សមាជិក​សភា​ស្ត្រី​ បើក​យុទ្ធនាការ​នារី​វ័យក្មេង​ឆ្ពោះទៅ​ភាព​ជា​អ្នកដឹកនាំ​

18-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ យុទ្ធនាការ​នារី​វ័យក្មេង​ឆ្ពោះទៅ​ភាព​ជា​អ្នកដឹកនាំ​ ជា​ប្រធានបទ​ ដែល​សមាជិក​សភា​ស្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​រៀបចំ​ធ្វើ​ឡើង​ដើម្បី​ជំរុញ​ភាព​អង់អាច​ដល់​កុមារី​ និង​យុវតី​។​ មាន​យុវតី​ជា​សិស្សានុសិស្ស​មក​ពី​វិទ្យាល័យ​ចំនួន​២៥​ ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្តរតនគិរី​ បាន​ចូលរួម​យុទ្ធនាការ​នេះ​ នៅ​វិមាន​រដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៩​ ដោយ​បាន​ស្តាប់​ការ​ពន្យល់​ បង្ហាញ​ពី​សមាជិក​សភា​ជា​ស្ត្រី​ មក​ពី​ព្រឹទ្ធសភា​និង​រដ្ឋសភា​។​

​លោក​ជំទាវ​ ឡោក​ ខេ​ង​ ប្រធាន​គណៈកម្មការ​សុខាភិបាល​ សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ យុវ​ជ​នីតិសម្បទា​ ការងារ​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​កិច្ចការ​នារី​ នៃ​រដ្ឋសភា​ បាន​គូសបញ្ជាក់​ថា​ នេះ​ជា​លើក​ទី​១​ហើយ​ ដែល​រដ្ឋសភា​កម្ពុជា​ បាន​រៀបចំ​យុទ្ធនាការ​នេះ​ឡើង​។​ យុទ្ធនាការ​នេះ​ បាន​កើតឡើង​ ក្រោយ​ពី​សមាជិក​សភា​ស្ត្រី​មួយ​ក្រុម​ បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​អ្នកដឹកនាំ​នយោបាយ​ជា​ស្ត្រី​ នៅ​ប្រទេស​ជប៉ុន​ កាលពី​ខែមិថុនា​កន្លង​ទៅ​។​ វេទិកា​នោះ​បាន​ប្រមូលផ្តុំ​អ្នកនយោបាយ​ជា​ស្ត្រី​នៅ​ទូ​ទាំង​ពិភពលោក​ ដើម្បី​ជជែក​ពិភាក្សា​ ផ្លាស់​ប្តូរ​គំនិត​ យោបល់​គ្នា​និង​រិះរក​មធ្យោបាយ​ផ្សេងៗ​ សំដៅ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ដែល​ស្ត្រី​នៅ​ក្នុង​ពិភព​ល​លោក​ កំពុង​ជួប​ប្រទះ​ ដូច​ជា​បញ្ហា​គម្លាត​យេ​ន​ឌ័​រ​ ភាព​ប្រឈម​នៃ​ការ​អភិវឌ្ឍ​ ជា​ពិសេស​រនាំង​ ដែល​រារាំង​វត្តមាន​ស្ត្រី​ មិន​ឲ្យ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ជាដើម​។​

​លោក​ជំទាវ​សមាជិកា​រដ្ឋសភា​ បាន​លើក​ឡើង​បន្ថែម​ថា​ យុទ្ធនាការ​នារី​វ័យក្មេង​ឆ្ពោះទៅ​ក្លាយជា​អ្នកដឹកនាំ​នេះ​ ជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុង​គោលបំណង​ស្វែងរក​ការ​ចូលរួម​របស់​យុវតី​ឱ្យ​កាន់តែ​ច្រើន​ក្នុង​វិស័យ​នយោបាយ​ ហើយ​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អឺរ៉ុប​។​ យុទ្ធនាការ​នេះ​ បាន​ធ្វើ​ជា​លើក​ដំបូង​នៅ​ខែតុលា​ ឆ្នាំ​២០១៧​ នៅ​ប្រទេស​ម៉ា​ល់តា​។​

