កំពង់ធំ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៩និង២០នាទី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានត្រួតពិនិត្យកងកម្លាំងដែលប្រចាំ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ដោយមានការអញ្ជើញចូលរួម លោក លោកស្រី នាយ នាយរងការិយាល័យ និងមន្ត្រីននគរបាលចំណុះឲ្យការិយាល័យជំនាញ ចូលរួមប្រមាណ ជាង២០០នាក់។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានមតិលើកឡើងថ្ងៃនេះ ក៏ដូចជា ថ្ងៃសព្វមួយដង ដែលកងកម្លាំង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ តែងតែប្រមូលផ្តុំប្រជុំជួរ ដើម្បីត្រួតពិនិត្យវត្តមានរបស់កងកម្លាំង ដែលបានមកបំពេញភារកិច្ច និងប្រចាំការ ជារៀងរាល់ថ្ងៃ ហើយព្រឹកថ្ងៃនេះ កងកម្លាំងយើងមានការថមថយមួយចំនួន គឺដោយសារ កងកម្លាំង បានចេញទៅបំពេញ បេសកកម្ម ការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវជាតិ អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ចូលរួមព្រះរាជពិធីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសំណេះសំណាលសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយដ៍ថ្លៃថ្លាបំផុត ដល់ប្រជារាស្ត្រ ដែលមានជីវភាពក្រីក្រ ភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បន្តមានមតិ ការប្រជុំជួរគ្រប់ពេលវេលាជារៀងរាល់ថ្ងៃនេះដែរគឺដើម្បីត្រៀមខ្លួនរួចជាស្រេច រង់ចាំអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំក្នុងការបំពេញបេសកកម្មការពារចំនុចខ្ពស់ និងចុះអន្តរាគមន៍ នៅតាមបណ្ដាគោលដៅសំខាន់ៗ តាមមូលដ្ឋានទាំង៨១ ឃុំ-សង្កាត់ទូទាំងខេត្តកំពង់ធំដើម្បីថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព ជូនសង្គមជាតិ ៕