មន្ត្រី​ជំនាញ​កាំ​កុ​ត្រូល​តាកែវ​៖​ អាជីវករ​មួយ​ចំនួន​ធំ​បាន​យល់​ដឹង​ច្រើន​អំពី​សុវត្ថិភាព​ចំណីអាហារ​

18-November-2019 | ដោយ ពលមនសិការ

តាកែវ​៖​ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ​ បាន​អះអាង​ថា​ ក្រុម​អាជីវករ​ភាគច្រើន​ គឺ​ពួក​គាត់​បាន​យល់​ដឹង​កាន់តែ​ច្រើន​អំពី​សុវត្ថិភាព​ចំណីអាហារ​ ដោយ​ដាក់​លក់ទំនិញ​ និង​ចំណីអាហារ​ដែល​មាន​អនាម័យ​ត្រឹមត្រូវ​ និង​រក​ពុំ​ឃើញ​សារធាតុ​គីមី​នៅ​លើ​ចំណីអាហារ​ដូច​មុន​នោះ​ទេ​។​

​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​បាន​បញ្ចប់​ការ​ត្រួតពិនិត្យ​ទំនិញ​ និង​ចំណី​ អាហារ​ ជា​ច្រើន​មុខ​ នៅ​ក្នុង​ផ្សារ​តាកែវ​ ដែល​ស្ថិត​នៅ​ទីរួមខេត្ត​តាកែវ​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ លោក​ ប៉ោ​ លាង​គង់​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ​ មន្ត្រី​ជំនាញ​របស់​យើង​បាន​ធ្វើតេស្ត​បឋម​ទៅ​លើ​ចំណីអាហារ​មួយ​ចំនួន​ធំ​ ធ្វើតេស្ត​រក​ជាតិ​អ៊ីយ៉ូត​លើ​អំបិល​ និង​ពិនិត្យ​ទៅ​លើ​គ្រឿង​កំប៉ុង​ឃើញ​ថា​ មាន​ភាព​ត្រឹមត្រូវ​ច្រើន​ ពោល​គឺ​រក​ពុំ​មាន​សារធាតុ​គីមី​ និង​ទំនិញ​ហួស​កាលបរិច្ឆេទ​អ្វី​ឡើយ​ ព្រោះតែ​ពេល​នេះ​ពួក​គាត់​មានការ​យល់​ដឹង​ច្រើន​អំពី​សុវត្ថិភាព​ និង​គិតគូរ​អំពី​សុខភាព​របស់​អ្នកទិញ​ ពិសេស​តាម​រយៈ​ការ​ចុះ​មក​ត្រួតពិនិត្យ​ជាប់​ជា​ប្រចាំ​ ក៏​ដូច​ជា​ការ​អប់រំ​ណែនាំ​បន្ថែម​ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល​។​

​លោក​ ប៉ោ​ លាង​គង់​ បន្ថែម​ទៀត​ថា​ សុវត្ថិភាព​ចំណីអាហារ​នេះ​ វា​ពិតជា​សំខាន់​ខ្លាំង​ណាស់​ សម្រាប់​មនុស្ស​ទូទៅ​ ព្រោះ​បើកាលណា​ក្រុម​អាជីវករ​ ពួក​គាត់​បាន​ដាក់​លក់ទំនិញ​ និង​ចំណីអាហារ​ដែល​មាន​អនាម័យ​ល្អ​ត្រឹមត្រូវ​ និង​គ្មាន​សារធាតុ​គីមី​ វា​នឹង​ឲ្យ​អ្នក​បរិភោគ​ មាន​សុខភាព​ល្អ​រឹង​ម៉ាំ​ ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ​ ដូច្នោះ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​នេះ​ ក្នុង​នាម​យើង​ជា​មន្ត្រី​ជំនាញ​កាំកុងត្រូល​ គឺ​នៅ​តែ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​លើ​ទីផ្សារ​ជាប់​ជា​ប្រចាំ​ ពោល​គឺ​មិន​ឲ្យ​ទីផ្សារ​របស់​យើង​ពោរពេញ​ទៅ​ដោយ​អាហារ​គីមី​ និង​ទំនិញ​មិន​ស្អាត​ល្អ​នោះ​ទេ​។​

​បើ​តាម​ លោក​ ប៉ោ​ លាង​គង់​ តួយ៉ាង​ការ​ធ្វើតេស្ត​ទៅ​លើ​អំបិល​ដើម្បី​រក​សារធាតុ​អ៊ីយ៉ូត​ ក៏​ក្រុមហ៊ុន​បាន​ភ្ញាក់រលឹក​ ហើយ​ដាក់​សារធាតុ​អ៊ីយ៉ូត​នេះ​ នៅ​ក្នុង​អំបិល​របស់​ខ្លួន​ផង​ដែរ​ ខុស​ពី​លើក​មុន​ ដែល​មន្ត្រី​ជំនាញ​យើង​បាន​ធ្វើ​ត្តេស៍​រក​ជាតិ​អ៊ីយ៉ូត​នៅ​ក្នុង​អំបិល​ ប៉ុន្តែ​រក​ពុំ​ឃើញ​មាន​ជាតិ​អ៊ីយ៉ូត​នៅ​ក្នុង​អំបិល​ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទាំង​ម្ចាស់​ក្រុមហ៊ុន​ធំៗ​ និង​ក្រុម​អាជីវករ​ បាន​ចូលរួម​សហការ​នឹង​មន្ត្រី​ជំនាញ​កាំកុងត្រូល​ ក្នុង​ការ​លក់ទំនិញ​ ឬ​ចំណីអាហារ​ ដែល​មាន​សុវត្ថិភាព​ ល្អ​ត្រឹមត្រូវ​ នៅ​លើ​ទីផ្សារ​៕


ចំនួនអ្នកទស្សនា

    20547797

  • ថ្ងៃនេះ4381
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83461
  • ខែនេះ105341
  • ឆ្នាំនេះ105341
  • សរុប20547797