សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អនុញ្ញាត​ឱ្យ​ឯកឧត្តម​ អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឡាវ​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​

21-November-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១០​រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ Thongchanh​ Manixay​ អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឡាវ​ ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ស្វាគមន៍​ សម្ដេច​ក្រឡាហោម​ បាន​ថ្លែង​អបអរសាទរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​ឡាវ​ ដែល​ក៏​មាន​សមត្ថកិច្ច​ដឹកនាំ​គ្រប់គ្រង​កិច្ចការ​ធម្មការ​ និង​សា​សា​នៃ​ប្រទេស​ឡាវ​ និង​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អជា​មួយ​ក្រសួង​ធម្មការ​ និង​សា​សា​នា​កម្ពុជា​។​

​ដំណើរ​ទស្សនកិច្ច​នេះ​ ត្រូវ​បាន​សម្ដេច​ចាត់ទុកជា​ការ​ចូលរួម​ជំរុញ​ និង​លើកកម្ពស់​បន្ថែម​ទៀត​ដល់​ទំនាក់ទំនង​រវាង​ក្រសួង​នៃ​ប្រទេស​ទាំង​ពីរ​ ក្នុង​នោះ​ក៏​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ផ្នែក​សាសនា​ជា​កិច្ចការ​ស្នូល​ដែល​ប្រទេស​ទាំង​ពីរ​មាន​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​អ្នក​កាន់​ព្រះ​ពុទ្ធា​សនា​។​

​សម្ដេច​ក្រឡាហោម​ ក៏​បាន​លើក​ឡើង​អំពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​ធ្លាប់​ឆ្លងកាត់​បទ​ពិសោធន៍​ប្រហាក់ប្រហែល​គ្នា​ ក្នុង​នោះ​ក៏​ធ្លាប់​មាន​ប្រវត្តិ​រួម​គ្នា​តស៊ូ​ប្រឆាំង​នឹង​អាណានិគម​ន៍​របស់​ខ្លួន​ រហូត​សម្រេច​បាន​សមិទ្ធផល​ជា​បន្តបន្ទាប់​ដូច​បច្ចុប្បន្ន​នេះ​។​

សម្ដេច​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​ទោះបីជា​កន្លង​មកនេះ​ ប្រទេស​យើង​ទាំង​ពីរ​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ខ្លះៗ​ ក៏​ប៉ុន្តែ​សម្ដេច​ក៏​សូម​អបអរសាទរ​ចំពោះ​ថ្នាក់ដឹកនាំ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ដែល​ប្រកាន់​យក​នូវ​ឆន្ទៈ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ដោយ​ឈរ​លើ​គោលការណ៍​សន្តិ​ផា​ព​ និង​មិត្តភាព​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​ថ្លែង​អបអរសាទរ​ដែរ​ ថា​មិន​ត្រឹមតែ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​ប៉ុណ្ណេះ​ទេ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ ឡាវ​ ក៏​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ល្អ​ប្រសើរ​ដែរ​។​

​សម្ដេច​ក៏​បាន​បញ្ជាក់​ជូន​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ឡាវ​ដែរ​ថា​ក្រសួងមហាផ្ទៃ​កម្ពុជា​ មាន​ភារកិច្ច​ធំៗ​ពីរ​ គឺ​ទី​មួយ​ជួយ​គាំទ្រ​ដល់​ការងារ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​ថ្នាក់​ក្រោម​ជាតិ​ និង​ទី​ពីរ​ទទួលខុសត្រូវ​លើ​ការងារ​សន្តិសុខ​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​កិច្ច​ការងារ​របស់​នគរបាល​ផ្ទាល់​តែ​ម្ដង​។​

​សម្ដេច​ក៏​បាន​រំលឹក​ដែរ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​បង្កើត​ក្រសួង​ធម្មការ​ និង​សាសនា​ គឺ​ដោយសារ​តែ​កម្ពុជា​បាន​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ ធ្វើ​ឲ្យ​វិស័យ​សាសនា​នៅ​កម្ពុជា​ ត្រូវ​បាន​បំភ្លេច​បំផ្លាញ​ចោល​ទាំងស្រុង​ ដូច្នេះ​ហើយ​ទើប​បានជា​រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ស្ថាប័ន​នេះ​ឡើង​ដើម្បី​ធ្វើ​គាំទ្រ​ និង​ជំរុញ​ការ​ស្ដារ​ឡើង​វិញ​នូវ​វិស័យ​នេះ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​បង្ហាញ​ភាព​រីករាយ​ចំពោះ​សន្ទុះ​នៃ​ការ​ស្ដារ​ឡើង​វិញ​បាន​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​សាសនា​នៅ​កម្ពុជា​ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​ព្រះសង្ឃ​ជាង​៧​ម៉ឺន​អង្គ​ មាន​វត្ត​អារាម​ជាង​៥​ពាន់​ ទូ​ទាំង​ប្រទេស​ ដែល​នេះ​គឺជា​ការ​រួមចំណែក​មួយ​ដែរ​ពី​ពុទ្ធបរិស័ទ​ និង​សប្បុរសជន​។​

​សម្ដេច​បាន​បន្ត​ថា​នៅ​កម្ពុជា​ ក្រៅពី​ព្រះពុទ្ធ​សាសនា​ ក៏​មាន​សាសនា​ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​ពលរដ្ឋ​មាន​ជំនឿ​ និង​គោរព​ប្រតិបត្តិ​ដែរ​ ដូច​ជា​សាសនា​គ្រឹះ​ និង​សាសនា​ម៉ូ​ស្លី​ម​ជាដើម​ ហើយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏​លើកទឹកចិត្ត​ និង​បើក​ទូលាយ​ដល់​ការ​គោរព​បដិបត្តិ​ជំនឿ​សាសនា​របស់​ប្រជាពលរដ្ឋ​ដែរ​។​

