ប្រទេស​មី​យ៉ា​ន់​ម៉ា​ សាទរ​ជោគជ័យ​កម្ពុជា​ ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​

19-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​ទទួល​ជួប​សវនាការ​ជាមួយ​ ឯកឧត្តម​ ហេ​ន​រី​ វ៉ា​ន់​ធៀ​ អនុ​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ នៅ​វិមាន​រដ្ឋសភា​ នា​រសៀល​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ ខណៈ​ដែល​ ឯកឧត្តម​អនុ​ប្រធានាធិបតី​ ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ នៅ​រាជធានី​ភ្នំពេញ​។​

​សម្តេច​ប្រធានរដ្ឋសភា​ និង​ឯកឧត្តម​ ហេ​ន​រី​ វ៉ា​ន់​ធៀ​ បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​មាន​តាំងពី​យូរណាស់​មក​ហើយ​។​

​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​និង​មី​យ៉ា​ន់​ម៉ា​ គឺ​មាន​ទាំង​ខាង​នីតិប្បញ្ញត្តិ​ និង​នីតិប្រតិបត្តិ​ និង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី​។​ប្រទេស​ទាំង​ពីរ​បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​ឆាក​អន្តរជាតិ​។​

​ឯកឧត្តម​ ហេ​ន​រី​ វ៉ា​ន់​ធៀ​ បាន​លើក​ឡើង​ថា​ ដើម្បី​ឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ កម្ពុជា​និង​មី​យ៉ា​ន់​ម៉ា​ ត្រូវ​ជំរុញ​ឲ្យ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​គ្រប់​កម្រិត​។​

​ឯកឧត្តម​អនុ​ប្រធានាធិបតី​ បាន​អបអរសាទរ​ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ ទទួល​បាន​ជោគជ័យ​។​ ប្រទេស​មី​យ៉ា​ន់​ម៉ា​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​នេះ​បន្ត​ពី​កម្ពុជា​ នៅ​ឆ្នាំ​២០២០​ខាង​មុខ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​ចាត់​ទុក​វត្តមាន​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​នៅ​កម្ពុជា​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ ពី​វឌ្ឍនភាព​រីក​ចម្រើន​ នៃ​ទំនាក់ទំនង​ មិត្តភាព​ ស្អិតរ​មួ​ត​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​មី​យ៉ា​ន់​ម៉ា​ ទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត​។​

​សម្តេច​បាន​គូសបញ្ជាក់​ថា​ ការ​បន្ត​ថែរក្សា​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ជា​ទ្វេភាគី​និង​ក្នុង​ក្របខ័ណ្ឌ​សហ​គម​អាស៊ាន​ ពិតជា​មាន​សារសំខាន់​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ នៅ​ចំពោះ​មុខ​សភាពការណ៍​សកលលោក​ កំពុង​មានការ​ប្រែប្រួល​វិ​វត្ត​ឥត​ឈប់​ឈរ​ ។​

​សម្តេច​បាន​លើក​ឡើង​ថា​ រដ្ឋសភា​កម្ពុជា​ គាំទ្រ​និង​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ ទ្វេភាគី​ ពហុភាគី​ ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ បាន​អនុវត្ត​ជាមួយ​គ្នា​យ៉ាង​សកម្ម​ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​តំបន់​ និង​អន្តរជាតិ​ ដើម្បី​នាំ​មក​នូវ​ឧត្តម​ប្រយោជន៍​ សម្រាប់​ប្រជាជាតិ​ទាំង​សងខាង​ និង​រួមចំណែក​ដល់​ការ​ថែរក្សា​ សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍន៍​ ទាំង​ក្នុង​តំបន់​ និង​សកលលោក​ផង​ដែរ​។​

​ជាមួយ​គ្នា​នេះ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​កោតសរសើរ​ថ្នាក់ដឹកនាំ​មី​យ៉ា​ន់​ម៉ា​ ចំពោះ​កិច្ច​ខិតខំ​ស្វែង​ រក​ដំណោះស្រាយ​នយោបាយ​ផ្ទៃក្នុង​រួម​ ដើម្បី​នាំ​មក​នូវ​ការ​បង្រួបបង្រួម​ជាតិ​ ៕


ចំនួនអ្នកទស្សនា

    20547357

  • ថ្ងៃនេះ3941
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83021
  • ខែនេះ104901
  • ឆ្នាំនេះ104901
  • សរុប20547357