​ផ្លូវ​រហូត​ដល់​ទៅ​៥០​ម៉ែត្រ​,​ ចំពោះ​វិ​ថី​វិញ​គឺ​មាន​ទទឹង​ពី​២០​ ទៅ​៤០​ម៉ែត្រ​ រីឯ​ប្រភេទ​បែប​អនុ​វិ​ថី​វិញ​ គឺ​មាន​ទទឹង​ពី​៨​ ទៅ​៤០​ម៉ែត្រ​ ហើយ​ផ្លូវ​ទាំងអស់​គឺ​មាន​ទ្រូងផ្លូវ​ ចិញ្ចើម​ផ្លូវ​ (​សម្រាប់​អ្នក​ដើរ​ សម្រាប់​កង់​ ម៉ូតូ​)​ គំនូស​ចរ​ថា​ចរណ៍​ត្រឹមត្រូវ​ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ និង​មាន​បំពាក់​កាមេរ៉ា​សុ​វត្តិភាព​តាម​ដងផ្លូវ​ផង​ដែរ​។​ ផ្លូវ​នេះ​ត្រូវ​ប្រើ​រយៈពេល​ក្នុង​ការ​សាងសង់​ត្រឹមតែ​៨​ខែ​តែ​ប៉ុណ្ណោះ​ ដូច្នេះ​នៅ​ឆ្នាំ​ក្រោយ​នេះ​ ក្រុងព្រះសីហនុ​ នឹង​ប្រែ​មុខមាត់​ថ្មី​ ក្លាយទៅជា​ទីក្រុង​ដែល​មាន​សុវត្ថិភាព​បំផុត​ និង​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ និង​អ្នក​វិនិយោគ​នានា​។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍ​ក្រុងព្រះសីហនុ​ ដែល​គម្រោង​អភិវឌ្ឍន៍​ទាំង​អស់នេះ​ គឺ​បាន​ផ្តល់​ផល​ប្រ​ជោ​ជន៍​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ចជាតិ​ផង​ និង​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​ជួប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​ ហើយ​ក៏​បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន​៣៤​ខ្សែ​នេះ​ និង​អញ្ជើញ​ផ្តល់​អំណោយ​អនុស្សាវរីយ៍​ដល់​លោកយាយ​ លោកតា​ សិស្សានុសិស្ស​ និង​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​បរិយាកាស​សប្បាយ​រីករាយ​។​ បន្ទាប់​មក​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ក៏​បាន​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន​៣៤​ខ្សែ​ ក្នុង​ក្រុងព្រះសីហនុ​ ជា​ផ្លូវការ​ចាប់ពី​ពេល​នេះ​តទៅ​៕


ចំនួនអ្នកទស្សនា

    20547977

  • ថ្ងៃនេះ4561
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83641
  • ខែនេះ105521
  • ឆ្នាំនេះ105521
  • សរុប20547977