សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​ លេខាធិការ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន​ខេត្ត​ហ៊ូ​ណា​ន​

18-November-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ៧​រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ ឯ​.​ឧ​ DU​ Jiahao​ សមាជិក​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​ និង​ជា​លេខាធិការ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន​ ខេត្ត​ហ៊ូ​ណា​ន​ នៅ​វិមាន​សន្តិភាព​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ ដែល​បាន​អញ្ជើញ​មក​កម្ពុជា​តាំងពី​ថ្ងៃ​ទី​១៥​ រហូត​ដល់​ថ្ងៃ​ទី​១៩​ វិច្ឆិកា​ នេះ​ ។​ ឯ​.​ឧ​ DU​ Jiahao​ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​ ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​រូប​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម​។​ ឯ​.​ឧ​ DU​ Jiahao​ បាន​ជម្រាប​ជូន​ សម្តេច​តេ​ជោ​ ថា​ឯ​.​ឧ​បាន​ធ្វើការ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក៏​ដូច​ជា​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​ក្នុង​ខេត្តបាត់ដំបង​ និង​ខេត្តសៀមរាប​ រួច​មក​ហើយ​ដែរ​។​ តាម​រយៈ​ការ​សំណេះសំណាល​នេះ​ ឯ​.​ឧ​ បាន​យល់​អំពី​ការ​ដឹកនាំ​គ្រប់គ្រង​ និង​ជំនឿ​ទុកចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​មួយ​ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​កាន់តែ​រីក​ចម្រើន​។​

​ជាមួយ​គ្នា​នោះ​ផង​ដែរ​ ឯ​.​ឧ​ DU​ Jiahao​ ក៏​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ លោក​ប្រធានាធិបតី​ Xi​ Jinping​ និង​ លោកនាយក​រដ្ឋមន្ត្រី​ Li​ Keqiang​ ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​។​ ទន្ទឹម​នឹង​នេះ​ ឯ​.​ឧ​ DU​ Jiahao​ សូម​ថ្លែងអំណរគុណ​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ដែល​បាន​អញ្ជើញ​ទៅ​ប្រទេស​ចិន​ចំនួន​២​ ដង​នៅ​ក្នុង​ឆ្នាំ​ ២០១៩​ កន្លង​មកនេះ​ ហើយ​ថ្មីៗ​នេះ​ សម្ដេច​តេ​ជោ​ ក៏​បាន​ជួប​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ Li​ Keqiang​ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ផង​ដែរ​។​

​ឯ​.​ឧ​ DU​ Jiahao​ បាន​បញ្ជាក់​ថា​ប្រទេស​ចិន​ និង​ប្រជាជន​ចិន​បាន​ចាត់​ទុក​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​ប្រទេស​កម្ពុជា​ជា​មិត្ត​ល្អ​ មិត្ត​ចាស់​ មិត្ត​ដែកថែប​ មាន​ទំនាក់ទំនង​ល្អ​ណាស់​ និង​មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​ល្អ​។​

​នៅ​ក្នុង​ទស្សនកិច្ច​នៅ​កម្ពុជា​ប៉ុន្មាន​ថ្ងៃនេះ​ ឯ​.​ឧ​ DU​ Jiahao​ មានចិត្ត​សប្បាយ​រីករាយ​ដោយ​ឃើញ​កម្ពុជា​ទើបនឹង​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៦​ ឆ្នាំ​នៃ​ឯករាជ្យ​ជាតិ​ ប្រកបដោយ​ជោគជ័យ​សប្បាយ​រីករាយ​ ហើយ​ទឹកមុខ​ប្រជាពលរដ្ឋ​សប្បាយ​រីករាយ​ មាន​ជីវភាព​ធូ​ធារ​ រស់នៅ​ក្នុង​សន្តិភាព​ ដែល​បង្ហាញ​ពី​ជំនឿ​និង​ទំ​នុ​ចិត្ត​លើ​ការ​ដឹកនាំ​របស់​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​។​

