សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​

19-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ៨​រោច​ ខែ​ក​ក្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី​២​ (2nd​ ASIA​ PACIFIC​ SUMMIT​ )​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី​២​នេះ​ បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​ «​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នា​ពេល​បច្ចុប្បន្ន​៖​ សន្តិភាព​ ការ​បង្រួបបង្រួម​ជាតិ​ ការ​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ វិបុលភាព​ទៅ​វិញ​ទៅ​មក​ និង​គុណ​តម្លៃ​សកល​»​។​ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៨០០​នាក់​ រួម​មាន​ថ្នាក់​ជា​ប្រធានាធិបតី​ នាយក​រដ្ឋមន្ត្រី​ អតីត​ថ្នាក់ដឹកនាំ​ប្រទេស​ រដ្ឋសភា​ ព្រឹទ្ធសភា​ អង្គការក្រៅរដ្ឋាភិបាល​ ធុរកិច្ច​ជន​ អង្គភាព​សារព័ត៌មាន​ និង​ស្ថាប័ន​នានា​ជា​ច្រើន​ទៀត​។​ កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នេះ​ ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​ រវាង​រដ្ឋាភិបាល​ និង​សង្គម​ស៊ី​វិល​ដែល​មាន​ខ្លឹមសារ​ស្នូល​ ដើម្បី​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ ការ​ប្រែប្រួល​អាកាសធាតុ​ និង​ជម្លោះ​ និង​ដំណោះស្រាយ​ ក្នុង​គ្រា​សំខាន់​។​

​ថ្លែង​ក្នុង​ពិធី​បើក​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ស្វាគមន៍​ និង​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខរដ្ឋ​ រដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ ប្រធានរដ្ឋសភា​ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ទាំងអស់​ដែល​មាន​វត្ត​មាននៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​សំខាន់​នេះ​។​ជាមួយ​គ្នា​នេះ​ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ប្រទេស​កម្ពុជា​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​នេះ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​របស់​ប្រទេស​កម្ពុ​ជានា​ពេល​កន្លង​មក​ ទាក់ទង​នឹង​ប្រធានបទ​ថ្ងៃនេះ​គឺ​សន្តិភាព​ និង​ការ​បង្រួបបង្រួម​ជាតិ​។​ ទន្ទឹម​នឹង​នេះ​ សម្តេច​តេ​ជោ​បន្ត​ថា​ កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​ដ៏​រាំ​រ៉ៃ​ជា​ច្រើន​ ជាក់ស្តែង​ ពី​ឆ្នាំ​១៩៧៥​ ដល់​ ១៩៧៩​ គឺ​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ ដែល​បាន​បំផ្លាញ​ឫសគល់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សង្គម​ជាតិ​។​ ទោះបី​យ៉ាងណា​របប​ប្រល័យពូជសាសន៍​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​១៩៧៩​ ប៉ុន្តែ​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​នៅ​តែ​បន្ត​អូស​បន្លាយ​។​ កម្ពុជា​ក្នុង​គ្រានោះ​បាន​ប្រើ​ដៃ​ម្ខាង​ដើម្បី​ការពារ​ប្រទេស​ពី​របប​ប្រល័យពូជសាសន៍​ និង​ដៃ​ម្ខាង​ទៀត​ដើម្បី​អភិវឌ្ឍ​ប្រទេស​ពី​បាតដៃ​ទទេ​ ជាមួយនឹង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​អយុត្តិធម៌​ពី​ពិភព​ខាងក្រៅ​ផង​ដែរ​។​

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ បន្ទាប់​ពី​ថ្ងៃ​រំដោះ​៧​មក​រា​ មក​ សម្តេច​តេ​ជោ​ បាន​ប្រមូល​ធនធានមនុស្ស​ដែល​បន្សល់​ទុក​ពី​ការ​សម្លាប់​ប្រមាណ​ ១០០​នាក់​នៅ​ទូ​ទាំង​ប្រទេស​ ដែល​ពេល​នោះ​យើង​បាន​ ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ «​អ្នកចេះ​ច្រើន​ បង្រៀន​អ្នកចេះ​តិច​ និង​អ្នកចេះ​តិច​ បង្រៀន​អ្នក​មិន​ចេះ​សោះ​»​ ដើម្បី​ធ្វើការ​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​មូលដ្ឋាន​ផលិតកម្ម​គ្រប់​ប្រភេទ​ត្រូវ​បាន​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង​។​ កម្ពុជា​បាន​រៀប​ការ​បោះ​ឆ្នោត​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៩៣​ ក៏​ដោយ​ ក៏​សង្គ្រាមស៊ីវិល​ដែល​អូស​បន្លាយពេល​យូរ​នៅ​តែ​បន្ត​។​ កត្តា​ទាំងនេះ​ហើយ​ជា​ហេតុផល​ដែរ​សម្តេច​តេ​ជោ​មានការ​ចាប់ផ្តើម​ដាក់​ចេញ​នូវ​ គោលនយោបាយ​ ឈ្នះ​ ឈ្នះ​ (Win-Win​ Policy)​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​មាន​ប្រសាសន៍​ពី​លក្ខខណ្ឌ​អាទិភាព​នៃ​ នយោបាយ​ ឈ្នះ​ ឈ្នះ​ រួ​មាន​៣​ សំខាន់​គឺ​ ១)​ធានា​ថា​ប្រជាពលរដ្ឋ​ទាំងអស់​អាច​បន្ត​រស់នៅ​បាន​ ២)​ធានា​ថា​ប្រជាជន​ទាំងអស់​មានការ​ងារ​ និង​ការងារ​ គាំទ្រ​ដល់​ការ​រស់នៅ​របស់​ពួក​គេ​ និង​៣)​ ធានា​ការ​ការពារ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​។​ តាម​រយៈ​ នយោបាយ​ ឈ្នះ​ ឈ្នះ​ នេះ​បាន​បញ្ចប់សង្គ្រាម​អូស​បន្លាយ​នៅ​កម្ពុជា​ និង​បាន​នាំ​មក​នូវ​សន្តិភាព​ក៏​ដូច​ជា​ឯកភាព​ជាតិ​ និង​អធិបតេយ្យភាព​ទឹកដី​ពេញលេញ​នៅ​ចុងឆ្នាំ​ ១៩៩៨​។​ជាមួយ​គ្នា​នេះ​ សម្តេច​តេ​ជោ​បន្ត​ថា​ សន្តិភាព​ និង​ស្ថេ​រ​ភាព​ គឺជា​មូលដ្ឋាន​គ្រឹះ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​អភិវឌ្ឍ​។​ ហើយ​ការ​អភិវឌ្ឍ​ប្រកបដោយ​សមធម៌​ និង​ការ​ចូលរួម​គឺជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ពង្រឹង​ និង​ធានា​នូវ​សន្តិភាព​និង​ស្ថេ​រ​ភាព​សង្គម​។​

