ភ្នំពេញ៖ គ្រួសារនគរបាលដែលទទួលមរណៈបានរំភើបនិងស្រក់ទឹកភ្នែកនៅពេលឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត លើកឡើងពីការយកចិត្តទុកដាក់និងមិនបោះបង់ឡើយចំពោះគ្រួសារនគរបាលដែលមរណៈខិតខំទ្រទ្រង់ដើម្បីតបស្នងនូវអ្វីដែលជាវីរភាពរបស់មន្ត្រីនគរបាលបំរើជាតិនិងមាតុភូមិ និងចូលរួមរក្សាសុវត្ថិភាពសង្គម។ថវិកា៦៤លានរៀលរបស់សមាគមន៍មិត្តនគរបាលជាតិផ្តល់ជូនគ្រួសារនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១២គ្រួសារដែលទទួលមរណៈដោយរោគាពាធ និងមន្ត្រីនគរបាលមរណៈនៅពេលបំពេញភារកិច្ច ដើម្បីយកថវិកាទាំងនោះទៅចាត់ចែងដោះស្រាយការលំបាកក្នុងជីវភាព។ការផ្តល់ជូនថវិកាធ្វើឡើងក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយគ្រួសារនគរបាលមរណៈទាំង១២គ្រួសារ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះថា លោក សូមចូលរួមរំលែកទុក្ខនិងសោកស្តាយនូវការបាត់បង់មន្ត្រីនគរបាលដែលមានស្នាដៃល្អនិងលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតជាតិនិងមាតុភូមិក្នុងនោះពួកគាត់ក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានាំប្រទេសជាតិទទួលបាននូវការអភិវឌ្ឍន៍ សុខសន្តិភាព ស្ថិរភាព សុវត្ថិភាពសង្គម។
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ទៅកាន់គ្រួសារនគរបាលនោះទៀតថាក្នុងនាមប្រធានអង្គភាព ក៏ដូចជាក្រសួងស្ថាប័នទោះបីពួកគាត់មន្ត្រីនគរបាលបានទទួលមរណៈទៅហើយនោះក្តី ប៉ុន្តែយើងមិនត្រូវបោះបង់និងបំភ្លេចនូវវីរភាពអង់អាចមុះមុតរបស់ពួកគាត់និងក្រុមគ្រួសារនោះឡើយ។ជាពិសេសបន្តជួយលើកទឹកចិត្តផ្គត់ផ្គង់ទ្រងទ្រង់ជីវភាពគ្រួសាររបស់គាត់ដែលកំពុងរស់នៅធ្វើយ៉ាងណាឱ្យពួកគាត់មានក្តីសង្ឃឹមនិងមានភាពកក់ក្តៅបន្តបំពេញភារកិច្ច ប្រកបមុខរបរចិញ្ចឹមជីវិតតទៅមុខទៀត។
ឯកឧត្តម ក៏បានលើកឡើងទៀតថា ថវិកាដែលបងប្អូនទទួលបាននូវពេលនេះជាថវិការបស់សមាគមន៍មិត្តនគរបាលជាតិក្នុងម្នាក់ទទួលបាន៦លានរៀល។ប៉ុន្តែគ្រួសារមន្ត្រីនគរបាលដែលទទួលមរណៈនិងទទួលបានប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល២លើកបន្ថែមទៀត ដែលជាការគិតគូរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីចូលរួមដោះស្រាយជីវភាពរបស់បងប្អូន។
សូមបញ្ជាក់ថាគ្រួសារនគរបាល១២គ្រួសារដែលមកទទួលថវិកាសមាគមន៍មិត្តនគរបាលជាតិក្នុងនោះ១០គ្រួសារជាគ្រួសារមន្ត្រីចូលនិវត្តន៍និងមន្ត្រីនគរបាលបំពេញភារកិច្ចទទួលមរណៈ ក្នុង១គ្រួសារទទួលបាន៦លានរៀលចំណែក២គ្រួសារទៀតទទួលបាន១គ្រួសារ២លានរៀលគឺជាគ្រួសារមន្ត្រីនគរបាលដែលភរិយាទទួលមរណៈ៕