សៀមរាប៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអំពើលួច(យកម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក) នៅចំណុចបាយ័នប៊ូទិកអូតែល ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យដឹងថាកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានបុរសជនជាតិថៃម្នាក់បានមកជួលម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ផលិតឆ្នាំ២០១២ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១L-៩៣៤៣ ចំនួនពីរថ្ងៃ ក្នុងមួយថ្ងៃតម្លៃ១០$ ពីក្រុមហ៊ុន វិមានណេរទួរ ដោយបុរសជនជាតិថៃនោះស្នាក់នៅបន្ទប់ បាយ័ន ប៊ូទិកអូតែល។
លុះព្រឹកឡើងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១នឹង១០នាទីព្រឹក បុរសជនជាតិថៃនេះ ក៏ខាងបានខលមកប្រាប់ម្ចាស់ក្រុមហ៊ុនទួ ថាម៉ូតូដែលគេបានជួលជិះបានបាត់ ទើបម្ចាស់ក្រុមហ៊ុនទួរ បានពិនិត្យមើលGPSដែលចាប់ជាប់នឹងម៉ូតូ ឃើញថាកំពុងធ្វើដំណើរពីសៀមរាបទៅភ្នំពេញ ទើបប្តឹងរាយការណ៍មកសមត្ថកិច្ចតែម្តង។
បន្ទាបពីទទួលបានបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចខេត្តសៀមរាបបានទំនាក់ទំនងសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ តាមប្រម៉ាញ់ចាប់បានជនសង្ស័យជនជាតិចិនចំនួន ០២នាក់ ម៉ូតូ០១គ្រឿង និងគ្រឿងសម្ភារកាត់សោរគាស់ទូរដែកមួយចំនួនទៀត។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត៕