ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកឡើងថា៖ប្រទេសដែលសម្បូរអ្នកចេះដឹងជាប្រទេសជឿនលឿននិងមានការអភិវឌ្ឍ ហើយក៏គ្មានប្រទេសណាមួយអាចរីកចម្រើនលូតលាស់ទៅបានដោយគ្មានធនធានមនុស្សនោះទេ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល អន្ដរាគមន៍»ជំនាន់ទី០១និងប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជានាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ នៅសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាម ខេត្តកំពង់ស្ពឺ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្ថែមអោយដឹងថាដូចគ្នានេះដែរ ដើម្បីឱ្យស្ថាប័នមួយរឹងមាំនិងរីកចម្រើនបានលុះត្រាតែស្ថាប័ននោះមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់បម្រើការងារតាមតម្រូវការរបស់ស្ថាប័ន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មុំ មុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាមថ្លែងក្នុងពិធីប្រកាសតាំងស៊ប់អោយដឹងថា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម មានតួរនាទីយ៉ាងសំខាន់ ធ្វើជាសេនាធិការជូនអគ្គស្នងការដ្ឋាននគរបាលជាតិ លើការកសាងផែនការបណ្តុះបណ្តាល បំពាក់បំប៉នមុខជំនាញជូនដល់កងកម្លាំងនគរបាលជាតិ ឯកឧត្តម បន្តអោយដឹងថាគិតមកដល់ពេលនេះ សាលាបានបើកវគ្គបំប៉ននូវមុខជំនាញជូនកងកម្លាំងនគរបាលជាតិទូទាំងប្រទេស សរុបចំនួន១៩វគ្គ មានសិក្ខាកាមសរុបចំនួន២៤១៥នាក់ ស្រី១០៣នាក់ផងដែរ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល-អន្តរាគមន៍ ដែលមានរយៈពេល៤ខែ មានសិក្ខាកាមមកពីនាយកដ្ឋានផ្សេងៗសរុបចំនួន២៦១នាក់ ស្រី០៥នាក់ ចូលរួមធ្វើការហ្វឹកហាត់ ដោយចាប់ផ្តើមដំណើរការពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី២១ខែ វិច្ឆិកា ឆ្នាំ២០១៩ ដែលរួមមានយុទ្ធវិធីផ្សេងៗដូចជា៖ បច្ចេកទេសប្រើប្រាស់អាវុធវែង-ខ្លីបច្ចេកទេសត្រួតពិនិត្យឆែកឆេរចល័តតាមអគារ បច្ចេកទេសត្រួតពិនិត្យឆែកឆេរចាប់ជនល្មើសវាយខ្នោះ បច្ចេកទេសរំដោះចំណាប់ខ្មាំងតាមរថយន្តក្រុង យុទ្ធវិធីឆ្លងកាត់ឧបស័គ្គ (មាន១០ឧបស័គ្គ)របៀបចងខ្សែជួយសង្គ្រោះជនរងគ្រោះ របៀបជួយសង្គ្រោះជនរងគ្រោះ (បឋម, ធ្លាក់ក្នុងជ្រលងភ្នំ, លង់ទឹក, ឆក់ខ្សែភ្លើង) មេរៀនពិនិត្យភូមិសាស្ត្រ និងដើរល្បាតការពារគោលដៅលំហាត់ហ្វឹកហ្វឺនតម្រង់អាវុធ AK 47 និង CF98៕