​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ឃួ​ន​ សុ​ដា​រី​ អនុប្រធាន​ទី​២​ នៃ​រដ្ឋសភា​ និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​ នៃ​អ្នកនយោបាយ​សភា​ស្ត្រី​ ដែល​បាន​គាំទ្រ​ដល់​យុទ្ធនាការ​នេះ​ គូសបញ្ជាក់​ថា​ ទោះបី​នេះ​ជា​យុទ្ធនាការ​លើក​ដំបូង​ដែល​សភា​កម្ពុជា​បាន​ធ្វើ​ ប៉ុន្តែ​សកម្មភាព​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​នៅ​កម្ពុជា​ ត្រូវ​បាន​អនុវត្ត​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ ជា​ពិសេស​បាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ នៅ​គ្រប់​ដំណាក់កាល​។​ ស្ត្រី​នៅ​កម្ពុជា​ត្រូវ​បាន​ជំរុញ​លើកទឹកចិត្ត​ទាំង​ក្នុង​វិស័យ​ឯកជន​ និង​រដ្ឋ​។​ ស្ត្រី​នៅ​កម្ពុជា​បាន​ក្លាយជា​អ្នកដឹកនាំ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ ជា​អ្នកនយោបាយ​ ជា​ពាណិជ្ជករ​ និង​បាន​ដឹកនាំ​ ក្នុង​វិស័យ​ផ្សេងៗ​ទៀត​។​

​តែ​ទោះ​យ៉ាងណា​លោក​ជំទាវ​ អនុប្រធាន​ទី​២​ នៃ​រដ្ឋសភា​ បាន​កោតសរសើរ​និង​លើកទឹកចិត្ត​ ដល់​ការ​រៀបចំ​យុទ្ធនាការ​ នា​ពេល​នេះ​។​ យុទ្ធនាការ​ដែល​បាន​ផ្តល់​ឱកាស​ដល់​យុវតី​ ពិសេស​យុវតី​ជនជាតិ​ដើម​ភាគតិច​ បាន​មក​ស្គាល់​វិមាន​រដ្ឋសភា​ បានឃើញ​ កន្លែងធ្វើការ​របស់​តំណាងរាស្ត្រ​ ពិសេស​បាន​ស្តាប់​ការ​រៀបរាប់​ បទ​ពិសោធន៍​ផ្ទាល់​ពី​សមាជិក​សភា​ស្ត្រី​។​

"​នេះ​ជា​ចំនុច​ល្អ​មួយ​ ដើម្បី​ជំរុញ​លើកទឹកចិត្ត​យុវតី​ក្លាយជា​អ្នកដឹកនាំ​ ដោយ​ពួក​គេ​នឹង​មាន​ភាព​អង់អាច​ក្នុង​ការ​សម្រេចចិត្ត​លើ​វាសនា​របស់​ខ្លួន​ នៅ​ពេល​ពួក​គេ​បានឃើញ​អ្វី​ដែល​គំរូ​"​ នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោក​ជំទាវ​ ឃួ​ន​ សុ​ដា​រី​។​

​សូម​ជម្រាប​ថា​ មាន​យុវតី​ប្រមាណ​ជិត​៣០០​នាក់​ មក​ពី​វិទ្យាល័យ​ចំនួន​២០​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​វិទ្យាល័យ​ចំនួន​៥​ មក​ពី​ខេត្ត​ពី​ខេត្តរតនគិរី​ បាន​ចូលរួម​យុទ្ធនាការ​នារី​វ័យក្មេង​ឆ្ពោះទៅ​ភាព​ជា​អ្នកដឹកនាំ​។​ ពេញ​មួយ​ព្រឹក​ សមាជិក​សភា​ស្ត្រី​ បាន​ចែករំលែក​បទ​ពិសោធន៍​ការងារ​ផ្ទាល់​ ធ្វើ​បទ​បង្ហាញ​ពី​ការងារ​សភា​ ដល់​យុវ​សិស្ស​ បាន​ស្តាប់​។​ យុវតី​ដែល​បាន​ចូលរួម​យុទ្ធនាការ​នេះ​ បាន​ទស្សនា​ កន្លែង​សំខាន់ៗ​ នៅ​ក្នុង​វិមាន​រដ្ឋសភា​ ពិសេស​សាល​ប្រជុំ​រដ្ឋសភា​ទៀត​ផង​ មុន​ពួក​គេ​នាំ​យក​បទ​ពិសោធន៍​ល្អៗ​ ទិដ្ឋភាព​ថ្មីៗ​ ចំណេះដឹង​ល្អៗ​ ពី​វិមាន​រដ្ឋសភា​ ពី​សមាជិក​សភា​ជា​ស្ត្រី​ ទៅ​កាន់​សហគមន៍​ពួក​គេ​វិញ​ ៕


ចំនួនអ្នកទស្សនា

    20547637

  • ថ្ងៃនេះ4221
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83301
  • ខែនេះ105181
  • ឆ្នាំនេះ105181
  • សរុប20547637