សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ស្នើ​សុំ​ឲ្យ​ពង្រឹងគុណភាព​កម្រិត​ថ្នាក់បណ្ឌិត​

21-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ក្នុង​ឱកាស​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ “​អគារ​ឥន្ទ្រ​ទេវី​”​ របស់​រាជបណ្ឌិត្យសភាកម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​បង្ហាញ​អំពី​ក្តី​បារម្ភ​ទៅ​លើ​ចំនួន​បេក្ខជន​ជា​”​បណ្ឌិត​”​ដែល​មាន​ច្រើន​ហួស​ សរុប​ទាំង​ចាស់​ និង​ថ្មី​ មាន​ប្រមាណ​ជាង​ ៦០០​ នាក់​ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ អាច​ចាត់​ថា​ជា​ប្រទេស​ដែល​មាន​ចំនួន​ “​ បណ្ឌិត​”​ ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក​ បើ​ប្រៀបធៀប​នឹង​ចំនួន​អត្រា​ប្រជាពលរដ្ឋ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ការ​ទទួល​បាន​ងារ​ជា​ “​ បណ្ឌិត​”​ តែ​គ្មាន​ចំណេះដឹង​ និង​សមត្ថភាព​ពិតប្រាកដ​ គឺជា​ក្តី​បារម្ភ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ជាតិ​។​ ទន្ទឹម​នឹង​នោះ​ដែរ​ សម្តេច​តេ​ជោ​ក៏​បាន​មាន​ស​ប្រសាសន៍​ចំពោះ​អ្នក​ដែល​គ្មាន​សញ្ញាបត្រ​បណ្ឌិត​ តែ​បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍​ និង​ចំណេះដឹង​ពិតប្រាកដ​បន្ថែម​ គឺ​ត្រូវ​មានការ​ទទួលស្គាល់​ និង​លើកទឹកចិត្ត​។​

​ដើម្បី​ពង្រឹងគុណភាព​កម្រិត​ “​បណ្ឌិត​”​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​រាជបណ្ឌិត្យសភា​ត្រូវ​តែ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​នូវ​គុណភាព​បេក្ខជន​ដែល​ត្រូវ​បញ្ចប់​ថ្នាក់បណ្ឌិត​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​។​ ចំពោះ​អ្នក​ណែនាំ​និក្ខេបបទ​ត្រូវ​មាន​សមត្ថភាព​និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​មុន​នឹង​ក្លាយជា​អ្នក​ណែនាំ​ធ្វើ​និក្ខេប​ទ​ដល់​បក្ខជន​នីមួយៗ​។​ ជាមួយ​គ្នា​នេះ​ដែរ​ សម្តេច​តេ​ជោ​ បាន​ស្នើ​ឲ្យ​រាជបណ្ឌិត្យសភា​ត្រូវ​តែ​ពង្រឹង​ និង​បង្កើន​សមត្ថភាព​ចំពោះ​ក្រុមប្រឹក្សា​ការពារ​និក្ខេបបទ​ ហើយ​ត្រូវ​ពង្រឹងគុណភាព​នៃ​ការ​បោះ​ឆ្នោត​ជា​សំងាត់​ដើម្បី​ធានា​ថា​ បេក្ខជន​នីមួយៗ​ពិតជា​មានចំណេះ​ដឹង​ និង​សមត្ថភាព​ច្បាស់លាស់​ អាច​ជាប់​និង​ក្លាយជា​ “​ បណ្ឌិត​”​ បាន​ពិតប្រាកដ​មែន​៕​

 

ចំនួនអ្នកទស្សនា

    20546067

  • ថ្ងៃនេះ2651
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81731
  • ខែនេះ103611
  • ឆ្នាំនេះ103611
  • សរុប20546067