​លោក​ DU​ Jiahao​ បាន​ជម្រាប​ជូន​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អំពី​ខេត្ត​ហ៊ូ​ណា​ន​ ដែល​មាន​ប្រជាជន​ដល់​ ៧០​លាន​នាក់​។​ ខេត្ត​នេះ​ គឺ​មាន​ផលិត​នូវ​គ្រឿងចក្រ​ និង​ឧបករណ៍​ល្បីៗ​ ដូច​ជា​រថភ្លើង​ក្រោម​ដី​ រថភ្លើង​ល្បឿន​លឿន​ សម្ភារៈ​សម្រាប់​បម្រើ​ក្នុង​ការ​កសាង​រចនាសម្ព័ន្ធ​ក៏​ដូច​ជា​ក្នុង​វិស័យ​កសិកម្ម​ដែល​អាច​សហការ​ល្អ​ជាមួយនឹង​ប្រទេស​កម្ពុជា​ ហើយនឹង​ជួយ​ហេដ្ឋារចនាសម្ព័ន្ធ​ ព្រមទាំង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ទៀត​ផង​។​ ឯកឧត្តម​ DU​ Jiahao​ បាន​ស្វាគមន៍​ចំពោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​កាន់​ប្រទេស​ចិន​ រួម​ទាំង​ទៅ​ខេត្ត​ហ៊ូ​ណា​ន​ ពិសេស​ជា​ទំនិញ​ម្ហូបអាហារ​ និង​ផ្លែ​ឈើ​ជាដើម​។​

​ឯ​.​ឧ​ DU​ Jiahao​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ លោក​នឹង​ជួយ​ផ្សព្វផ្សាយ​ការ​រីក​ចំរើន​របស់​ប្រទេស​កម្ពុជា​ទៅ​ដល់​ប្រជាជន​ចិន​ និង​ខេត្ត​ហ៊ូ​ណា​ន​ ហើយនឹង​បន្ត​ជំរុញ​ឲ្យ​ខេត្ត​ហ៊ូ​ណា​ន​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​និង​ទំនាក់ទំនង​កាន់តែ​ល្អ​ថែម​ទៀត​ ព្រមទាំង​បន្ត​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ទៀត​ផង​។​ ជាមួយ​គ្នា​នោះ​ដែរ​ ឯ​.​ឧ​ DU​ Jiahao​ បាន​គោរព​សូម​អញ្ជើញ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ហ៊ូ​ណា​ន​ ប្រសិនបើជា​សម្ដេច​អញ្ជើញ​ទៅ​ទស្សនៈកិច្ច​នៅ​ប្រទេស​ចិន​លើក​ក្រោយ​នេះ​។​

​ជា​ការ​ឆ្លើយ​តប​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​គណប្រតិភូ​ចិន​ដែល​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សុខទុក្ខ​ពី​ លោក​ប្រធានាធិបតី​ Xi​ Jinping​ និង​ លោកនាយក​រដ្ឋមន្ត្រី​ Li​ Keqiang​ ហើយ​សម្ដេច​តេ​ជោ​ បាន​ចាត់​ទុក​ថា​ទស្សនកិច្ច​កន្លង​ទៅ​របស់​លោក​ DU​ Jiahao​ ខេត្តបាត់ដំបង​ និង​ខេត្តសៀមរាប​គឺ​បាន​ធ្វើ​ឲ្យ​ ឯកឧត្តម​ បាន​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ការ​ដឹកនាំ​ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​។​ ទន្ទឹម​នឹង​នេះ​ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា​ជោគជ័យ​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​ កន្លង​មកនេះ​គឺជា​ការ​យកចិត្តទុកដាក់​របស់​សមាជិក​បក្ស​ធ្វើ​យ៉ាងណា​ឱ្យ​សមាជិក​មាន​ទំនុកចិត្ត​ មាន​អារម្មណ៍ល្អ​ សាមគ្គីភាព​ផ្ទៃក្នុង​ និ​ស្មោះត្រង់​ ដែល​បាន​ប្រែក្លាយ​សមាជិក​បក្ស​ម្នាក់​ជា​សន្លឹក​ឆ្នោត​មួយ​ដល់​បក្ស​ផង​ដែរ​ ។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​យល់ព្រម​តាម​សំណើ​ ឯ​.​ឧ​ DU​ Jiahao​ ទៅ​ចូលរួម​ទស្សនកិច្ច​នៅ​ ខេត្ត​ហ៊ូ​ណា​ន​ ប្រទេស​ចិន​ក្នុង​ពេល​ដ៏​សមរម្យ​ណាមួយ​នា​ពេល​ខាង​មុខ​។​

​ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​អបអរសាទរ​សា​ជា​ថ្មី​ចំពោះ​ខួប​ ៧០​ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្រោម​ការ​ដឹកនាំ​របស់​ គណបក្ស​កុម្មុយនីស្ត​ចិន​។​ ទន្ទឹម​នឹង​នេះ​ដែរ​ សម្ដេច​តេ​ជោ​ ក៏​បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​៤​ ធ្នូ​ ខា​មុខ​នេះ​ កម្ពុជា​នឹង​ចាប់ផ្ដើម​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ រវាង​ចិន​កម្ពុជា​ ដែល​ទាំង​អស់នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ ហើយ​ក៏​មិន​គ្រាន់តែ​ជា​ផលប្រយោជន៍​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ផលប្រយោជន៍​សម្រាប់​នយោបាយ​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​

​ឯ​.​ឧ​ DU​ Jiahao​ បាន​ថ្លែង​អំណ​គុណ​ចំពោះ​ប្រសាសន៍​របស់​ សម្ដេច​តេ​ជោ​ ហើយ​ពេល​នេះ​មាន​អារម្មណ៍​កាន់តែ​យល់​ច្បាស់​អំពី​អត្ថន័យ​ “​ដែកថែប​”​ ដែល​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​តែងតែ​លើក​ឡើង​តំណាង​អោយ​ចំណង​មេត្រីភាព​កម្ពុជា​ចិន​ ដែល​កាន់តែ​ស៊ីជម្រៅ​ និង​រឹង​មាំ​ថែម​ទៀត​។​ ឯ​.​ឧ​ DU​ Jiahao​ បាន​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​ សម្ដេច​តេ​ជោ​ ដែល​មាន​យុទ្ធសាស្ត្រ​ដឹកនាំ​ឈ្លាសវៃ​ខ្ពង់ខ្ពស់​ ដែល​បាន​ប្រកាន់​ភ្ជាប់​នូវ​នយោបាយ​ចិន​មួយ​។​

​ទន្ទឹម​នឹង​នោះ​ដែរ​ ឯ​.​ឧ​ DU​ Jiahao​ បាន​រំលឹក​ថា​រូប​ឯកឧត្តម​ផ្ទាល់​ធ្លាប់​បានឮ​ឈ្មោះ​របស់​សម្ដេច​តេ​ជោ​ និង​ព្រះ​បរម​នាម​របស់​អតីត​ព្រះមហាក្សត្រ​កម្ពុជា​ ដែល​បាន​កសាង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​មក​ទល់​បច្ចុប្បន្ន​ ដែល​ពេល​នេះ​ គឺ​ឈ្មោះ​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ត្រូវ​បាន​ស្គាល់​ទូ​ទាំង​ប្រទេស​ចិន​ ហើយ​ចាត់​ទុក​សម្ដេច​តេ​ជោ​ មិត្ត​ដ៏​ល្អ​របស់​ចិន​ ដែល​បញ្ជាក់​ច្បាស់​ថា​មិត្តភាព​កម្ពុជា​-​ចិន​ឆ្លងកាត់​ពេលវេលា​យូរលង់​ណាស់​មក​ហើយ​ អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​បាន​ធ្វើ​អោយ​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​របស់​យើង​កាន់តែ​រីក​ចម្រើន​និង​រឹង​មាំ​។​ ឯ​.​ឧ​ DU​ Jiahao​ បាន​ជូនពរ​ សម្ដេច​តេ​ជោ​ មាន​សុខភាព​ល្អ​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដឹ​នាំ​ប្រទេស​បន្ត​ទៀត​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​បាន​អរគុណ​ និង​បាន​ជូនពរ​ ឯ​.​ឧ​ DU​ Jiahao​ និង​គណៈប្រតិភូ​ទាំងអស់​ជួប​តែ​សេចក្តីសុខ​ចម្រើន​នឹង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​៕


ចំនួនអ្នកទស្សនា

    20547557

  • ថ្ងៃនេះ4141
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83221
  • ខែនេះ105101
  • ឆ្នាំនេះ105101
  • សរុប20547557