សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ ទទួល​ជួប​ប្រធានរដ្ឋសភា​ បង់​ក្លា​ដេ​ស​

20-November-2019 | ដោយ ពលមនសិការ

 នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​វិមាន​ព្រឹទ្ធសភា​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​លោក​ជំទាវ​ Shirin​ Sharmin​ Chaudhury​ ប្រធានរដ្ឋសភា​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ ក្នុង​ឱកាស​ដែល​លោក​ជំទាវ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​នាម​ព្រឹទ្ធសភា​ និង​ក្នុង​នាម​សម្តេច​ផ្ទាល់​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ ចំពោះ​លោក​ជំទាវ​ ដែល​បាន​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ សម្តេច​បាន​បញ្ជាក់​ថា​ កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០១៩-​នៅ​កម្ពុជា​ ត្រូវ​បាន​សហការ​រៀបចំ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ ជាមួយ​សហព័ន្ធ​សន្តិភាព​សកល​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៩​។​ ប្រធានបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០១៩​នេះ​ គឺ​ពិតជា​មាន​សារៈសំខាន់​ និង​ឆ្លើយ​តប​ចំពោះ​ស្ថានភាព​សកលលោក​ដែល​កំពុង​មានកា​រវិ​វត្ត​ប្រែប្រួល​ ដ៏​ឆាប់រហ័ស​ និង​ប្រកបដោយ​គ្រោះថ្នាក់​។​ ហេតុនេះ​ទាមទារ​ឱ្យ​យើង​ទាំងអស់​គ្នា​ចូលរួម​លើកកម្ពស់​ កិច្ច​សហប្រតិបត្តិការ​ពហុភាគី​និយម​ និង​គោរព​នូវ​គោលការណ៍​ច្បាប់​អន្តរជាតិ​ ដើម្បី​នាំ​មក​នូវ​ សុខដុម​នី​យ​កម្ម​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​នៅ​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ Shirin​ Sharmin​ Chaudhury​ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ ដែល​បាន​ចំណាយពេល​ដ៏​មាន​តម្លៃ​ទទួល​ជួប​នា​ពេល​នេះ​។​ លោក​ជំទាវ​ បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​មានឱកាស​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០១៩​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ជំទាវ​ Shirin​ Sharmin​ Chaudhury​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​វាង​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​ប​ន្ត្រី​នៃ​ប្រទេស​បង់​ក្លា​ដេ​ស​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ និង​បាន​ចុះ​អនុស្សារ​ណ​នៃ​ការ​យោគយល់​គ្នា​ និង​កិច្ចព្រមព្រៀង​ជា​ច្រើន​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ ព្រមទាំង​បាន​ឯកភាព​គ្នា​ដាក់​ឈ្មោះ​ផ្លូវ​ បិតា​ជាតិរ​បស់បង់​ក្លា​ដេ​ស​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ផ្លូវ​ឈ្មោះ​ ព្រះ​បរម​នាម​របស់​ព្រះករុណា​ព្រះ​មហា​វីរៈក្សត្រ​ ព្រះ​វររាជ​បិតា​ជាតិខ្មែរ​ នរោត្តម​ សីហ​នុ​ "​ព្រះ​បរម​រតន​កោដ្ឋ​"​ នៅ​តំបន់​អគារ​ស្ថាប័នរដ្ឋ​ក្នុង​ទីក្រុង​ដា​កា​ ប្រទេស​បង់​ក្លា​ដេ​ស​ ហើយ​គ្រោង​នឹង​សម្ពោធ​នា​ឆ្នាំ​២០២០​ ទន្ទឹម​នឹង​ការ​ប្រារ​ព្វ​ខួប​លើក​ទី​១០០​ឆ្នាំ​នៃ​បិតា​ជាតិរ​បស់បង់​ក្លា​ដេ​ស​។​

​លោក​ជំទាវ​ Shirin​ Sharmin​ Chaudhury​ បាន​បញ្ជាក់​ថា​ ទំនាក់ទំនង​ការទូត​កម្ពុជា​-​បង់​ក្លា​ដេ​ស​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ “​ព្រះ​បរម​រតន​កោដ្ឋ​”​ ជាមួយនឹង​បិតា​ជាតិរ​បស់បង់​ក្លា​ដេ​ស​នៅ​ឆ្នាំ​១៩៧៣​ ហើយ​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នេះ​ មានកា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​ជា​បន្តបន្ទាប់​។​

​លោ​ជំទាវ​ Shirin​ Sharmin​ Chaudhury​ បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៦​ កាលពី​ឆ្នាំ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ ដែល​ធ្វើ​ឱ្យ​លោក​ជំទាវ​មានឱកាស​បាន​ជួប​ជាមួយនឹង​ថ្នាក់ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​នោះ​ រួម​ទាំង​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ផង​ដែរ​។​

