សៀមរាប៖ កម្លាំងសមត្ថកិច្ច នៃការិយាល័យប្រឆាំងការជួញដូរ និងការពារអានីតិជន បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃន ឡោះ ភេទប្រុស អាយុ២៨ឆ្នាំ ពីបទ រំលោភសេពសន្ថវៈ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថាកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅឡឥដ្ឋ ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជនសង្ស័យជាកម្មករឡឥដ្ឋ ហើយស្នាក់នៅកន្លែងឡឥដ្ឋទាំងគ្រួសារ និងយកប្អូនស្រីឈ្មោះ យ.យ អាយុ១៧ឆ្នាំ ជាជនរងគ្រោះទៅធ្វើជាកម្មករបោះឥដ្ឋដែរ ហើយពេលបានកម្រៃពីការបោះឥដ្ឋ ត្រូវបងថ្លៃយកទាំងអស់ឲ្យតែបាយហូបប៉ុណ្ណោះ។
ពេលយប់ដេកមុងរួមគ្នាទាំងគ្រួសារ ហើយត្រូវបងថ្លៃយកកូនកាំបិតគម្រាម និងចាប់រំលោភបានសម្រេចចំនួន ០៤ដង ហើយបងស្រីបង្កើតរបស់ជនរងគ្រោះក៏ដឹងដែរ តែមិនហ៊ាននិយាយព្រោះខ្លាចប្តីធ្វើបាប។
ក្រោយមកកម្លាំងសមត្ថកិច្ចជំនាញក៏បានចុះស៊ើបអង្កេតរកការកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ តាមបណ្តាអាជីវកម្មឡឥដ្ឋ ហើយបានជួបជនរងគ្រោះរៀបរាប់រឿងហេតុនេះ។
បន្ទាប់មក សមត្ថកិច្ចក៏បានយកជនរងគ្រោះមកសម្ភាសន៍ និងបញ្ជូនទៅធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានលទ្ធិផលវិជ្ជមាន ទើបសមត្ថកិច្ចសុំការអនុញ្ញាតពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមតុលាការខេត្តសៀមរាប ដើម្បីបើកការស៊ើបអង្កេត និងសាកសួរ។ តាមរយៈការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសនេះមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធីបន្ត ចំណែកជនរងគ្រោះសមត្ថកិច្ចបានបញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្តសៀមរាប ៕