សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស​ជិត​២​ពាន់​នាក់​

18-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ៧​រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស​សរុប​ចំនួន​១,៩៥៨​នាក់​ បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​។​ ពិធី​ប្រគល់​សញ្ញាបត្រ​នេះ​ ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​តាម​របា​យក​រណ៍​របស់​សាកលវិទ្យាល័យ​ធនធានមនុស្ស​បានអោយ​ដឹង​ថា​ និស្សិត​ជ័យ​លា​ភី​ដែល​ទទួល​សញ្ញាបត្រ​នា​ព្រឹក​នេះ​ គឺជា​ធនធានមនុស្ស​ ប្រកបដោយ​សក្តានុពល​ សម្រាប់​ការងារ​ និង​សង្គម​ជាតិ​ទាំងមូល​ហើយ​ចាប់តាំងពី​ការ​កកើត​ក្នុង​ឆ្នាំ​១៩៩៨​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ សិស្ស​ថ្នាក់​វិជ្ជាជីវៈ​ និង​និស្សិត​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ សាកលវិទ្យាល័យ​ធនធានមនុស្ស​ សរុប​ចំនួន​ ៣៩,៣៩៥​នាក់​ (​នារី​ ១៣,៣៣៦​នាក់​)​ ទទួល​បាន​ឱកាស​ការងារ​ខ្ពស់​ រហូត​ដល់​ជាង​៩០%​ជា​រៀង​រាល់​ឆ្នាំ​ នៅ​តាម​បណ្តា​ស្ថាប័នរដ្ឋ​ ឯកជន​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស​នៅ​ថ្ងៃនេះ​ ជា​លើក​ទី​១៦​ហើយ​ ដែល​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ចូលរួម​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ តាំងពី​សាកលវិទ្យាល័យ​បាន​បង្កើត​ឡើង​មក​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ពិតជា​មាន​មោទនភាព​ដែល​ថ្ងៃនេះ​ យើង​បាន​ទទួល​បាន​ធនធានមនុស្ស​នៃ​វិស័យ​អប់រំ​បន្ថែម​ទៀត​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​ គឺ​បាន​ខិតខំ​ណាស់​ក្នុង​ការ​ផ្តល់​ឱកាស​ការងារ​ផ្សេងៗ​ដល់​យុវជន​យើង​ ទាំង​ការងារ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​ ជាក់ស្តែង​បច្ចុប្បន្ន​នេះ​ មាន​ពលករ​យើង​ជា​ច្រើន​បាន​ និង​កំពុង​បម្រើរ​ការងារ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ ហើយ​ពួក​គាត់​កំពុង​ទទួល​បាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ការងារ​ទាំង​អស់នោះ​ផង​ដែរ​។​ ដូច្នេះ​បងប្អូន​ដែល​បាន​បម្រើ​ការ​ការងារ​នៅ​ក្រៅប្រទេស​ទាំងអស់​ ត្រូវ​យល់​អោយ​បាន​ច្បាស់​ អំពី​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ធ្វើការ​ចរចារ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ដើម្បី​ជួយ​សម្រួល​អោយ​ពលករ​យើង​បាន​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ទាំង​អស់នោះ​ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​និង​កំពុង​ខិតខំ​ជំរុញ​ការ​បង្កើត​ការងារ​ក្នុងស្រុក​ ទាក់ទាញ​វិនិយោគ​ថ្មីៗ​ និង​ខិតខំ​ស្វែងរក​ការងារ​ក្រៅប្រទេស​ជូន​ប្រជាពលរដ្ឋ​យើង​ជា​បន្តបន្ទាប់​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ សម្តេច​នៅ​តែ​បន្ត​ផ្តល់​ការ​ឧ​ប​ត្ថ​ម​ជា​ថវិកា​ និង​អង្ករ​ជា​បន្តបន្ទាប់​ទៀត​ដល់​និស្សិត​ក្រីក្រ​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស​ ក៏​ដូច​ជា​សាកលវិទ្យាល័យ​មួយ​ចំនួន​ទៀត​ គឺ​ក្នុង​១​ខែ​ សម្តេច​តេ​ជោ​បាន​ឧ​ប​ត្ថ​ម​នូវ​អង្ករ​ចំនួន​២​តោន​ និង​ថវិកា​ចំនួន​៥​លាន​រៀល​ផង​ដែរ​ សម្រាប់​ផ្តល់​ជូន​ដល់​និស្សិត​ក្រីក្រ​ដែល​កំពុង​សិក្សា​តាម​បណ្តា​សាកលវិទ្យាល័យ​ និង​វិទ្យាស្ថាន​នានា​។​

​មុន​នឹង​បញ្ចប់​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​កោតសរសើរ​ និង​អបអរ​សារ​ដល់​និស្សិត​ជ័យ​លា​ភី​ទាំងអស់​ និង​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា​ និង​អាណាព្យាបាល​ដែល​បាន​ផ្តល់​ឱកាស​អោយ​កូនចៅ​បាន​សិក្សា​រៀនសូត្រ​រហូត​ទទួល​បាន​ជោគជ័យ​នា​ពេល​នេះ​។​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ជូនពរ​ដល់​និស្សិត​ជ័យ​លា​ភី​ដែល​ទទួលសញ្ញាបត្រ​នៅ​ថ្ងៃនេះ​ សូម​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា​ និង​ការងារ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត​។​បន្ទាប់​មក​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស​ក្នុង​បរិយាកាស​រីករាយ​ក្រៃ​លែង​ ៕


ចំនួនអ្នកទស្សនា

    20548407

  • ថ្ងៃនេះ4991
  • ម្សិលមិញ20231
  • សប្តាហ៍នេះ84071
  • ខែនេះ105951
  • ឆ្នាំនេះ105951
  • សរុប20548407