ភ្នំពេញ៖ ជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានកម្លាំងជំនាញ(ក៦) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន។ ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី នៅចំណុចផ្ទះលេខ៤Z ផ្លូវលេខ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ត្រីនគរបាលមន្ទីរគ្រឿងញៀន បានឱ្យដឹងថានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ក្នុងប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែនោះ ដោយអនុវត្តតាមបញ្ជា ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សារវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន
ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហម គន្ធី នាយករងមន្ទីរ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សម្របសម្រួលដោយលោក សឿន មុនីរត្ន័ ព្រះរាជអជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ។
ប្រភពដដែលបន្តថាជនសង្ស័យឈ្មោះ KEK CHIN SENG ភេទប្រុស ជនជាតិម៉ាឡេស៊ី កើតថ្ងៃ០៧/១០/១៩៨០ មុខរបររ៉ូលីននៅកាស៊ីណូណាហ្គា កាន់លិខិតឆ្លងដែនលេខ A37098072 ។
ចាប់យកវត្ថុតាងសារធាតុញៀនរួមមាន៖១-អ៊ិចស្តាស៊ី ១០៩៩.៨៧ក្រាម, ២-កេតាមីន ២៩.៥៥ ក្រាម, ៣-មេតំហ្វេតាមីន(ICE) ០.៨៨ក្រាម, ៤-នីមេតាហ្សេប៉ាម ៤៤.៩៩ក្រាម។ សរុបរួមទម្ងន់ ១គ.ក្រ ១៧៥.២៩ក្រាម។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរយកចម្លើយ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