កំពង់ធំ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ បង្ក្រាបបទល្មើស ជួញដូរគ្រឿងញៀនចំនួន០១ករណី ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចភូមិស្រែប្រាំ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
មន្ត្រីនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថាជនសង្ស័យឈ្មោះ អុល សុភ័គ្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអូរច្អិស ឃុំ ទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
សមត្ថកិច្ចដកហូតបានឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន ចំណែកគ្រឿងញៀនត្រូវបានសង្ស័យបំផ្លាញចោលនៅនឹងទីកន្លែង។
នៅថ្ងៃខែដដែលម៉ោង១៨និង០៣នាទីដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅភូមិកំពង់ថ្ម ឃុំ បល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឈ្មោះ អេង សំអាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន០២កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង។
មន្ត្រីនគរបាលជំនាញបាននាំជនសង្ស័យនិងវត្ថុតាងមកកសាងនីតិវិធី នៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លុះដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩វេលាម៉ោង១៥និង២៥នាទី មន្ត្រីនគរបាលជំនាញបានបញ្ចប់នីតិវិធី បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត ៕