សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​សម្ពោធ​ «​អគារ​ឥន្ទ្រ​ទេវី​ »​ របស់​រាជបណ្ឌិត្យសភាកម្ពុជា​

21-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​ ១០​រោច​ ខែកត្តិក​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ សម្ពោធ​ «​អគារ​ឥន្ទ្រ​ទេវី​»​ របស់​រាជបណ្ឌិត្យសភាកម្ពុជា​ រួម​ទាំង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការ​បង្កើត​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​ និង​ការ​ប្រគល់​សញ្ញាបត្រ​។​

​តាម​របាយការណ៍​របស់​ រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​បានអោយ​ដឹង​ថា​ អគារ​នេះ​មាន​កម្ពស់​បី​ជាន់​ ស្មើនឹង​១៨​ម៉ែត្រ​ មាន​បណ្ដោយ​ប្រវែង​៤០​ម៉ែត្រ​ ទទឹង​១៧​ម៉ែត្រ​។​ «​អគារ​ឥន្ទ្រ​ទេវី​»​ ជា​សមិទ្ធផល​ថ្មី​មួយ​សម្រាប់​រាជបណ្ឌិត្យសភាកម្ពុជា​ ដែល​ជា​កន្លែង​ប្រមូលផ្តុំ​ដោយ​ធនធាន​បញ្ញា​ សម្រាប់​បម្រើ​ការងារ​ជា​ឧត្តម​ប្រយោជន៍​ដល់​សង្គម​ជាតិ​។​ អគារ​នេះ​គឺជា​កន្លែង​បណ្តុះបណ្តាល​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ (​អនុ​បណ្ឌិត​)​ លើ​គ្រប់មុខ​ជំនាញ​,​ ជា​មជ្ឈមណ្ឌល​បកប្រែ​ភាសាបរទេស​ និង​ ជា​កន្លែង​ស្រាវជ្រាវ​ ប្រមូលផ្តុំ​បញ្ញវន្ត​ តាម​រយៈ​ការ​រៀបចំ​សិក្ខាសាលា​ សន្និសីទ​ និង​ កម្មវិធី​តុមូល​ផ្សេងៗ​ សម្រាប់​បញ្ញវន្ត​ធ្វើការ​វិភាគ​អំពី​បញ្ហា​សង្គម​ នយោបាយ​ សេដ្ឋកិច្ច​ បច្ចេកវិទ្យា​ទំនើបៗ​របស់​ពិភពលោក​ថ្មីៗ​ និង​ជាទី​បម្រើ​ដល់​បញ្ញវន្ត​ទាំង​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ពិត​និង​វិទ្យាសាស្ត្រ​សង្គម​ ដើម្បី​ឱ្យ​បញ្ញវន្ត​ទាំងឡាយ​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​សម្រាប់​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ «​អគារ​ឥន្ទ្រ​ទេវី​ »​ របស់​រាជបណ្ឌិត្យសភាកម្ពុជា​នា​ថ្ងៃនេះ​។​ សម្តេច​តេ​ជោ​បាន​មាន​ប្រសា​ន៍​ដោយ​ក្តី​មោទនភាព​ចំពោះ​វ​ឌ្ឍ​ភាព​ និង​បាន​អបអរសាទរ​ចំពោះ​ស​មិ​ទ្ឋ​ផល​ថ្មី​នៃ​អគារ​របស់​រាជ​បណ្ឌិតសភា​កម្ពុជា​សម្រាប់​បម្រើ​ការងារ​ និង​ជា​កន្លែង​ប្រមូល​ធនធានមនុស្ស​ដើម្បី​រួម​គ្នា​សិក្សា​ស្រាវជ្រាវ​កិច្ចការ​ផ្សេងៗ​ក្នុង​សង្គម​ជាតិ​។​

​ដើម្បី​បានដឹង​ជា​ប្រវត្តិ​ខ្លះៗ​អំពី​ទីតាំង​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ប្រាប់​ថា​ កន្លែង​រាជ​បណ្ឌិតសភា​កម្ពុជា​នេះ​ ពី​មុន​ជា​អ​ចនទ្រ​ព្យ​របស់​ គណៈបក្ស​ប្រជាជន​កម្ពុជា​ (​សាលា​នយោបាយ​)​ ដែល​គិត​រហូត​មក​ដល់​ពេល​នេះ​ គឺ​មាន​អាយុកាល​ប្រមាណ​ជា​៣០​ឆ្នាំទៅ​ហើយ​ ហើយពី​មុន​កន្លែង​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​នៃ​ខេត្តកណ្តាល​ទេ​ តែ​ក្រោយមក​ក៏​ត្រូវ​បាន​កាត់​ចូល​ក្រុងភ្នំពេញ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ជំរុញ​ដល់​អ្នក​ស្រាវ​ទាំងអស់​ត្រូវ​ខិតខំ​ស្រាវជ្រាវ​ទាំង​លក្ខណៈ​វិទ្យាសាស្ត្រ​ និង​សង្គម​សាស្ត្រ​ ដោយ​បើក​ទូលាយ​អោយ​មាន​កម្រិត​ស្រាវជ្រាវ​ទាំង​ក្នុង​ប្រទេស​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​ ដើម្បី​អោយ​យើង​បានដឹង​ពី​សភាពការណ៍​ខាងក្រៅ​ផង​ មិន​ត្រូវ​គិត​សិក្សា​ស្រាវជ្រាវ​តែ​ក្នុង​ប្រទេស​មួយ​មុខ​ប៉ុណ្ណោះ​។​