​សម្ដេច​ក៏​បាន​បន្ថែម​ថា​ក្រៅពី​ទំនាក់ទំនង​រវាង​ក្រសួងមហាផ្ទៃ​ឡាវ​ ជាមួយ​ក្រសួង​ធម្មការ​ និង​សាសនា​កម្ពុជា​ សម្ដេច​ក៏​បាន​លើកទឹកចិត្ត​ឲ្យ​ក្រសួងមហាផ្ទៃ​ឡាវ​ ពិនិត្យ​លទ្ធភាព​បង្កើត​កិច្ច​សហប្រតិបត្តិការ​ណាមួយ​ជាមួយ​ក្រសួងមហាផ្ទៃ​កម្ពុជា​ ដោយ​សម្ដេច​បាន​បង្ហាញ​រីករាយ​ពិនិត្យ​ពិចារណា​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នោះ​។​

​ជា​ការ​ឆ្លើយ​តប​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឡាវ​ បាន​ជំរាប​ជូន​សម្ដេច​ក្រឡាហោម​ថា​ ឡាវ​ទើបតែ​បង្កើត​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ​២០១១​ទេ​ ក្នុង​នោះ​ក្រសួង​នេះ​បាន​ទទួល​កិច្ចការ​មួយ​ចំនួន​ ដូច​ជា​ការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ ការងារ​អង្គការ​មូលនិធិ​ និង​កិច្ចការ​ពាក់ព័ន្ធ​នឹង​សាសនា​។​

​ឯកឧត្តម​ក៏​បាន​ឯកភាព​ចំពោះ​ប្រសាសន៍​លើក​ឡើង​របស់​សម្ដេច​ អំពី​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​មាន​ប្រវត្តិ​ប្រហាក់ប្រហែល​គ្នា​ ហើយ​ប្រទេស​ទាំង​ពីរ​មាន​មូលដ្ឋាន​គ្រឹះ​ព្រះពុទ្ធ​សាសនា​ដូច​គ្នា​។​

​ហើយ​ឯកឧត្តម​ក៏​មាន​សេចក្ដី​សង្ឃឹម​ជឿជាក់​ថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​រវាង​ស្ថាប័ន​ក្រសួងមហាផ្ទៃ​ឡាវ​ និង​ក្រសួង​ធម្មការ​ និង​សាសនា​កម្ពុជា​ នឹង​កាន់តែ​មាន​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់​ទៀត​។​

ឯកឧត្តម​ក៏​បាន​ឯកភាព​ចំពោះ​ការ​ប្រកាន់​យក​គោលការណ៍​ប្រកបដោយ​សន្តិភាព​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ឈរ​លើ​គោលការណ៍​មិត្តភាព​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ទំនាក់ទំនង​ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សុខ​សន្តិភាព​។​

​ឯក​ឧត្ត​ក៏​បាន​ជំរាប​សម្ដេច​ក្រឡាហោម​ដែរ​ថា​នៅ​ប្រទេស​ឡាវ​ក៏​មាន​ស្ថានភាព​ប្រហាក់ប្រហែល​គ្នា​ដែរ​ ដោយ​ភាគច្រើន​មាន​ប្រជាពលរដ្ឋ​គោរព​ព្រះពុទ្ធ​សាសនា​ ហើយ​រដ្ឋធម្មនុញ្ញ​ក៏​បាន​បើក​សិទ្ធិ​ទូលាយ​ជូន​ពលរដ្ឋ​ក្នុង​ជំនឿ​សាសនា​ផ្សេងៗ​ ក្រៅពី​ព្រះពុទ្ធ​សាសនា​ដែរ​។​

​ឯកឧត្តម​ក៏​បាន​កោតសរសើរ​ រាជរដ្ឋាភិបាល​ និង​ក្រសួង​ធម្មការ​ និង​សា​សា​នា​កម្ពុជា​ ដែល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​យ៉ាង​ល្អ​ ធ្វើ​យ៉ាងណា​ឲ្យ​សាសនា​ចម្រុះ​នៅ​កម្ពុជា​ បាន​រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​សុខដុម​ក្នុង​សង្គម​ និង​រួម​គ្នា​ក៏​សាង​សង្គម​ជាតិ​។​

ឯកឧត្តម​បាន​រំលឹក​ឡើង​វិញ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ​ មក​កាន់​កម្ពុជា​កាលពី​ខែកញ្ញា​កន្លង​ទៅ​ ដែល​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​ទទួល​កិច្ចការ​សាសនា​ប្រទេស​ទាំង​ពីរ​បន្ត​លើកកម្ពស់​ទំនាក់ទំនង​ក្នុង​ការងារ​សាសនា​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​។​

​ជា​ចុងបញ្ចប់​ឯកឧត្តម​បាន​ឯកភាព​ និង​ពិនិត្យ​មើល​វិស័យ​ពាក់ព័ន្ធ​នានា​ ដែល​ស្ថិត​ក្រោម​ក្រសួងមហាផ្ទៃ​ឡាវ​ ដើម្បី​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងមហាផ្ទៃ​កម្ពុជា​ ហើយ​ឯកឧត្តម​សូម​ជូនពរ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាព​រីក​ចំរើន​ស្ថិតស្ថេរ​ជា​និច្ច​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ និង​លើកកម្ពស់​ជិ​វ​ភាព​រស់នៅ​របស់​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​៕


ចំនួនអ្នកទស្សនា

    20547107

  • ថ្ងៃនេះ3691
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82771
  • ខែនេះ104651
  • ឆ្នាំនេះ104651
  • សរុប20547107