​លោក​ជំទាវ​ Shirin​ Sharmin​ Chaudhury​ មាន​សេចក្តី​ស​ង្ឃឹ​ង​ថា​ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​បាន​ពង្រឹងពង្រីក​បន្ថែម​ទៀត​។​ ជាមួយ​គ្នា​នេះ​ លោក​ជំទាវ​បាន​ស្នើ​ឱ្យ​មាន​ទំនាក់ទំនង​ និង​កិច្ច​សហ​ប្រ​តិ​ត្តិ​ការ​រវាង​សភា​នៃ​ប្រទេស​ទាំង​ពីរ​ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​។​

​លោក​ជំទាវ​ Shirin​ Sharmin​ Chaudhury​ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ ដែល​បាន​គាំទ្រ​សុន្ទរកថា​របស់​លោក​ជំទាវ​ ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០១៩​ ហើយ​លោក​ជំទាវ​សង្ឃឹមថា​ ខ្លឹមសារ​សុន្ទរកថា​នោះ​ នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​។​ ជាមួយ​គ្នា​នេះ​ លោក​ជំទាវ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ទំនាក់ទំនង​ មិត្តភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​បង់​ក្លា​ដេ​ស​ និង​ព្រឹទ្ធសភា​កម្ពុជា​ នឹង​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​។​ ឆ្លៀតឱកាស​នេះ​ លោក​ជំទាវ​បាន​អញ្ជើញសម្តេច​ប្រធាន​ព្រឹទ្ធសភា​ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​ នៅ​ពេលវេលា​សម​ស្រប​ណាមួយ​។​

​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​លោក​ជំទាវ​ ដែល​បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។​ សម្តេច​បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​និង​បង់​ក្លា​ដេ​ស​ ធ្លាប់​មានបទពិសោធន៍​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​ដូច​គ្នា​ កាលពី​អតីតកាល​។​ ដោយឡែក​ ព្រះរាជាណាចក្រ​កម្ពុជា​ ធ្លាប់​មានបទពិសោធន៍​ប្រកបដោយ​ជោគជ័យ​នៅ​ក្នុង​ដំណើរការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ ពិសេស​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ ឈ្នះ​ឈ្នះ​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ មានការ​ឯកភាព​ជាតិ​ បូរណភាព​ទឹកដី​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ហើយ​កត្តា​សន្តិភាព​នេះ​ បាន​ធ្វើ​ឱ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ដ៏​ឆាប់រហ័ស​ ដែល​មាន​កំណើនសេដ្ឋកិច្ច​ ជា​មធ្យម​ ៧%​ ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​នេះ​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ខ្លឹមសារ​សុន្ទរកថា​ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​របស់​លោក​ជំទាវ​ ដែល​រួម​វិភាគទាន​ដ៏​ថ្លៃថ្លា​ក្នុង​ការ​ផ្តល់​ទស្សនទាន​ដ៏​សំខាន់​ដល់​កិច្ចប្រជុំ​ ធ្វើការ​ត្រិះ​រិះ​ពិចារណា​ និង​ដាក់​បញ្ចូល​ក្នុង​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​រំលឹក​ថា​ ទំនាក់ទំនង​ការទូត​កម្ពុជា​-​បង់​ក្លា​ដេ​ស​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្នា​ព្រះ​ហស្ត​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ “​ព្រះ​បរម​រតន​កោដ្ឋ​”​ ជាមួយ​បិតា​ជាតិរ​បស់បង់​ក្លា​ដេ​ស​។​ ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំ​ពីរ​ ត្រូវ​បាន​ពង្រឹងពង្រីក​ជា​បន្តបន្ទាប់​ ក្នុង​គោលដៅ​ដើម្បី​គុណប្រយោជន៍​ដ៏​ឧត្តុ​ង​ឧត្តម​ សម្រាប់​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។​ ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​-​បង់​ក្លា​ដេ​ស​នេះ​ ស្តែង​ឡើង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ ថ្នាក់ដឹកនាំ​កំពូល​ជាន់ខ្ពស់​ ថ្នាក់ដឹកនាំ​ជាំ​នា​ញ​តាម​ក្រសួង​ ស្ថាប័ន​នានា​ ក៏​ដូច​ជា​ស្តែង​ឡើង​តាម​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​បញ្ជាក់​ថា​ ដើម្បី​ជា​សក្ខីភាព​នៃ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​រ​វា​ប្រជាជន​ និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ រដ្ឋាភិបាល​បង់​ក្លា​ដេ​ស​ សម្រេច​យក​យក​ព្រះ​បរម​នាម​របស់​ព្រះករុណា​ព្រះ​មហា​វីរៈក្សត្រ​ ព្រះ​វររាជ​បិតា​ជាតិខ្មែរ​ នរោត្តម​ សីហ​នុ​ "​ព្រះ​បរម​រតន​កោដ្ឋ​"​ ដាក់​ឈ្មោះ​ផ្លូវ​មួយ​នៅ​តំបន់​អគារ​ស្ថាប័នរដ្ឋ​ក្នុង​ទីក្រុង​ដា​កា​។​ ចំណែក​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​កំណត់​យក​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ ដែល​មាន​បណ្តោយ​ប្រវែង​១.៣១០​ម៉ែត្រ​ និង​ទទឹង​ប្រវែង​១៧​ម៉ែត្រ​ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ សម្រាប់​ដាក់​ឈ្មោះ​បិតា​ជាតិរ​បស់បង់​ក្លា​ដេ​ស​។​ ផ្លូវ​ទាំង​ពីរ​នេះ​ គ្រោង​នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០២០​ ខាង​មុខ​នេះ​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​គូសបញ្ជាក់​ថា​ ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក​ជំទាវ​នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ខែធ្នូ​ ឆ្នាំ​២០១៧​ កន្លង​មក​ ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ជា​ច្រើន​ ដើម្បី​ជំរុញ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ និង​មាន​លទ្ធផល​ជាក់ស្តែង​លើ​វិស័យ​នយោបាយ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ទេសចរណ៍​ វប្បធម៌​ និង​វិនិយោគ​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​ថ្លែង​អរគុណ​រដ្ឋាភិបាល​បង់​ក្លា​ដេ​ស​ ដែល​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ចំនួន​ ២០​នាក់​ ពី​ឆ្នាំ​២០០៨​ ដល់​២០១៧​ ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សកល​វិទ្យាល័យ​អាស៊ី​សម្រាប់​ស្ត្រី​ និង​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​រវាង​ក្រសួង​អប់រំ​កម្ពុជា​ ជាមួយនឹង​សាកលវិទ្យាល័យ​ អាស៊ី​សម្រាប់​ស្ត្រី​ ដោយ​សម្រេច​ផ្តល់​អាហារូបករណ៍​ក្នុង​មួយ​ឆ្នាំៗ​ ៥០​កន្លែង​ ដល់​និស្សិត​កម្ពុជា​។​

