ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ហេនរី វ៉ាន់ ធៀ (Henry Van Thio) អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ ចំពោះឯកឧត្តមអនុប្រធានាធិបតី ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-នៅកម្ពុជា ត្រូវបានសហការរៀបចំរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហព័ន្ធសន្តិភាពសកល ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។ ដូចដែលឯកឧត្តមបានជ្រាបស្រាប់ហើយថា ប្រធានបទនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩នេះ គឺពិតជាមានសារៈសំខាន់ និងឆ្លើយតបចំពោះស្ថានភាពសកលលោកដែលកំពុងមានការវិវត្តប្រែប្រួល ដ៏ឆាប់រហ័ស និងប្រកបដោយគ្រោះថ្នាក់។ ហេតុនេះទាមទារឱ្យយើងទាំងអស់គ្នាចូលរួមលើកកម្ពស់ កិច្ចសហប្រតិបត្តិការពហុភាគីនិយម និងគោរពនូវគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីនាំមកនូវ សុខដុមនីយកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងឱកាសនោះ ឯកឧត្តម ហេនរី វ៉ាន់ ធៀ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃ ទទួលជួបនាឱកាសនេះ។ ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩- នេះ ប្រកបដោយជោគជ័យ។
ឯកឧត្តម ហេនរី វ៉ាន់ ធៀ បានជម្រាបជូនសម្តេចព្រឹទ្ធសភាថា សហភាពមីយ៉ាន់ម៉ានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី៣ នៅឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្តមបានរំលឹកអំពី ទំនាក់ទំនការទូតរវាងសហភាពមីយ៉ាន់ម៉ា និងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតតាំងពីឆ្នាំ១៩៥៥ ហើយទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពស្អិតរមួតពីតាំងពីពេល បង្កើតរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសការគាំទ្រគ្នាក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដូចជា ក្នុងក្របខណ្ឌអាស៊ាន មហាអនុតំបន់ទន្លេមេគង្គ CLMV និងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
ឯកឧត្តម ហេនរី វ៉ាន់ ធៀ បានបញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយនឹងប្រទេសកម្ពុជា ជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ សភានៃប្រទេសមីយ៉ាន់ម៉ា បានចូលជាសមាជិកមហាសន្និបាតអន្តរសភាអាស៊ាន ក្នុងកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី២១។ ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥។
ឯកឧត្តម ហេនរី វ៉ាន់ ធៀ បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ដែលបោះឆ្នោតគាំទ្រនូវជំហររបស់សហភាពមីយ៉ាន់ម៉ា នៅក្នុងមហាសន្និបាតអង្គកាសហប្រជាជាតិលើកទី២៤ និងបានជួយឧបត្ថម្ភជាថវិកាមួយចំនួនសម្រាប់ការអភិវឌ្ឍនៅរដ្ឋរ៉ាក់ខាញនៃប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះព្រឹទ្ធសភាកម្ពុជា ដែលបានផ្តល់អាហាររូបករណ៍ដល់មន្ត្រីសភានៃប្រទេសមីយ៉ាន់ម៉ា បានមកបណ្តុះបណ្តាលនៅព្រឹទ្ធសភាកម្ពុជា។
ឯកឧត្តម ហេនរី វ៉ាន់ ធៀ មានសង្ឃឹមយ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងបន្តគាំទ្រដល់ដំណើរការសន្តិភាព និងការបង្រួបបង្រួមជាតិរបស់ប្រទេសមីយ៉ាន់ម៉ា។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តមអនុប្រធានាធិបតី ដែលបានលើកឡើងអំពី ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ត្រូវបានបង្កើតឡើងក្នុងរយៈពេល៦៤ឆ្នាំកន្លងមក។សម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរគោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា និងប្រើប្រាស់ទឹកទន្លេមេគង្គដូចគ្នា ហើយប្រជាជននៃប្រទេសទាំងពីរមានប្រវត្តិស្រឡាញ់ រាប់អានគ្នាទៅវិញទៅមកប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាយូរលង់មកហើយ។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញអំពី ការរីកចម្រើនប្រកបដោយលទ្ធផលជាផ្លែផ្កានៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកជំទាវ ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីខែមេសាកន្លងទៅនេះ រដ្ឋាភិបាលទាំងពីរបានប្តេជ្ញាជំរុញបន្ថែមទៀត លើកិច្ចសហប្រតិបត្តិគ្រប់វិស័យ រួមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច-សង្គមរបស់មីយ៉ាន់ម៉ា។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ា និងក្រោមការដឹកនាំរបស់ឯកឧត្តម សម្តេចមានជំនឿជាក់ថា ប្រទេសមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ា បន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាព។
តាមរយៈឯកឧត្តមអនុប្រធានាធិបតី សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីគោរពរាប់អានអំពីសម្តេចជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ សម្តេចបានបង្ហាញអំពីបំណងធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាមីយ៉ាន់ម៉ា ដោយហេតុថា ឆ្នាំ២០២០ខាងមុខនេះ គឺជាខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចបានស្នើឱ្យសភានៃប្រទេសទាំងពីរ ធ្វើការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក។
សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនឯកឧត្តម ហេនរី វ៉ាន់ ធៀ ថា ព្រឹទ្ធសភាកម្ពុជានីតិកាលទី៤នេះ បានបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយនឹងសភាសហភាពមីយ៉ាន់ម៉ា។ តាមរយៈក្រុមមិត្តភាពនេះ សម្តេចសង្ឃឹមថា សភានៃប្រទេសទាំងពីរ នឹងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាមួយវិទ្យាស្ថានសភាកម្ពុជា បានទទួលមន្ត្រីពីសភាមីយ៉ាន់ម៉ា មកចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់នៅក្នុងព្រឹទ្ធសភាកម្ពុជា លើផ្នែកស្រាវជ្រាវចំនួន ២៨នាក់ ផ្នែកការទូតសភាចំនួន០៥នាក់ និងចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការទទួលខុសត្រូវរបស់សភា លើកទី១ចំនួន១០នាក់ និងលើកទី២ចំនួន ០៩នាក់។
សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារសុន្ទរកថាប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ របស់ឯកឧត្តម ដែលរួមវិភាគទានដ៏ថ្លៃថ្លាក្នុងការផ្តល់ទស្សនទានដ៏សំខាន់ដល់កិច្ចប្រជុំ ធ្វើការ ត្រិះរិះពិចារណា និងដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ។
សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាធ្លាប់មានបទពិសោធន៍ប្រកបដោយជោគជ័យនៅក្នុងដំណើរការផ្សះផ្សាបង្រួប បង្រួមជាតិ ពិសេសការដាក់ចេញនូវគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ បូរណភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយកត្តាសន្តិភាពនេះ បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស ដែលមានកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងរយៈពេលពីរទសវត្សរ៍នេះ។
សម្តេចប្រធានព្រឹទ្ធសភាមានសេចក្តីសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងសម្រេចបាននូវការបង្រួបបង្រួម និង ផ្សះផ្សារជាតិ នៅពេលខាងមុខនេះ។ សម្តេចបានប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តមអនុប្រធានាធិបតី និងគណៈប្រតិភូ សូមទទួលបានសុខភាពល្អ បរិបូរណ៍ ការស្នាក់អាស្រ័យល្អប្រសើរ និងជោគជ័យត្រចះត្រចង់ក្នុងបេសកកម្មដ៏ខ្ពង់ខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា ៕