​ទាក់ទង​ទៅ​នឹង​ស្ថាប័ន​ស្រាវជ្រាវ​នេះ​ សម្តេច​តេ​ជោ​មាន​មាន​ប្រសាសន៍​ថា​ នៅ​ឆ្នាំ​១៩៩៧​ រាជរដ្ឋាភិបាល​ក៏​បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​មួយទៀត​ដែល​មាន​ឈ្នោះ​ថា​ CAP​ ដែល​ក្រុម​នេះ​មាន​តួនាទី​ស្រាវជ្រាវ​ផ្នែក​ចារកិច្ច​,​ ក្នុង​នោះ​យើង​ក៏​មាន​ក្រុម​ស្រាវជ្រាវ​របស់​ក្រសួង​ការ​បទេស​ និង​មួយទៀត​ជា​ក្រុម​ស្រាវជ្រាវ​នៃ​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ចជាតិ​ផង​ដែរ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ អំពី​កិច្ចការ​ដែល​យើង​ត្រូវ​សិក្សា​ស្រាវជ្រាវ​ គឺជា​រឿង​អ្វី​ដែល​ជា​កិច្ចការ​បន្ទាន់​ និង​មាន​ភាព​ចាំ​ចាច់​សំរាប់​ជា​ប្រយោជន៍​សង្គម​។​ ទន្ទឹម​នឹង​នោះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ចែករំលែក​អំពី​ការ​ស្រាវជ្រាវ​ផ្ទាល់​របស់​ សម្តេច​មុន​នឹង​ដាក់​នឹង​ចេញ​នូវ​នយោបាយ​ ឈ្នះ​-​ឈ្នះ​ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា​ ជា​ពិសេស​បញ្ចប់​សកម្មភាព​កងទ័ព​ប៉ុ​ល​ពត​ដើម្បី​អោយ​ពួក​គេ​បាន​វិល​ត្រឡប់​ចូល​មក​រួម​រស់នៅ​ក្នុង​សង្គម​ជាតិ​វិញ​ ដែល​ក្នុង​នោះ​ក្រោយ​ពី​បាន​សិក្សា​ស្រាវជ្រាវ​អំពី​ព័ត៌មាន​ទាំងឡាយ​ដែល​សម្តេច​តេ​ជោ​ទទួល​បាន​រួច​ហើយ​ គឺ​សម្តេច​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដែល​មាន​បី​ចំណុច​សំខាន់ៗ​ដូច​ជា​ ៖

១)​ ធានា​អាយុជីវិត​ប្រជាជន​មិន​អោយ​មានការ​ធ្វើ​ទុក្ខទោស​អ្វី​ឡើយ​

២)​ ធានា​រក្សា​ការងារ​តួនាទី​មុខ​តំណែង​ដែល​ពួ​គេ​មាន​ពី​មុន​

៣)​ ធានា​ការ​ការពារ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​មិន​អោយ​មានការ​បាត់បង់​

​ដែល​កម្ពុជា​បាន​ធ្វើការ​បង្រួបបង្រួម​ជាតិ​ចុង​ក្រោយ​ បញ្ចប់សង្គ្រាម​ ហើយ​បាន​នាំ​មក​នូវ​សុខ​សន្តិភាព​ពេញលេញ​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល​មក​ទល់​សព្វ​ថ្ងៃនេះ​ដែល​មាន​រយៈពេល​ជាង​ ២០​ឆ្នាំ​មក​ហើយ​ (១៩៩៨-២០១៩)​។​

​ចំពោះ​គុណ​តម្លៃ​នៃ​អគារ​ថ្មី​នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ នឹង​បាន​ចូលរួម​ចំណែក​បម្រើ​វិស័យ​អប់រំ​ និង​ការ​សិក្សា​ស្រាវ​ដ៏​សំខាន់​សម្រាប់​សង្គម​ជាតិ​យើង​។​ សម្តេច​តេ​ជោ​ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​រាជ​បណ្ឌិតសភា​កម្ពុជា​ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ និង​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ផ្តល់​កិត្តិយស​បំពាក់​គោរមងារ​កិត្តិយស​ និង​ប្រគល់​សញ្ញាបត្រ​ ដល់​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ​ និង​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ ហើយ​បន្ទាប់​មក​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ «​អគារ​ឥន្ទ្រ​ទេវី​ »​ របស់​រាជបណ្ឌិត្យសភាកម្ពុជា​ ចាប់ពី​ពេល​នេះ​តទៅ​៕​

 

ចំនួនអ្នកទស្សនា

    20547027

  • ថ្ងៃនេះ3611
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82691
  • ខែនេះ104571
  • ឆ្នាំនេះ104571
  • សរុប20547027