​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​-​សង្គមរ​បស់បង់​ក្លា​ដេ​ស​ និង​សូម​ប្រសិទ្ធពរ​ជូន​ប្រជាជន​បង់​ក្លា​ដេ​ស​ ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​ប្រទេស​កាន់តែ​ខ្លាំងក្លា​ មាន​វិបុលភាព​ វឌ្ឍនភាព​ និង​កិត្យានុភាព​នូវ​លើ​ឆាក​អន្តរជាតិ​ ក្នុង​ការ​រួមចំណែក​ជា​វិជ្ជមាន​ដល់​ការ​ធានា​សន្តិភាព​ ស្ថិរភាព​ និង​សន្តិសុខ​ក្នុង​តំបន់​ និង​អន្តរជាតិ​។​

​ក្នុង​នាម​ព្រឹទ្ធសភា​ និង​ក្នុង​នាម​សម្តេច​ផ្ទាល់​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា​ ព្រឹទ្ធសភា​កម្ពុជា​នឹង​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​ ដើម្បី​រួមចំណែក​យ៉ាង​ខ្លាំងក្លា​ និង​រឹង​មាំ​ថែម​ទៀត​ដល់​ការ​ពង្រឹង​ពង្រឹង​នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​។​ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​អញ្ជើញសម្តេច​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​សន្យា​ថា​ នឹង​រក​ពេលវេលា​សម​ស្រប​ណាមួយ​ ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រ​ទេ​បង់​ក្លា​ដេ​ស​។​

​សម្តេច​បាន​ប្រសិទ្ធពរ​ បវរ​មហាប្រសើរ​ ជូន​លោក​ជំទាវ​ និង​គណៈប្រតិភូ​ សូម​ទទួល​បាន​សុខភាព​ល្អ​ បរិបូរណ៍​ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ ប៉ា​ស៊ី​ហ្វី​ក​ប្រកបដោយ​ជោគជ័យ​ ៕

ចំនួនអ្នកទស្សនា

    20547287

  • ថ្ងៃនេះ3871
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82951
  • ខែនេះ104831
  • ឆ្នាំនេះ104831
  • សរុប20547287