​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ជា​លំដាប់​លើ​គ្រប់​វិស័យ​ដែល​មាន​អត្រាកំណើន​ជា​មធ្យម​ប្រមាណ​ ៧.៧%​ និង​សម្រេច​បាន​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​ជា​ការ​ផ្លាស់​ប្តូរ​ពី​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ទៅ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ​ ២០១៥​ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​ និង​មាន​ម​ហិ​ច្ឆិ​តា​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​ ។​ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​សន្តិភាព​ពិភពលោក​តាម​រយៈ​ការ​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ និង​ក្រុម​កម្ចាត់​មីន​ទៅ​កាន់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។​ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ​សូម​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ សង្គម​ស៊ី​វិល​ និង​ស្ថាប័នឯកជន​ឱ្យ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ និង​ស៊ីជម្រៅ​ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​ចំពោះ​បញ្ហា​សកលលោក​រួម​មាន​៖​ ១)​ ភាព​ជ្រុលនិយម​និង​សកម្មភាព​ជ្រុលនិយម​ ២)​ ការ​ការពារ​ និង​ឯកតោភាគី​ ៣)​ ការ​ប្រែប្រួល​អាកាសធាតុ​ ៤)​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​និង​ការ​ជួញដូរ​មនុស្ស​ ៥)​ ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត​ និង​៦)​ វិសមភាព​សេដ្ឋកិច្ច​សង្គម​រួម​ទាំង​វិសមភាព​យេ​ន​ឌ័​រ​។​

​ក្នុង​ឱកាស​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសា​ន៍​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ចូលរួម​គោរព​ និង​ស្តារ​ប្រព័ន្ធ​ពហុភាគី​អន្តរជាតិ​ដែល​មាន​លក្ខណៈ​បើកចំហ​ស្រប​តាម​គោលការណ៍​ច្បាប់​យ៉ាង​ពេញលេញ​ដើម្បី​កសាង​សង្គម​ឱ្យ​ចក្ខុវិស័យ​ថ្មី​ ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​មនុស្សជាតិ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ សង្ឃឹមថា​ កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​ ២០១៩-​កម្ពុជា​ AISA​ PACIFIC​ SUMMIT​ 2019​ -​ CAMBODIA​ នឹង​ពិភាក្សា​ដោយ​យកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​និង​ដំណោះ​ ស្រាយ​សម​ស្រប​ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ពិភពលោក​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​អាច​រស់នៅ​ក្រោម​ម្លប់​សន្តិភាព​ និង​ភាព​សុខដុមរមនា​ ជាមួយ​ជនជាតិ​គ្រប់​រូប​ដោយ​មិន​មានការ​បែងចែក​វណ្ណៈ​ និង​ពណ៌​សង្គម​ក្នុង​ចំណោម​មនុស្សជាតិ​ទាំងអស់​៕

​មុន​នឹង​បញ្ចប់​ស​ន្ទ​រក​ថា​ ជាមួយនឹង​ការ​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​ ២០១៩-​កម្ពុជា​ នា​ពេល​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ជូនពរ​ឲ្យ​កិច្ចប្រជុំ​កំពូល​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ និង​ជូនពរ​ ឯកឧត្តម​ លោក​ជំទាវ​ ភ្ញៀវ​កិត្តិយស​ជាតិ​ និង​អន្តរជាតិ​ទាំងអស់​ ទទួល​បាន​ភាព​ជោគជ័យ​៕​

 

ចំនួនអ្នកទស្សនា

    21015947

  • ថ្ងៃនេះ5641
  • ម្សិលមិញ7411
  • សប្តាហ៍នេះ23851
  • ខែនេះ96591
  • ឆ្នាំនេះ573491
  • សរុប21015947