កណ្ដាល៖ នគរបាលស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅវេលាម៉ោង១៣និង២៥នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិខាងជើង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ដ្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនឈ្មោះ ទែន រិនដា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១៣កញ្ចប់ (១កញ្ចប់ធំ,២កញ្ចប់មធ្យម និង១០កញ្ចប់តូច) ,ទូរស័ព្ទដៃ១គ្រឿង និងសំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀងផងដែរ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ កម្លាំងនគរបាលផ្នែកជំនាញស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រមៀត បានធ្វើការល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីការពារសន្ដិសុខជូនប្រជាពលរដ្ឋ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបានឃើញជនសង្ស័យ ភ្លាមនោះក៏ធ្វើការសួរនាំ និងឆែកឆេរ បានរកឃើញថ្នាំញៀន១២កញ្ចប់តូចនៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ រួចក៏ធ្វើការឃាត់ខ្លួនមកកាន់អធិការដ្ឋានតែម្តង។
ក្រោយពីធ្វើការសួរនាំរួចជនសង្សយ័បានសារភាពថា ខ្លួនបានលាក់ទុកថ្នាំញៀនមួយកញ្ចប់ធំទៀតនៅក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន ភ្លាមនោះសមត្ថកិច្ចក៏ឲ្យជនសង្ស័យទៅយកបានមួយកញ្ចប់ធំទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពទៀតថា ថ្នាំញៀនចំនួន១៣កញ្ចប់នេះ ជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីជនសង្សយ័ម្នាក់នៅម្តុំ KTV ឌីយ៉ាម៉ង់ផាលេស ក្រុងតាខ្មៅ ក្នុងតម្លៃ៦០០,០០០រៀល ៕