កំពង់ចាម៖ បន្ទាប់ពីបានទទួលព័ត៌មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យ លោកស្នងការរងទទួលចុះពង្រឹងស្រុកចំការលើ ដឹកនាំកម្លាំងជំនាញពន្លត់អគ្គិភ័យ ចុះគ្រប់គ្រងសភាពការណ៍ឆាប់ឆេះ ដោយប្រើរថយន្តអគ្គិភ័យចំនួន ៦គ្រឿង (ខេត្ត៣គ្រឿង ចំការលើ១, ស្ទឹងត្រង់១ , កំពង់សៀម១) ចេញប្រតិបត្តិជាបន្ទាន់។
លោកស្នងការនគរបាលបន្តថា ហេតុការណ៍អគ្គិភ័យខាងលើបានកើតឡើងនៅវេលាម៉ោង២១នឹង៥០នាទីយប់ ថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ជាកម្មសិទ្ធិរបស់ឈ្មោះ មុត សំណាង (ហៅឌុក)។
អគ្គិភ័យត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅម៉ោង២២នឹង៥៥នាទី ដោយប្រើប្រាស់ទឹកអស់១៣ស៊ឺទែន។មូលហេតុបណ្ដាលឱ្យកើតមានអគ្គិភ័យគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី បន្ទាប់មកត្រូវឆាបឆេះរយៈពេល១ម៉ោង ទើបមានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច។
ហេតុការណ៍ខាងលើបណ្តាលឱ្យឆេះផ្ទះមួយខ្នងទំហំ៨x១៦ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿងខូចខាតទាំងស្រុង, មាស៣តម្លឹង
ប្រាក់ដុល្លារ៥៨,០០០ដុល្លារ, គ្រឿងសង្ហារឹម និងសម្ភារមួយចំនួនទៀត។ ករណីនេះមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ៕