សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អនុញ្ញាត​ឲ្យ​ឯកឧត្តម​ លី​ វ៉ា​ន់​ ហ៊ុ​ង​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​

19-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​អង្គារ​ ៨​រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ លី​ វ៉ា​ន់​ ហ៊ុ​ង​ សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្ស​ និង​ជា​លេខា​បក្ស​ខេត្ត​ហូ​វ​យ៉ាង​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដឹកនាំ​ប្រតិភូ​ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម​នៃ​ជំនួប​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ និង​បាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​របស់​សា​ធា​ណ​រដ្ឋ​សង្គមនិយម​វៀតណាម​ រួម​ទាំង​ខេត្ត​ហូ​វ​យ៉ាង​ ទាំង​ផ្នែក​សេដ្ឋកិច្ច​ សង្គម​ ដែល​វៀតណាម​ និង​ខេត្ត​ហូ​វ​យ៉ាង​សម្រេច​បានជា​បន្តបន្ទាប់​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​វៀតណាម​ ដែល​បន្ត​ពង្រឹងពង្រីក​ជា​បន្តបន្ទាប់​ ពី​សេស​ថ្មីៗ​នេះ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ទៅ​កាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ គឺជា​ការ​បន្ត​ពង្រឹង​ ពង្រីក​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ជា​យូរ​មក​ហើយ​។​

​សម្ដេច​ក្រឡាហោម​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ កម្ពុជា​ និង​វៀតណាម​ ដែល​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​ជាមួយ​គ្នា​ ជា​ពិសេស​គឺ​ការ​រក្សា​បាន​នូវ​សន្តិសុខ​ និង​សណ្ដាប់ធ្នាប់​យ៉ាង​ល្អ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​ជា​ការ​បង្ក​ភាព​អំណោយផល​ដល់​ការ​អភិវឌ្ឍ​តាម​ខ្សែបណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។​

សម្ដេច​ក៏​បាន​បង្ហាញ​ការ​សង្ឃឹម​ជឿជាក់​ថា​ថា​ទំនាក់​ទំ​ង​ដ៏​ល្អ​នេះ​ ទាំង​រវាង​ប្រជាជន​ និង​ប្រជាជន​ និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ នឹង​បន្ត​រីក​ចំរើន​តទៅ​មុខ​បន្ថែម​ទៀត​។​

​ឆ្លៀត​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​លេខា​បក្ស​ខេត្ត​ហូ​វ​យ៉ាង​នៅ​កម្ពុ​ជានា​ពេល​នេះ​ ដែល​តាម​កម្មវិធី​ទស្សនកិច្ច​ គណៈប្រតិភូ​នឹង​ទៅ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​ និង​ខេត្តកំពង់ឆ្នាំង​នោះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បង្ហាញ​ការ​លើកទឹកចិត្ត​ឲ្យ​ខេត្ត​ហូ​វ​យ៉ាង​ និង​ខេត្តកំពង់ឆ្នាំង​ ដែល​ជា​ខេត្ត​កសិកម្ម​ដូច​គ្នា​នោះ​ ពិនិត្យ​លទ្ធភាព​ចែករំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​វិស័យ​នេះ​ នឹង​បង្កើត​កិច្ចសហការ​ក្នុង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​វិស័យ​នេះ​។​

​ជា​ការ​ឆ្លើយ​តប​ឯកឧត្តម​លេខា​បក្ស​ខេត្ត​ហូ​វ​យ៉ាង​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​បង្ហាញ​ការ​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​សម្ដេច​ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ជិត​ស្និត​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​ដែល​តែងតែ​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នា​ពេល​កន្លង​មក​។​

​ឯកឧត្តម​បាន​ជំរាប​ជូន​សម្ដេច​ថា​ខេត្ត​ហូ​វ​យ៉ាង​ជា​ខេត្ត​មួយ​នៅ​ដែនដី​សណ្ដរ​ ដែល​វិស័យ​សំខាន់​គឺ​វិស័យ​កសិកម្ម​ ដូច្នេះ​ទស្សនកិច្ច​នេះ​ជា​ឱកាស​ពិនិត្យ​មើល​ដើម្បី​បង្កើត​ឡើង​នូវ​កិច្ចសហការ​លើ​ផ្នែក​នានា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សក្ដានុពល​ជាមួយ​ខេត្តកំពង់ឆ្នាំង​ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ខេត្ត​ទាំង​ពីរ​។​

​ឯកឧត្តម​ក៏​បាន​អរគុណ​ និង​គាំទ្រ​ចំពោះ​ប្រសាសន៍​លើក​ឡើង​របស់​សម្ដេច​ និង​បាន​ជូនពរ​ដល់​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ និង​ប្រជាជន​ទាំង​ពីរ​ បន្ត​រីក​ចំរើន​លូតលាស់​ជា​លំដាប់​ដើម្បី​បំរើ​ដល់​ផលប្រយោជន៍​រួម​ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ដែរ​។​

​សម្ដេច​ក្រឡាហោម​បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​នេះ​ នឹង​បាន​បន្ថែម​ថា​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​មាន​ប្រ​វត្ត​ទំនាក់ទំនង​ជាមួយ​គ្នា​យូរ​មក​ហើយ​ និង​តែ​តែ​ជួយ​គ្នា​គ្នា​គ្រា​លំបាក​ និង​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​។​

ជា​ចុងបញ្ចប់​ សម្ដេច​ក្រឡាហោម​បាន​សម្ដែង​ការ​សង្ឃឹម​ជឿជាក់​ថា​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នា​ពេល​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ និង​ការ​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​មក​ដើម្បី​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ឡើង​រវាង​ប្រជាជន​នៃ​ខេត្ត​ និង​ប្រទេស​ទាំង​ពីរ​៕

ចំនួនអ្នកទស្សនា

    20547137

  • ថ្ងៃនេះ3721
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82801
  • ខែនេះ104681
  • ឆ្នាំនេះ104681
  • សរុប20547137